បញ្ហា​ជំងឺ​កូ​វីដ19 ធ្វើឱ្យមាន​ប្រទេស មួយ​ចំនួន​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច

បញ្ហា​ជំងឺ​កូ​វីដ19 ធ្វើឱ្យមាន​ប្រទេស មួយ​ចំនួន​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច

ស្ថិតក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ ជំងឺ​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ កូ​រ៉ូ​ណា(COVID-19) បានធ្វើឱ្យ មានការ​ប្រឈម​ដ៏​ធំ​មួយទៀត ក្នុងចំណោម​បញ្ហា​ប្រឈមដែលមាន​សម្រាប់​ប្រទេស​ក្នុង​សកលលោក ពិសេស​សង្គ្រាម​ពាណិជ្ជកម្ម និងការ​អន់ថយ​នៃ​កំណើនសេដ្ឋកិច្ច។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ2020 នៅ​វិមាន​សន្តិភាព សម្តេច​តេ​ជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​គូសបញ្ជាក់ថា ​ជំងឺកូ​វីដ19 (COVID-19) បានធ្វើឱ្យ​ប្រទេសមួយ​ចំនួន​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ផងដែរ។

“ផលប៉ះពាល់​ជំងឺ COVID -19 បាន​មកដល់​មិនអាច​ព្យាករ ទុក​មុន​បាន​អំពី​ទំហំ​របស់​វា ហើយ​កំពុង​បង្កឱ្យមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដល់​សេដ្ឋកិច្ច​ប្រទេស​នានា​នៅក្នុង​តំបន់​អាស៊ី និង​អាច​រុញច្រាន​ឱ្យ​ប្រទេស​មួយចំនួន​ធ្លាក់​ក្នុង​វិបត្តិ។ ប្រការនេះ​បាន​បង្កើតឱ្យមាន​ការព្រួយបារម្ភ ចំពោះ​និយោជក​ផងដែរ”។ នេះ​បើតាម​ប្រសាសន៍​សម្តេច​តេ​ជា។

សម្តេច​តេ​ជោ ​ហ៊ុន សែន​ បាន​មានប្រសាសន៍​បន្ថែមថា ៖“រដ្ឋាភិបាល​នៃ​ប្រទេស​ជាច្រើន​បានដាក់​ចេញ​នូវ​វិធានការ​ជាច្រើន ដើម្បី​ធ្វើការ​ស្រោចស្រង់ ក្នុង​គោលបំណង កាត់បន្ថយ​ផលប៉ះពាល់ និង​គាំទ្រលើកស្ទួយ​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់។ ទន្ទឹមនេះជំងឺ​កូ​វីដ19​នេះ​ បានធ្វើឱ្យ​ប៉ះពាល់ដល់វិស័យសំខាន់ៗនៃ​សេដ្ឋកិច្ចកម្ពុជា​ផងដែរ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បញ្ជាក់ថា៖ “វិស័យ​2​របស់​កម្ពុជា​ដែល​រង​ផល​ប៉ះ ពាល់​ធ្ងន់​ជាង គេ​គឺ1-វិស័យ​ទេសចរណ៍ ដោយសារ​អ្នកទេសចរ​ភ័យ​លែង​ហាន​ធ្វើដំណើរ​កម្សាន្ត និង​ទី2-វិស័យ​កាត់ដេរ ដោយសារ​ខ្វះ​វត្ថុធាតុដើម បិទ​រោងចក្រ​មួយចំនួន នៅ​ប្រទេស​ចិន​មិនទាន់​ដំណើរការ​ឡើងវិញជា​ប្រក្រតី”។

យោងតាម​ការផ្សព្វផ្សាយ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាន់ខ្ពស់​អាស៊ាន លើក​ទី19 នៅ​ទីក្រុង​ហាណូយប្រទេស​វៀតណាម ថ្ងៃទី22 ខែកុម្ភៈ ឆ្នាំ2020កន្លងមកនេះ ឱ្យដឹងថា ការឆ្លើយតប​នឹង​ផលប៉ះពាល់​នេះ គោលនយោបាយ​មួយចំនួន​ត្រូវ បានលើកឡើង ដូចជា ការរក្សា​ឱ្យបាននូវ​កម្រិត​អតិផរណា ការបង្កើន​ការចំណាយ​របស់​រដ្ឋាភិបាល ធ្វើឱ្យ​ប្រសើរឡើង​នូវ​កម្លាំង​ពលកម្ម​និងបច្ចេកវិទ្យា ការផ្តល់​ហិរញ្ញប្បទាន​ចំពោះ​ការ ចំណាយ​ទប់ទល់​នឹង​ការរីក​រាលដាល​នៃ​មេរោគ​នេះ បង្កើន​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការតភ្ជាប់​ក្នុង​តំបន់​អាស៊ាន​ជាដើម។

កំណើនសេដ្ឋកិច្ច​អាស៊ាន​ត្រូវបាន​ព្យាករ​ថា អាច​នឹង​ថមថយ​ពី 4.9% ក្នុង​ឆ្នាំ 2019 មក​ត្រឹម4.5% នៅ​ឆ្នាំ2020 ដោយសារ​ការរីក​រាល​ដាល​នៃ​មេរោគ​កូ​រ៉ូ​ណា (COVID-19) ដែល​អាចមាន​ហានិភ័យ​ចំពោះ​សេដ្ឋកិច្ច​ក្នុង​តំបន់​រយៈពេល​មធ្យម និង​ជះឥទ្ធិពល​ខ្លាំង លើ​ផ្នែក​សេវា ការវិនិយោគ និង​ការប្រើប្រាស់​របស់​ប្រជាជន។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ(IMF)ក៏បាន​ព្រមាន​ដែរថា​ ការរីក​រាលដាល​វីរុស​កូ​រ៉ូ​ណា​ដែល​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​នឹងមាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ចពិភពលោក ខណៈ​ក្រុម​រដ្ឋមន្ដ្រីក្រសួង​ហិរញ្ញវត្ថុ​ក្រុម​ប្រទេស G20 និង​ប្រធាន​ធនាគារកណ្ដាល​បាន​ថ្លឹងថ្លែង​ផលប៉ះពាល់​សេដ្ឋកិច្ច​របស់ខ្លួន ។

លោកស្រី Kristalina Georgieva ប្រធាន IMF បានឱ្យដឹងថា ការរីក​រាលដាល​នេះ​នឹង​កាត់បន្ថយ​ប្រហែល 0,1 % ពី​កំណើន​សេដ្ឋកិច្ចពិភពលោក និង​រារាំង​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ចិន​មក​នៅត្រឹម5.6% នៅ​ឆ្នាំនេះ។យើង​ក៏​កំពុង​សម្លឹងមើល​សេណារីយោ កាន់តែ​អាក្រក់​ដែល​ការរីក​រាលដាល​របស់​វីរុស​នេះ​បន្ត​ក្នុង​រយៈពេល​កាន់តែ​វែង និង​កាន់តែច្រើន​ទៀត​ទូទាំង​ពិភពលោក និង​ផលវិបាក​កំណើនសេដ្ឋកិច្ច​មាន​រយៈ​ពេល​កាន់តែ​វែង​ផងដែរ។

លោក​បណ្ឌិត​ហុង វណ្ណៈ  អ្នកស្រាវជ្រាវ​សេដ្ឋកិច្ចនៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​មានប្រសាសន៍ប្រាប់​ឡា​រ៉ែ​ន ពាណិជ្ជ​ថា៖“តាមពិត​បើ​គិត​ទៅតាម​ការ​ព្យាករសេដ្ឋកិច្ច​យើង​នឹងមាន6.0-6.5%នៃ​ផលិតផល​សរុប​របស់​ប្រទេស​ក្នុងឆ្នាំនេះ។ សញ្ញាណ​នេះ​បើ​ជំងឺ​កូ​វីដ នៅតែ​បន្តសកម្មភាព​វា​អាច​បន្ត​ទៅដល់​ឆ្នាំ 2021 ទៀត។ ដូច្នេះ​វិស័យទេសចរណ៍ នឹងមាន​ផលប៉ះពាល់​ជាងគេ រួមទាំង​រោងចក្រ​ជាច្រើន​ដែល​ត្រូវ​ប៉ះពាល់​ក្នុង​រឿង​EBA ដែលជា​បញ្ហា​ធំ ដែល​ចំនួន​ប៉ះពាល់ អាច​ដល់​ទៅ 100 លាន​ដុល្លារ។ ព្រោះ​បើតាម​គណនា​ចំនួន 20% នៃ​ទឹកប្រាក់ 600លានដុល្លារ ដែលជា​ផលប៉ះពាល់​នៃ​វិស័យនេះ​ទាំងមូល”។

លោក​បណ្ឌិត​បានបញ្ជាក់​ថា បើតាម​ខ្ញុំ​គិត វា​មាន​ផលប៉ះពាល់​ទំហំ​ធំ នៅ​ក្នុងនោះ​ផលិតកម្ម ទាំងអស់​ត្រូវ​គាំង។ សកម្មភាព​លក់ដូរ​រ​បស់​ពលរដ្ឋ​មាន​សភាព​តានតឹង ពោលគឺ​ស្រប​ពេលដែល​ជនជាតិ​ចិន​បាន​ចាកចេញ បន្ទាប់ពី​ការប្រកាស​បិទ​ហ្គេម​អន​ឡាញ ក៏ត្រូវ​នឹង​មេរោគ​កូ​វីដ19 បានកើតឡើង​ផងដែរ ដែលជា​អកុសល ធ្វើឱ្យ​សេដ្ឋកិច្ច​យើង​ត្រូវ​ទទួលរង​នូវ​បញ្ហា។

លោក​បណ្ឌិត​បានបញ្ជាក់​ដែរ​ថា បើ​យើង​មើលទៅ​សេដ្ឋកិច្ចកម្ពុជា ដែល​ទទួលរង​ពី​បញ្ហា ជំងឺ​កូ​វីដ19 គឺមាន​2 ព្រោះ​បញ្ហា​នៃ​ជំងឺ​នេះ​វា​មាន​លក្ខណៈ​ជា​សកល​ហើយ ធ្វើឱ្យ​ឥទ្ធិពល​របស់​វា​ដែល​បានធ្វើឱ្យ​កម្ពុជា​ទទួលរង គឺមាន​ការពាក់ព័ន្ធ​នឹង​វិស័យ​ភ្ញៀវទេសចរ ពិសេស​ទេសចរ​ជនជាតិ​ចិន ដែល​ពីមុន​មានចំនួន​ក្នុង 1ឆ្នាំ​ប្រមាណ 200លាន​នាក់ សម្រាប់​សកល និង​មក​ទេសចរណ៍​នៅ​កម្ពុជា​ដល់​ទៅ 2 លាន​នាក់​តែ​ឥឡូវ​បាន​ថយចុះ​ដល់​ទៅ 90%។

បញ្ហា​មួយទៀត​គឺ​បញ្ហា​រោងចក្រ​មួយចំនួន​ដែល​កំពុងដំណើរការ ត្រូវ​ទទួលរង​នូវ​ការខ្វះ​វត្ថុធាតុដើម មិនអាច​ផ្គត់ផ្គង់​បាន​ដោយសារ​ជំងឺ​កូ​វីដ19 ដែល​កើតឡើង​នៅ​ប្រទេស​ចិន ធ្វើឱ្យ​រោងចក្រ​មួយចំនួន នៅ​ប្រទេស​ចិន​មិនទាន់​ដំណើរការ​ឡើងវិញ​បាន ស្របពេល ដែល​បញ្ហា EBA ក៏បាន​កើតឡើង​ផងដែរ។

លោក​បណ្ឌិត​បានបញ្ជាក់​ទៀតថា៖“ដូច្នេះ​សេដ្ឋកិច្ច​ប្រទេសមួយ​បើ​មាន​បញ្ហាផ្ទួនៗគ្នា​ពេក​ វា​ធ្វើឱ្យ​ជួបប្រទះ​នូវ​វិបត្តិ​ជាក់​ជាមិនខាន​ឡើយ។ តែ​យើង​ឃើញ​រាជរដ្ឋាភិបាល​បាន​ចាត់វិធានការ បន្ទាន់ ដូចជា​ការលើកទឹកចិត្ត​ដល់​វិស័យ​អចលនទ្រព្យ ដែល​តម្លៃ​ត្រឹម 7ម៉ឺន​ គឺ​រដ្ឋ​មិន​យកពន្ធ​ប្រថាប់ត្រា​ និង​ការមិន​យកពន្ធ 4 ខែ​សម្រាប់​សណ្ឋាគារ នៅ​ខេត្តសៀមរាប​ជាដើម”។

ក្រៅពីនោះ​រាជរដ្ឋាភិបាល​ក៏បាន​ស្វែងរក​អ្នកវិនិយោគ ដែល​ក្នុង​រយៈពេល​នេះ​មានការ​ទទួលបាន​អ្នកវិនិយោគ ដោយ​ទទួលបាន​ទឹកប្រាក់​ក្នុង​ចំនួន​ច្រើន​គួរសម ក៏ប៉ុន្តែ​បើតាម​ផលប៉ះពាល់​មិនអាច​ទូទាត់​គ្នា​បានទេ ព្រោះថា​វា​អាច​ទើបនឹង​ចាប់ផ្តើម​ដោយ​យើង​មិនអាច​ប៉ាន់ស្មាន​បាន​ព្រោះ​បញ្ហា​វា​ស្ទួន​គ្នា​ពេក។

លោក​បណ្ឌិត​ ហុង វណ្ណៈ បានបញ្ជាក់​ផងដែរ​ថា៖ “បើតាម​ខ្ញុំ​គិត វា​មិនទាន់​ដល់​ដំណាក់​ការដែល​យើង​មិនអាច​ថា​ទប់ទល់​ស្ថានការណ៍​បាន​នោះទេ ពីព្រោះ​រដ្ឋាភិបាល​យើង​បាន​ត្រៀម​ប្រាក់​បម្រុង​សម្រាប់​ប្រតិបត្តិការ​សេដ្ឋកិច្ច​របស់ខ្លួន ក្នុង​ចំនួន​សមស្រប សម្រាប់​ប្រការ​ក្នុង​ស្ថានការណ៍​អាក្រក់។ ជាមួយគ្នានេះដែរ​រដ្ឋាភិបាល ក៏បាន​ធ្វើការ​កំណែទម្រង់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ រួមទាំង​ប្រាក់ចំណូល​ពី​ពន្ធដារ គយ និង​ការវិនិយោគ​ផង​នោះ យើង​អាចធ្វើឱ្យ​ចំណូល​នោះ​ទូទាត់​ក្នុង​ចំណាយ​ចរន្ត​បាន​ក្នុង​កាលៈទេសៈ​ចាំបាច់​នេះ។ ក្នុង​ស្ថានការណ៍​ដែល​រដ្ឋាភិបាល​នៅ​បន្ត​ការគ្រប់គ្រង​ដោយ​ម៉ឺងម៉ាត់​ទៅលើ​ប្រព័ន្ធ​ប្រាក់ចំណូល នោះ​យើង​នៅ​អាច​ទប់ទល់​បញ្ហា​មូ​យ​ផ្នែក​ណាមួយ​បាន”៕

Advertisement