កម្ពុជា​ប្រកាស​ស្តារ​វិស័យ​ ទេសចរណ៍​បណ្តា​លពី​ផលប៉ះពាល់​ជំងឺ COVID-19 ខណៈ​ការផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរ​ណ៍នៅតែ​បន្ត

កម្ពុជា​ប្រកាស​ស្តារ​វិស័យ​ ទេសចរណ៍​បណ្តា​លពី​ផលប៉ះពាល់​ជំងឺ COVID-19 ខណៈ​ការផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរ​ណ៍នៅតែ​បន្ត

ស្ថិតនៅក្នុង​ស្ថានភាព​ដែល​កំពុង​រង​ឥទ្ធិពល​អាក្រក់ និង​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​វិស័យ​ទេសចរណ៍​កម្ពុជា ដោយសារ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក និង​ជាពិសេស​នាពេល​បច្ចុប្បន្ន​ដែល​កំពុងតែ​ប្រឈម​នឹង​ភាពភ័យខ្លាច​នៃ​ការ​រាតត្បាត​របស់​វីរុស​ Covid-19 នោះ តាម​ការ​ព្យាករ​សាជាថ្មី​របស់​ក្រសួងទេសចរណ៍ បាន​បង្ហាញថា ក្នុង​ឆ្នាំ2020 នេះ ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​មកកាន់​កម្ពុជា អាច​នឹងមាន​ការធ្លាក់​ចុះ​រហូតដល់​ប្រមាណ 1លាន​នាក់។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​លើកឡើងថា ដោយសារតែ​វិបត្តិ​ជំងឺ Covid-19 បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម និង​បញ្ហា​មួយចំនួនទៀត​ដែលមាន​ប្រភពពី​កត្តា​ខាងក្រៅ បាន​បណ្ដាលឱ្យ​កម្ពុជា​ទទួលភ្ញៀវ​ទេសច​រ​អន្តរជាតិ​មិនបាន​ដូច​ការ​ព្យាករ​ជាក់ស្ដែង​នៅ​ឆ្នាំ2020 នេះ។ ការ​ព្យាករ​សាជាថ្មី​របស់​ក្រសួងទេសចរណ៍ បាន​បង្ហាញថា ភ្ញៀវទេសចរ​អន្តរជាតិ​នឹងមាន​ការធ្លាក់ចុះ​ប្រមាណ 1លាន​នាក់ ខណៈ​ប្រទេស​ថៃ​ក៏បាន​ព្យាករ​ដែរ​ថាប្រទេស​គេ​នឹង​ជួប​បញ្ហា​ធ្លាក់ចុះ​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ 6លាន​នាក់។

ឯកឧត្តម ថោង ខុន បាន​បន្តថា៖“ប្រសិនបើ​ភាគី​ពាក់ព័ន្ធ​មិន​ជួយ​គ្នា​អនុវត្ត​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល និង​វិធានការ​របស់​ក្រសួងទេសចរណ៍​ដើម្បី​ដោះស្រាយ​ឧបសគ្គ​នៅ​ចំពោះមុខ​នេះ​ទេ ភ្ញៀវទេសចរ​នៅ​កម្ពុជា​នឹង​ធ្លាក់ចុះ​ប្រមាណ40% ប៉ុន្តែ​បើ​ភាគី​ពាក់ព័ន្ធ​ចូលរួម​សាមគ្គី​គ្នា​ជម្នះ​ឧបសគ្គ​នេះ​បាន ភ្ញៀវទេសចរ​ប្រហែលជា​ធ្លាក់ចុះ​ត្រឹម 10-15%ប៉ុណ្ណោះ”។

តាម​ការអះអាង​របស់​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា ទោះបីជា​កម្ពុជា​ជួប​វិបត្តិ​ទាំងនេះ​ក៏ដោយ ប៉ុន្តែ​នៅ​ឆ្នាំ2025 ភ្ញៀវទេសចរ​នៅ​កម្ពុជា​នឹង​កើនឡើង​ប្រមាណ 25% មកវិញ។ នេះ​បើតាម​ការ​ព្យាករ។

ដោយឡែក​វិស័យ​ទេសចរណ៍​ទូទាំង​សកលលោក បាន​ព្យាករ​ថា នឹង​ខាតបង់​ថវិកា​ជាង 22 ពាន់​លាន​ដុល្លារ។ ប្រធាន​អង្គការ​នៃ​ក្រុមប្រឹក្សា​ដំណើរ​កម្សាន្ត និង​ទេសចរណ៍​ពិភពលោក (WTTC) បាន​មានប្រសាសន៍ថា៖“ការរីក​រាលដាល​នៃ​ជំងឺឆ្លង COVID-19 អាច​នឹង​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​ទូទាំង​សកលលោក ខាតបង់​ថវិកា​ជាង 22ពាន់​លាន​ដុល្លារ ហើយ​ការខូចខាត​នេះ ក៏មាន​ការចូលរួមចំណែក​ពី​ការធ្លាក់ចុះ​នៃ​ចំនួន​អ្នកទេសចរ​ចិន​ផងដែរ។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន CNA Channel NewsAsia កាលពី​ថ្ងៃ​សុក្រ ទី28 ខែកុម្ភៈ ឆ្នាំ2020។

ប្រធាន​អង្គការ WTTC លោកស្រី ក្លូ​រៀ ហ្គេ​វ៉ា​រ៉ា (Gloria Guevara) បានធ្វើការ​កត់សម្គាល់​ខាងលើប្រាប់​សារព័ត៌មាន​អេ​ស្ប៉ា​ញ អែល ម៉ាន់​ឌូ (El Mundo) ដោយបាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “វា​ដូចជា​លឿន​ពេក​ដើម្បី​ដឹង​ពី​ទំហំ​ខាតបង់​ថា…ការរីក​រាលដាល​នៃ​ជំងឺ ​COVID-19 អាច​នឹង​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​សកលលោក​ខាតបង់​ថវិកា​ជាង 22ពាន់​លាន​ដុល្លារ។

ប៉ុន្តែ WTTC បានធ្វើការ​គណនា​ជាបឋម​នេះ ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ស្រាវជ្រាវ​សេដ្ឋកិច្ច អុក​ស៍​ហ្វ៉​ដ(Oxford Economics)”។ គួរបញ្ជាក់​តាម​លោកស្រី Gloria ទៀតថា ការ​គណនា​នេះ គឺ​ផ្អែកលើ​បទពិសោធ​នៃ​វិបត្តិ​ដែល​បង្កឡើង​ដោយ​ជំងឺឆ្លងមុនៗដូចជា​ជំងឺ SARS ឬ H1N1 ព្រមទាំង​ផ្ដោតលើ​ការធ្លាក់ចុះ​នៃ​ភ្ញៀវទេសចរ​ចិន ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មី​នេះ។

អ្វី​ដែលជា​ភាពជាក់ស្តែង​នោះ គឺ​ការផ្អាក​ជើងហោះហើរ និង​ការណែនាំ​របស់​រដ្ឋាភិបាល របស់​ប្រទេស​នានា​ទូទាំង​ពិភពលោក ឱ្យ​ប្រជាជន​របស់​ពួកគេ មានការ​ប្រុងប្រយ័ត្ន និង​កុំ​ធ្វើដំណើរ​ទៅកាន់​បណ្តា​ប្រទេស​ដែលមាន​ការផ្ទុះ​ជំងឺ COVID-19 ខ្លាំងក្លា​នោះ ទាំងអស់នេះ​គឺ​សុទ្ធតែជា​ចំណាត់​ការដែល​បង្ក​ផលប៉ះពាល់​ធ្ងន់់ធ្ងរ ទៅដល់​វិស័យ​ទេសចរណ៍។

ជា​បទពិសោធ ក្នុង​គ្រា​ដែល​ពិភពលោក​ជួប​វិបត្តិ​ជំងឺ SARS នៅ​ចុងឆ្នាំ2002 ដល់​ឆ្នាំ2003ចំនួន​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​នៅ​កម្ពុជា មានការ​ធ្លាក់ចុះ​យ៉ាងគំហុក ប៉ុន្តែ​នៅ​ខណៈនោះ​ក្រសួងទេសចរណ៍​បាន​ជំរុញឱ្យមាន​ចលនា​ទេសចរ​ក្នុងស្រុក ដើម្បី​ជួយ​ទប់ទល់​ការចំណាយ​របស់​សណ្ឋាគា​រ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​នានា។ ជាក់ស្ដែង ដោយ​អនុវត្តតាម​វិធានការ​នេះហើយ កម្ពុជា​បានទទួល​នូវ​កំណើន​ភ្ញៀវទេសចរ​ក្នុងស្រុក ដល់​ទៅ 9% ហើយ​បញ្ហា​នានា​ត្រូវបាន​ដោះស្រាយ​គួរ​ជាទី​គាប់ប្រសើរ។

ជា​អកុសល នៅ​ចុងឆ្នាំ2019 រហូតដល់​ដើមឆ្នាំ2020 នេះ ពិភពលោក​បាន​ជួបប្រទះ​វិបត្តិ​ជំងឺ Covid-19 ថ្មី​នេះ​ទៀត ដែល​បណ្ដាលឱ្យ​វិស័យ​ទេសចរណ៍​លើ​ពិភពលោក​ជួប​បញ្ហា​ឱនភាព ក្នុងនោះ​កម្ពុជា​ក៏​គេច​មិន​ផុតពី​បញ្ហា​នេះដែរ ដូច្នេះហើយ​បានជា​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងទេសចរណ៍​បាន​ដាក់ចេញ​វិធានការ ជំរុញឱ្យមាន​ចលនា​ទេសចរ​ក្នុងស្រុក​ឱ្យ​កាន់តែ​ខ្លាំងក្លា។

ជាមួយនឹង​ការរំពឹងទុក​ថា ភ្ញៀវទេសចរណ៍ក្នុងស្រុក​នឹងមាន​ការកើនឡើង​ដែរនោះ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អំពាវនាវ​ដល់​មគ្គុទ្ទេសក៍​ទេសចរណ៍ក្នុងប្រទេស ជាពិសេស​នៅ​ខេត្តសៀមរាប ត្រូវ​ត្រៀមខ្លួន​ទទួល​ភ្ញៀវទេសចរ​ក្នុងស្រុក​ឱ្យបាន​ត្រឹមត្រូវ និង​បញ្ចេញ​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​បកស្រាយ​ពន្យល់​ប្រាប់​ពួកគាត់​នូវ​អ្វី​ដែលមាន​នៅតាម​គោលដៅ​ទេសចរណ៍នីមួយៗ ខណៈ​ពួកគាត់​ក៏​ចង់ដឹង​ពី​ព័ត៌មាន ឬ​អាថ៌កំបាំង​ផ្សេងទៀត​ដែល​បង្កប់​លើ​ជញ្ជាំង​ប្រាសាទ ប្រាង្គ​ប្រាសាទ តំបន់​បេតិកភណ្ឌ​វប្បធម៌ អច្ឆរិយ​ភាព​របស់​ស្នាដៃ​ដូនតា​ខ្មែរ​ជាដើម​ដែរ។

ជាមួយគ្នានេះដែរ នាយកដ្ឋាន​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ កម្ពុជា បានអះអាងចំពោះភ្ញៀវទេសចរអន្តរជាតិថា “កម្ពុ​ជាមាន​សុខសន្តិភាព សុវត្ថិភាព គ្មាន​ការឆ្លង​ជំងឺ Covid-19 និង​មានឱកាស​ច្រើន​សម្រាប់​ការវិនិយោគ” ដែល​ការផ្សព្វផ្សាយ​នេះ​ធ្វើឡើង​ដើម្បី​បង្ហាញ​ពី​សក្តានុពល​ទេសចរណ៍​ក្រោម​ប្រធានបទ “កម្ពុជា៖ ព្រះរាជាណាចក្រ​អច្ឆរិយៈ ផ្តល់​ភាពកក់ក្តៅ”។ នេះបើតាមក្រុមការងារក្រសួងទេសចរណ៍ក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិនៅសហរដ្ឋអាមេរិក។

ក្រុមការងារ​ដែល​ដឹកនាំ​ដោយ​លោក សូ វិ​សុ​ទ្ធី (So Visothy) អនុរដ្ឋលេខាធិការ និង​លោក ថោងរដ្ឋ​សក្តិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចូលរួម និង​ផ្សព្វផ្សាយ នៅក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន (ATF2021) តាមរយៈ​ការតាំង​បង្ហាញ​ស្តង់​កម្ពុជា នៃ​ការចូលរួម​តាំងពិព័រណ៍​ទេសចរណ៍​អន្តរជាតិ (Travel and Adventure Show) ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី29 ខែកុម្ភៈ ដល់​ថ្ងៃទី1 ខែមីនា ឆ្នាំ2020 កន្លងទៅ​នៅ​ទីក្រុង​អា​ត្ល​ង់​តា រដ្ឋ​ច​ច​ជា សហរដ្ឋអាមេរិក។

ការផ្សព្វផ្សាយ​នេះ ជាការ​បង្ហាញ​ពី​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ដែល​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​វេទិកា​ទេសចរណ៍​អាស៊ាន (ATF2021) នាពេលខាងមុខ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ និង​វិនិយោគិន​ពី​អាមេរិក​មក​ទស្សនា​កម្ពុ​ជា​ឱ្យ​កាន់តែច្រើន​ថែមទៀត។

នាឱកាស​នោះ គណៈប្រតិភូ​នៃ​ក្រសួងទេសចរណ៍​បាន​អះអាង​ចំពោះ​ភ្ញៀវទេសចរ និង​ដៃគូ​អន្តរជាតិ​យ៉ាង​ដូច្នេះ​ថា៖ “កម្ពុជា បច្ចុប្បន្ន​មាន​សុខសន្តិភាព មាន​សុវត្ថិភាព ផ្ដល់​ភាពកក់ក្ដៅ​ចំពោះ​ភ្ញៀវទេសចរ និង​អ្នកដំណើរ​គ្រប់គ្នា ជាពិសេស​គ្មាន​ការឆ្លង​ជំងឺ Covid-19 និង​ផ្ដល់ឱកាសពិសេសៗយ៉ាងច្រើន​សម្រាប់​អ្នកវិនិយោគ និង​អ្នកធ្វើ​ធុរកិច្ចគ្រប់ៗគ្នា”។

លោក ថោង រដ្ឋ​សក្តិ បានឱ្យដឹងថា ព្រឹត្តិការណ៍ Travel & Adventure Show ជា​ពិព័រណ៍​ទេសចរណ៍​ធំជាងគេ​បង្អស់​របស់​សហរដ្ឋអាមេរិក ដែល​ប្រារព្វ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​នៅ​ទីក្រុង ចំនួន10 ផ្សេងគ្នា ដែល​ឆ្នាំនេះ​ជា​លើក​ទី1 ហើយ​សម្រាប់​ទីក្រុង​អា​ត្ល​ង់​តា ដោយមាន​អ្នកចូលរួម​តាំងពិព័រណ៍​ប្រមាណ​ជាង 500ស្ថាប័ន មកពី​ប្រមាណ 60ប្រទេស ក្នុងនោះ​ពន្លា​ក្រសួងទេសចរណ៍​កម្ពុជា ដែល​បានរៀបចំ​តុបតែង​យ៉ាង​ស្អាត និង​មាន​ភាព​ទាក់ទាញ ដោយ​ទទួលបាន​ភ្ញៀវ​ចូល​ទស្សនា និង​សាកសួរ​ព័ត៌មាន​យ៉ាង​ផុលផុស។

លោក​បាន​បន្តថា ក្នុង​ព្រឹត្តិការណ៍​នោះ​ក្រុមការងារ​ក៏បាន​ជួបប្រជុំ​ជាមួយនឹង​លោក John Spooner និង​លោក Jonathan Goazlic ដែលជា​អ្នក​រៀច​ចំ​កម្មវិធី ដើម្បី​ពិភាក្សា​ពី​ការងារ​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​កម្ពុជា​ទៅកាន់​ទីផ្សារ​អាមេរិក​ទាំ​ង​មូល ជាពិសេស​នៅតាម​បណ្ដា​រដ្ឋ និង​ទីក្រុងធំៗ ដូចជា San Francisco, San Diego រដ្ឋ California, ទីក្រុង Philadelphia រដ្ឋ Pennsylvania, ទីក្រុង Denver រដ្ឋ Colorado, ទីក្រុង Tampa Bay និង Miami រដ្ឋ Florida, ទីក្រុង Chicago រដ្ឋ Illinois ដែលជា​ទីផ្សារធំៗរបស់​សហរដ្ឋអាមេរិក។

ឆ្លៀត​ក្នុងឱកាស​នេះ ក្រុមការងារ​របស់​ក្រសួងទេសចរណ៍​កម្ពុជា ក៏បាន​ចុះ​ពិនិត្យ​ក្នុង​របៀប​ជា Study Tour & Research នៅ Studio 7 របស់​បណ្តាញ​ស្ថានីយទូរទស្សន៍​អន្តរជាតិ CNN ក្នុង​ទីក្រុង​អា​ត្ល​ង់​តា ដើម្បី​បន្ត​កិច្ចសហប្រតិបត្តិការ​ផ្សព្វផ្សាយ​សក្តានុពល​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង​ភាព ជា​ដៃគូ​យូ​អង្វែង​ផងដែរ។

យោងតាម​ស្ថិតិ​របស់​ក្រសួងទេសចរណ៍​ឆ្នាំ2019 កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អាមេរិក ប្រមាណ 25ម៉ឺន​នាក់ ឈរ​នៅក្នុង​លំដាប់​ទី6 នៃ​ទីផ្សារ​ទេសចរ​កំពូល​ទាំង 10របស់​កម្ពុជា៕

Advertisement