ឆ្នាំនេះ ក្រសួង​នឹងដាក់​ចេញ​បច្ចេកវិទ្យា​ថ្មី ល្បឿន​លឿន 5G សំខាន់​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា

ឆ្នាំនេះ ក្រសួង​នឹងដាក់​ចេញ​បច្ចេកវិទ្យា​ថ្មី ល្បឿន​លឿន 5G សំខាន់​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា

រដ្ឋមន្ដ្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានឱ្យដឹងថា ផែនការ​នៃ​ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​5G របស់​ប្រទេស​កម្ពុជា នឹង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​គំនិត​ផ្តួចផ្ដើម​ឌីជីថល និង​បដិវត្តន៍​ឧស្សាហកម្ម​ទី4 ដែល​កម្ពុជា​មានបំណង​បង្កើន​ការផ្លាស់ប្តូរ ដើម្បី​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​រប​ស់​ខ្លួន។

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ដ្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៅក្នុង​ព្រឹត្តិការណ៍​ដាក់​សាកល្បងប្រព័ន្ធ​5G របស់​ក្រុមហ៊ុន Cellcard បាន​មានប្រសាសន៍ថា៖“ប្រទេស​កម្ពុជា ជាទី​ផ្សារ​កំពុង​រីក និង​កំពុង​ស្ទុះ​ងើប ដែល​សម្រេចបាន​កំណើន​ដ៏​រឹងមាំ និង​ប្រកបដោយ​ស្ថិរ​ភាពជា​បន្តបន្ទាប់​ក្នុង​រយៈពេល 2ទសវត្សរ៍​ចុងក្រោយ។ លោក​បន្ថែមថា ប្រព័ន្ធ​5G គឺជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​មួយ ដែល​ត​ភ្ជាប់​នវានុវត្តន៍ និង​ធុរកិច្ច”។

ឯកឧត្តម ថ្លែងថា៖ “ជាមួយនឹង​ការរង់ចាំ​ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​5G វា​មាន​ដំណាក់កាល​ជាច្រើន​សម្រាប់​កម្ពុជា ដើម្បី​សេដ្ឋកិច្ច​របស់​យើង ឧស្សាហកម្ម​របស់​យើង និង​ប្រជាជន​របស់​យើង។ ប្រព័ន្ធ​5G ត្រូវបាន​រំពឹងថា នឹង​បង្កើន​ប្រាក់ចំណូល​ប្រតិបត្តិ​ករ ប្រហែល​ប្រមាណ 36% ត្រឹម​ឆ្នាំ2026”។

សូមបញ្ជាក់ថា ក្រុមហ៊ុន​ទូរគមនាគមន៍ Cellcard​ បានរៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន​សែ​ល​កាត ដោយមាន​ភ្ញៀវ​ពិសេស គឺ​ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​គណៈប្រតិភូ​មន្ត្រីជាន់ខ្ពស់​ក្រសួង ដើម្បី​ពិនិត្យមើល​គេហទំព័រ និង​គ្រឿង​បរិក្ខារ​5G របស់ខ្លួន​ដោយ​បង្ហាញ​ពី​ល្បឿន​អុីន​ធើ​ណិ​ត លឿន​ដែល​អតិថិជន នឹង​អាច​ទទួលបាន​បទពិសោធ​ថ្មី​នាពេលឆាប់ៗនេះ។

សមាជិក​នៃ​គណៈប្រតិភូ បាន​ពិនិត្យមើល​ការធ្វើ​តេស្ត​ផ្សាយ​ផ្ទាល់​5G នៅលើ​បណ្តាញទូរស័ព្ទ​ចល័ត​សែ​ល​កាត ដោយ​ល្បឿន​បាន​ឈានដល់ 1.6ជី​ហ្គា​បៃ ក្នុង 1វិនាទី។ ការធ្វើ​តេស្ត​នេះ​បាន​ពង្រឹង​ការត្រៀម​លក្ខណៈ​បច្ចេកទេស​របស់​សែ​ល​កាត និង​ការប្តេជ្ញាចិត្ត​ពេញលេញ​ក្នុងការ​ដាក់ចេញ​នូវ​បច្ចេកវិទ្យា​ថ្មី​នៅ​ឆ្នាំ2020។

បទ​បង្ហាញ​របស់​ប្រធាន​ផ្នែក​បច្ចេកវិទ្យា លោក ច​ន​ជុន ណាវី​ល បាន​បង្ហាញថា ការ​គ្របដណ្តប់​5G នឹងត្រូវ​បានដាក់​បង្ហា​ញ​នៅក្នុង​ប្រទេស​ជា 5ដំណាក់កាល។

ដំណាក់កាល​ទី1- នឹងមាន​ទីតាំង​ចំនួន 700កន្លែង ដើម្បី​បំពេញ​ការ​គ្របដណ្តប់ រួមមាន តំបន់​ពាណិជ្ជកម្មសំខាន់ៗក្នុង​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​សៀមរាប។

ដំណាក់កាល​ទី2- នឹង​រួមបញ្ចូល​ទាំង​គេហទំព័រ​5G ចំនួន 512 ដើម្បី​បំពេញ​ការ​គ្របដណ្តប់ រាជធានី និង​បណ្តា​ខេត្ត-ក្រុងសំខាន់ៗបន្ថែមទៀត គឺ​ខេត្តបាត់ដំបង កំពត កំពង់ចាម ប៉ោយប៉ែត និង​ខេត្តបន្ទាយមានជ័យ។

ដំណាក់កាល​ទី 3-នឹង​រួមបញ្ចូល​ការ​គ្របដណ្តប់​លើផ្លូវសំខាន់ៗដែលមាន​ទាំង​ផ្លូវជាតិ​លេខ1 ដល់​ផ្លូវជាតិ​លេខ7។

ដំណាក់កាល​ទី4- នឹង​រួមបញ្ចូល​ទាំង​តំបន់​5G ចំនួន600 ដើម្បី​ផ្តល់​សេវា​គ្របដណ្តប់ តាម​បណ្ដា​ខេត្ត​នៅ​ជាយក្រុង និង​តំបន់​ជនបទ។

ដំណាក់កាល​ទី5- នឹងមាន​ទីតាំង​ចំនួន600 ថែមទៀត​ដែលមាន​5G ដើម្បី​ផ្តល់​សមត្ថភាព បន្ថែម​ដល់ទី​ប្រជុំជន និង​តំបន់ បន្ថែម​ពីលើ​តំបន់​ជាយក្រុង និង​ជនបទ។

អត្ថប្រយោជន៍សំខាន់ៗរបស់ 5G នឹង​រួមបញ្ចូល ល្បឿន​អុីន​ធើ​ណិត​លឿន​ជាង 60ដង ទៅ 120ដង នៃ​សេវាកម្ម​អុីន​ធើ​ណិ​ត​4G នាពេល​បច្ចុប្បន្ន ព្រោះ​ទិន្នន័យ​អាច​ទៅដល់​គោលដៅ​ក្នុង​រយៈពេល 10មី​ល្លី​វិនាទី។ លើសពីនេះទៅទៀត វា​នឹងមាន​ការបញ្ជូន​រូបភាព និង​វីដេអូ​បាន​លឿន និង​ខ្សែភាពយន្ត​ដែលមាន​គុណភាព​ខ្ពស់​អាច​ទាញយក​បាន ក្នុង​រយៈពេល​តិចជាង 2-3វិនាទី។ វគ្គ​សាកល្បង ថែមទាំង​បានបង្ហាញ​ផងដែរ​ថា មានការ​បាត់បង់​ទិន្នន័យ​សូន្យ​ភាគរយ។ 5G ក៏​នឹង​អាច​គាំទ្រ ដល់​បណ្តាញ​ត​ភ្ជាប់​ចំនួន 1លាន​ក្នុង 1គីឡូម៉ែត្រ​ក្រឡា រួមទាំង​អុីន​ធើ​ណិត។

ឯកឧត្តម ត្រាំ អុីវតឹក មានប្រសាសន៍ថា៖“ខ្ញុំ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​គម្រោង ដែល​ក្រុមហ៊ុន​សែ​ល​កាត​បានផ្តល់​ក្នុង​គម្រោង​5G របស់​ពួកគេ​ក្នុងការ​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​សេដ្ឋកិច្ច​ឌីជីថល​របស់​រដ្ឋាភិបាល”។ 5G នឹង​ក្លាយជា​ជំហាន​ឈានមុខ​គេ ក្នុងការ​ជំរុញ​សេដ្ឋកិច្ចកម្ពុជា ហើយ​យើង​ត្រូវតែ​ត្រៀមខ្លួន​ទទួលយក​បច្ចេកវិទ្យា និង​ធានាថា វា​នឹង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការបង្កើន​ឧស្សាហកម្ម​ក្នុងស្រុក និង​ការរស់នៅ​របស់​ប្រជាជន”។

ឯកឧត្តម​បញ្ជាក់ថា៖ “សម្រាប់​ប្រទេស​កម្ពុជា ដើម្បី​ទទួលបាន​ចំណែក​នៅក្នុង​តម្លៃ និង​កំណើន​នោះ ប្រទេស​របស់​យើង ត្រូវតែ​ធ្វើ​សកម្មភាព​យ៉ាង​រហ័ស។ យើង​ចង់ឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​គោលដៅ​លេចធ្លោ​ជាងគេ​បំផុត​នៅក្នុង​តំបន់​សម្រាប់​នវានុវត្តន៍”។

អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន Cellcard បាន​មានប្រសាសន៍ថា៖“វា​ជា​ទំព័រ​ថ្មី​គួរឱ្យ​រំភើប​សម្រាប់​ក្រុមហ៊ុន សែ​ល​កាត និង​សម្រាប់​ប្រទេស​កម្ពុជា​នៅពេល​យើង​ដឹងថា ចក្ខុវិស័យ​របស់​រ៉ូយ៉ាល់​គ្រុប សម្រាប់​ប្រទេស​កម្ពុជា​ដែលមាន​លក្ខណៈ​ឌីជីថល​ពេញលេញ”។

អ្នកឧកញ៉ា បានឱ្យដឹងថា លោក​ពិត​ជាមាន​សេចក្ដីសោមនស្ស​រីករាយ​ក្នុងការ​បង្ហាញ​សមត្ថភាព​ល្បឿន​អុីនធើណិត​របស់​បច្ចេក​វិទ្យា​ប្រព័ន្ធ​5G។ ទាំងនេះ​បានបង្ហាញ​ពី​ការយល់ដឹង និង​ការប្ដេជ្ញាចិត្ត​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​គាំទ្រ​ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​5G នៅក្នុង​ប្រទេស​កម្ពុជា និង​គោលបំណង​របស់​ពួកគេ​ដើម្បី​ធ្វើ​ការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រតិបត្តិ​ករ​លើ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ក្រោយនេះ។

អ្នកឧកញ៉ា បាន​បញ្ជាក់ថា៖“វា​ជា​ការបើក​ទំព័រ​ប្រវត្តិសាស្ដ្រ​ថ្មី គួរឱ្យភ្ញាក់ផ្អើល​មួយ​សម្រាប់​ក្រុមហ៊ុន Cellcard និង​ចាំបាច់​សម្រាប់​ប្រទេស​កម្ពុជា ខណៈ​យើង​សម្រេចបាន​ទស្សនវិស័យ​របស់​ក្រុមហ៊ុន​រ៉ូ​យា​ល់​គ្រុប សម្រាប់​ការធ្វើឱ្យ​កម្ពុ​ជាមាន​លក្ខណៈ​ឌីជីថល​ពេញលេញ។ យើង​បាន​សហការគ្នា​យ៉ាង​ជិតស្និទ្ធ​បំផុត​រវាង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំងអស់​នៅក្នុង​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប​នៃ​ក្រុមហ៊ុន ជាពិសេស​ផ្នែក ICT ដោយ​ពួកយើង​កំពុងធ្វើការ​ងារ​លើ​អ្វី​ជា​អនាគត​សម្រាប់​ការផ្ដល់សេវា​អុីន​ធើ​ណិត មាតិកា​ឌីជីថល និង​សេវា​ទូទាត់​ប្រាក់​តាម​ឌីជីថល​នៅក្នុង​ពិភពលោក​នៃ​ប្រព័ន្ធ​5G”។

អ្នកឧកញ៉ា គិត ម៉េង បានឱ្យដឹងថា ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ MPTC ពី​ខែឧសភា ឆ្នាំមុន​សម្រាប់​ការសហការ និង​ការរៀបចំ​ផែនការ​សម្រាប់​ប្រព័ន្ធ​5G នេះ ដែល​នឹង​ធ្វើឱ្យ​កម្ពុ​ជាមាន​លក្ខណៈ​ឌីជីថល​កាន់តែខ្លាំង។

បន្ថែម​លើ​នេះ​ទៀត នាយក​ប្រតិបត្តិ​លោក Ian​ Watson បាន​មានប្រសាសន៍ថា៖“យើង ទាំងអស់គ្នា​មាន​គោលដៅ​រួម​ដើម្បី​លើកស្ទួយ​ប្រទេស​កម្ពុជា​ឱ្យ​ឈានទៅរក​ឋានៈ​ខ្ពស់​ក្នុងការ​ក្លាយជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ2050 ហើយ 5G នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ធ្វើ​ឌីជីថល​របស់​ប្រទេស”។

ឯកឧត្តម ត្រាំ អុីវតឹក ក៏បាន​ឱ្យដឹង​ដែរ​ថា គិត​ត្រឹម​ថ្ងៃទី31 ខែធ្នូ ឆ្នាំ 2019 ប្រទេស​កម្ពុជា​ត្រូវបាន​ប៉ាន់ប្រមាណ​ថា នឹងមាន​អ្នកប្រើប្រាស់​អុីន​ធើ​ណិតទូរស័ព្ទ​ចល័ត 16.7លាន ជាមួយនឹង 215ពាន់ ជា​អ្នកប្រើប្រាស់​អុី​ន​ធើ​ណិត​លើ​តុ ខណៈ​ការប្រើប្រាស់​ប្រព័ន្ធ 4G នៅក្នុង​ប្រទេស កម្ពុជា មាន​ជាង 30ជី​ហ្គា​បៃ​ក្នុង 1ខែ។

ការតភ្ជាប់​ទូរស័ព្ទ​ចល័ត​ប្រព័ន្ធ​5G នឹង​កើនឡើង​ជាង 2.7លាន​ទូទាំង​ពិភពលោក ដោយសារតែ​ពួកគេ
​ផ្លាស់ប្តូរ​ពី​មនុស្ស​ទៅ​គ្រឿងយន្ត ជាមួយនឹង​ម៉ាស៊ីន​ទៅ​ម៉ាស៊ីន សង្គម​អុីន​ធើ​ណិត និង​ទិន្នន័យ​ធំ៕

Advertisement