ក្រសួងកសិកម្ម ជំ​រុញឱ្យ​បង្កើន​ការអនុវត្ត​កសិកម្ម​ល្អ និង​ស្តង់ដា​កសិកម្មសរីរាង្គ

ក្រសួងកសិកម្ម ជំ​រុញឱ្យ​បង្កើន​ការអនុវត្ត​កសិកម្ម​ល្អ និង​ស្តង់ដា​កសិកម្មសរីរាង្គ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ភាគី​ពាក់ព័ន្ធ បានលើកឡើង​ប្រហាក់ប្រហែលគ្នា​ថា ការជំរុញ​គម្រោង​លើកកម្ពស់​ការអនុវត្ត​កសិកម្ម​ល្អ (GAP) ឱ្យមាន​ប្រសិទ្ធភាព និង​ជំរុញ​ការអនុម័ត​ស្ដង់ដា​កសិកម្មសរីរាង្គ​ជាតិ​ឱ្យបាន​ឆាប់រហ័ស គឺជា​គន្លឹះ​សំខាន់​ក្នុងការ​លើកស្ទួយ​វិស័យ​កសិកម្ម​ដែល​កំពុង​ជួប​បញ្ហា​ប្រឈម។

ការលើកឡើង​នេះ ត្រូវបាន​ធ្វើឡើង នៅក្នុង​ពិធី​បិទ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ2019 និង​លើក​ទិសដៅ​ការងារ​ឆ្នាំ2020 របស់​អគ្គនាយកដ្ឋាន​កសិកម្ម ក្រោម​ការចូលរួម ពី​ថ្នាក់ដឹកនាំ​ក្រសួង អង្គភាព​ក្រោម​ឱវាទ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រាជធានី-ខេត្ត និង​មន្ត្រី​អគ្គនាយកដ្ឋាន ប្រមាណ 500នាក់ ដែល​ធ្វើឡើង​កាលពី​ចុងខែ​កុម្ភៈ កន្លងទៅ។

នាឱកាស​នោះដែរ រដ្ឋ​មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឯកឧត្តម វេ​ង សាខុន បាន​ទទួលស្គាល់ថា វិស័យ​កសិកម្ម​កម្ពុជា មាន​បញ្ហា​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ ហើយ​បញ្ហា​ទាំងនោះ​ត្រូវមាន​ការដោះស្រាយ​ជា​ប្រព័ន្ធ។ លើសពីនេះ ឯកឧត្តម នៅតែ​ចាត់ទុក​វិស័យ​កសិកម្ម ជា​វិស័យ​ស្នូល​ក្នុងការ​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច និង​ការពារ​សន្តិសុខ​សង្គម កាត់បន្ថយ​ភាពក្រីក្រ ជីវភាព​កសិករ និង​ការពារ​បរិស្ថាន។ ដូច្នេះ​ក្រសួងកសិកម្ម និង​ភាគី​ពាក់ព័ន្ធ​បង្កើត​កិច្ចប្រជុំ​នេះ​ឡើង ដើម្បី​ពិភាក្សា​រួមគ្នា និង​ផ្ដោត​ការយកចិត្តទុកដាក់​កាន់តែខ្លាំង​លើ​ការអនុវត្ត​កសិកម្ម​ល្អ (GAP) ពិសេស​ឈានទៅ​ជំរុញ​កសិកម្មសរីរាង្គ​កម្ពុជា​កាន់តែ​ប្រសើរឡើង។

ឯកឧត្តម​ក៏បាន​អះអាង​ឱ្យដឹង​ដែរ អំពី​លទ្ធផល​នៃ​វិស័យ​កសិកម្ម​ថា តាម​ការវាយតម្លៃ​រប​ស់​អង្គភាព​ជំនាញ​បានបង្ហាញ​ឱ្យឃើញថា ក្នុង​ឆ្នាំ2019 វិស័យ​កសិកម្ម សម្រេច​ទទួលបាន​អត្រាកំណើន ផ.ស.ស. ពិត​នៃ​វិស័យ​កសិកម្ម ចំនួន4%។ អនុវិស័យ​ដំណាំ​កសិកម្ម សម្រេចបាន​ក្នុង​រង្វង់ 13,7% ប្រហាក់ប្រហែល​នឹង​ឆ្នាំ2018 តែ​ការនាំចេញ​មាន​ទំហំ​កើនឡើង។

ឯកឧត្តម​បញ្ជាក់ថា៖ “បើទោះបី កំណើន​ផលិតកម្ម​ដំណាំ​ខ្លះ មានការ​ធ្លាក់ចុះ​បន្តិច​ក្ដី តែ​ដំណាំ​កសិកម្ម​យុទ្ធសាស្ត្រ​មួយចំនួន ក៏ដូចជា​ការនាំចេញ គឺ​នៅ​រក្សា​កំណើន​ខ្ពស់​ដដែល ដូចជា​ដំណាំ​ដំឡូង​មី បន្លែ ដំណាំ​ចេកអំបូង​លឿង ស្វាយកែវ​រមៀត និង​គ្រាប់ស្វាយចន្ទី​ជាដើម។ ជាមួយនេះ គុណភាព​អង្ករ​កម្ពុជា ដែល​នៅតែមាន​ឧត្តមភាព​ប្រកួត​ប្រកួតប្រជែង និង​ទទួលបាន​នូវ​ការលើកតម្កើង​កេ​រិ៍្ត​ឈ្មោះ​នៅលើ​ឆាក​អន្តរជាតិ​ក្នុង​រយៈពេល 4ឆ្នាំជាប់ៗគ្នា ជាពិសេស អង្ករ​ក្រអូប​ប្រណីត​ពូជស្រូវ​ផ្ការំដួល​របស់​កម្ពុជា ត្រូវបាន​ទទួលស្គាល់ថា មានគុណ​ភាពល្អ និង​មាន​រសជាតិ​ឆ្ងាញ់​នៅលើ​សកលលោក”។

ជាមួយគ្នា​នោះដែរ កម្ពុជា​បាន​ចរចា​បើក​ទីផ្សារ និង​ពង្រីក​ទំហំ​នៃ​ការនាំចេញ​ផលិតផល​ដំណាំសំខាន់ៗដែល​កំពុងដំណើរការ​ចរចា​ពិធីសារ ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់ និង​ផ្លែ​មៀន​ប៉ៃលិន ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ការចុះបញ្ជី​សហគ្រាស និង​ការបញ្ចប់​ពិធីសារ ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​ក្នុងការ​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​សាធារណរដ្ឋ​កូរ៉េ និង​ផ្លែ​មៀន​ប៉ៃលិន​សម្រាប់​ទីផ្សារ​ប្រទេស​ថៃ ផងដែរ។ នេះ​ជាការ​លើកឡើង​បន្ថែម ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម។

ក្នុងនោះដែរ ទន្ទឹមនឹង​ការទទួលបាន​លទ្ធផល​ខាងលើនេះ ក្នុង​គោលដៅ​បន្ត​ជំរុញ​ការអនុវត្ត​កសិកម្ម​ល្អ និង​ស្តង់ដា​កសិកម្ម​សិរី​រា​ង្គ ឱ្យ​កាន់តែ​មានការ​រីកចម្រើន ឯកឧត្តម​បាន​ជំរុញ និង​បាន​បន្ថែមទៀត​នូវ​អនុសាសន៍​មួយចំនួន សម្រាប់​ជា​មូលដ្ឋាន​យកទៅអនុវត្ត​បន្ត ដើម្បី​ជំរុញ​ឱ្យ​បង្កើន​ការអនុវត្ត​កសិកម្ម​ល្អ និង​ស្តង់ដា​កសិកម្មសរីរាង្គ​កម្ពុជា​រួមមាន៖

ទី1. ត្រូវ​បន្ត​រៀបចំ និង​ពង្រឹង​ការអនុវត្ត​ប្រកបដោយ​មនសិការ​វិជ្ជា​ជីវៈ​នូវ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ គោលនយោបាយ និង​លិខិតបទដ្ឋាន​គតិយុត្ត ដែល​បម្រើឱ្យ​ការងារ​គ្រប់គ្រង​ផលិតកម្ម​ដំណាំ ការត្រួតពិនិត្យ​គុណភាព​ពូជ​ដំណាំ និង​ធាតុ​ចូល​កសិកម្ម ការគ្រប់គ្រង និង​ប្រើប្រាស់​ដី​កសិកម្ម ការអនុវត្ត​កសិកម្ម​ល្អ និង​ស្តង់ដា​កសិកម្មសរីរាង្គ​ជាដើម។

ទី.2 ត្រូវ​បន្ត​ជំរុញ​ការសិក្សា​ស្រាវជ្រាវ​បច្ចេកទេស​ផលិតកម្ម​ដំណាំ បន្សុទ្ធ និង​ពង្រីក​ពូជ​ដំណាំ​ដែលមាន​គុណភាព​ល្អ ធន់​ទ្រាំ​នឹង​ការប្រែប្រួល​អាកាសធាតុ និង​មានតម្លៃ​បន្ថែម​ខ្ពស់។

ទី.3 បន្ត​ការបណ្តុះបណ្តាល និង​ផ្ទេរ​បច្ចេកវិទ្យា​កសិកម្ម​ទំនើប ដោយ​ផ្តោតលើ​ស្តង់ដា​កសិកម្ម​សុវត្ថិភាព​ឱ្យបាន​ទូលំទូលាយ។ ជំរុញ​ការធ្វើ​ពិពិធ​កម្ម​ដំណាំ​សាកវប្បកម្ម ដំណាំ​បន្លែ​ដែលមាន​តម្រូវការ​ទីផ្សារ​ខ្ពស់ ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​ដែល​អាច​ជំនួស​ការនាំ​ចូល និង​បម្រើ​ការនាំចេញ តាមរយៈ​ការពង្រីក​ទីផ្សារ​ប្រមូលផ្តុំ បោះ​ដុំ និង​ចែកចាយ​នៅតាម​សហគមន៍​កសិកម្ម។ ជាពិសេស​ត្រូវ​ចៀសវាង​ការប្រើប្រាស់​សារធាតុ​គីមី ក្នុង​ផលិតកម្ម​ដំណាំ​កសិកម្ម​ដែលនាំឱ្យ​ប៉ះពាល់​ដល់​សុខុមាលភាព​សាធារណៈ តាម​ស្មារតី​នៃ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី។

ទី.4 ត្រូវ​ពង្រឹង​រចនាសម្ព័ន្ធ​គ្រប់គ្រង ដឹកនាំ និង​អាជីវកម្ម​របស់​សហគម​ន៍​កសិកម្ម​ឱ្យមាន​លក្ខណៈ​ជា​អាជីព​ក្នុង​ធុរកិច្ច​កសិកម្ម និង​សហការ​ជាមួយ​វិស័យ​ឯកជនដើម្បី​អភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ​លើ​មុខ​ដំណាំសំខាន់ៗតាមរយៈ​ការអនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា និង​កិច្ចសហការ​ជាមួយ​អន្តរ​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ។

ទី.5 ត្រូវ​ពង្រឹង និង​ពង្រីក​សមត្ថភាព មន្ទីរពិសោធន៍​ជាតិ​កសិកម្ម ក្នុងការ​វិភាគ និង​វាយតម្លៃ​គុណភាព​ធាតុ​ចូល​កសិកម្ម (ពូជ ជី ថ្នាំ​កសិកម្ម) គុណភាព​ដី និង​កម្រិត​សំណល់​ថ្នាំ​កសិកម្ម​ក្នុង​ផលិតផល​កសិកម្ម ដី និង​ទឹក ដោយ​ត្រូវ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់។

ទី6. ត្រូវ​ពង្រឹង​វិធានការ​ការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យ តាមរយៈ​ការតាមដាន​វាយតម្លៃ ការ​ព្យាករ និង​ការអន្តរាគមន៍​កម្ចាត់​សមាសភាព​ចង្រៃ​លើ​ដំណាំ ការត្រួតពិនិត្យ និង​ចុះបញ្ជី​កសិដ្ឋាន ការអនុវត្ត​កសិកម្ម​ល្អ ពង្រឹង​យន្តការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នូវ​សមាសភាព​ចង្រៃ និង​រឹតបន្តឹង​ការ​នាំចូល​កសិផល​មិនមាន​គុណភាព និង​គ្មាន​សុវត្ថិភាព​ដែលនាំឱ្យ​ប៉ះពាល់​ដល់​ផលិតកម្ម​ដំណាំ​ក្នុងស្រុក​សុខុមាលភាព​សាធារណៈ និង​សម្រាប់​ការនាំចេញ។

ទី7. បន្ត​ពង្រឹង​ប្រសិទ្ធភាព​សេវា​ពិសោធន៍​វិភាគ​ក្នុង​មន្ទីរពិសោធន៍ ដោយ​ត្រូវ​បំពាក់​ឧបករណ៍​វិភាគ​សំណល់​ថ្នាំ​កសិកម្ម និង​សេវា​ត្រួតពិនិត្យ​ភូតគាម​អនាម័យ ដើម្បី​លើកកម្ពស់​ភាព​ប្រកួតប្រជែង​នៃ​ការនាំចេញ ដោយ​ជំរុញ​សេវា​ត្រួតពិនិត្យ​ភូតគាម​អនាម័យ​ឱ្យ​កាន់តែ​កៀក​នឹង​អ្នកប្រើប្រាស់ មាន​ភាពងាយស្រួល​ព្រមទាំង​ដាក់ឱ្យ​ដំណើរការ​ស្នាក់​ការផ្តល់​សេវា​ភូតគាម​អនាម័យ​ប្រចាំ​តំបន់ ដូចជា​ការដាក់​ពាក្យស្នើសុំ​ការត្រួតពិនិត្យ​តាម​ប្រព័ន្ធ​កុំព្យូទ័រ និង​អភិវឌ្ឍ​ប្រព័ន្ធ e-Phyto ជាដើម។

តាមរយៈ​អនុសាសន៍​ខាងលើនេះ ក្រសួងកសិកម្ម​រំពឹង​ថា នឹង​ឈានទៅ​ធានា​ដល់​ការលើកកម្ពស់​សុវត្ថិភាព​បន្លែ​ផ្លែឈើ​សរីរាង្គ ដើម្បី​ផ្គត់ផ្គង់​ទៅក្នុង​ទីផ្សារ​នៅ​ប្រទេស​កម្ពុជា៕

Advertisement