ចិន​អាច​ផ្តល់​អាទិភាព សម្រាប់​តម្រូវការ​វត្ថុធាតុដើម​របស់​កម្ពុ​ជា ខណៈ​ផលិតកម្ម​នឹងមិន​រង​ផលប៉ះពាល់​ធំ

ចិន​អាច​ផ្តល់​អាទិភាព សម្រាប់​តម្រូវការ​វត្ថុធាតុដើម​របស់​កម្ពុ​ជា ខណៈ​ផលិតកម្ម​នឹងមិន​រង​ផលប៉ះពាល់​ធំ

សម្តេចតេជោនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី27 ខែកុម្ភៈ បាន​ជំរុញ​ឱ្យ​ឯកអគ្គរដ្ឋទូត​ចិន​ លោក វ៉ាង វិ​ន​ធាន ពិនិត្យមើល​លទ្ធភាព​នៃ​ការនាំចេញ​វត្ថុធាតុដើម​តាមផ្លូវ​អាកាស និង​សមុទ្រ​មក​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ការពារ​ការបាត់​បង់កា​រងារ​របស់​កម្មករ​និយោជិត ដែល​បណ្តាលមកពី​ការផ្អាក​ប្រតិបត្តិការ​របស់​រោងចក្រ​កាត់ដេរ ហើយ​ជាថ្មីទៀត សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​មានប្រសាសន៍​កាលពីដើម​ខែមីនា ឆ្នាំ2020 នេះដែរ​ថា ពេលនេះ​ផលប៉ះពាល់​នៃ​សេដ្ឋកិច្ច បានចាប់ផ្ដើម​រំជួល និង​អង្រួន​នៅលើ​សកលលោក​ហើយ។

យោងតាម​ក្រសួង​ការងារ កម្មករ​ប្រមាណ 7,000នាក់ នឹង​ប្រឈម​នឹង​ការឈប់​សម្រាក ប្រសិនបើ​ការបញ្ជូន​វត្ថុធាតុដើម​មក​កម្ពុជា មិនមាន​លទ្ធផល ហើយ​ប្រសិនបើ​កង្វះខាត​នេះ​នៅតែ​បន្ត​កើតមាន កម្មករ​ប្រមាណ 90,000នាក់​នឹងត្រូវ​បញ្ឈប់​នៅ​ចុងខែ​មីនា។

សម្ដេច​តេ​ជោ បាន​មានប្រសាសន៍​បញ្ជាក់ថា៖“ទីផ្សារ​នៅ​គ្រប់​ទ្វីប​ទាំងអស់ គឺ​គ្មាន​ទីផ្សារ​ណាមួយ​ស្ទុះ​ឡើង​នោះទេ គឺ​ដាំ​ក្បាល​ចុះ​ទាំងអស់។ ចង្វាក់​ផលិតកម្ម​នៅ​ប្រទេស​មួយចំនួន​ត្រូវបាន​បិទ​ទាំងអស់​តែម្ដង ព្រោះ​វត្ថុធាតុដើម គឺ​ត្រូវបាន​នាំ​ចេញពី​ប្រទេស​ចិន។ បើ​និយាយ​ពី​វិស័យ​កាត់ដេរ​នៅក្នុង​ប្រទេស​យើង ការផ្គត់ផ្គង់​វត្ថុធាតុដើម គឺ 60% នាំ​មកពី​ប្រទេស​ចិន អ៊ីចឹង​ហើយ បានជា​យើង​ស្នើ​សុំឱ្យ​មិត្ត​ចិន​ជួយ​ក្នុង​ការបញ្ជូន​វត្ថុធាតុដើម​មកកាន់​កម្ពុជា​ឱ្យបាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើបាន ដើម្បី​ចៀសវាង​ការព្យួរ​ការងារ​កម្មក​រ​នៅក្នុង​ដំណាក់កាល​នេះ”។

កាលពី​ចុងខែ​កុម្ភៈ ឆ្នាំ2020 កន្លងទៅនេះ មាន​រោងចក្រ​ចំនួន 10បាន​ស្នើសុំ​បិទទ្វារ​ជា​បណ្តោះអាសន្ន ដោយសារតែ​កង្វះខាត​វត្ថុធាតុដើម សម្រាប់​ចង្វាក់​ផលិតកម្ម ខណៈ​ដែលមាន​រោងចក្រ​ប្រមាណ 200ទៀត បានស្នើ​សុំ​ផ្អាក​បណ្តោះអាសន្ន នៅក្នុង​ខែមីនា ឆ្នាំ2020 នេះ និង​បណ្តាលឱ្យ​កម្មករ​សរុប​ប្រមាណ 16ម៉ឺន​នាក់​ត្រូវ​ប្រឈម​នឹង​ការព្យួរ​ការងារ។

សម្ដេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា៖“នៅ​ខេត្ត​ព្រះសីហនុ មាន​រោងចក្រ​ចំនួន2 បានស្នើ​សុំ​ផ្អាក​ចង្វាក់​ផលិតកម្ម​បណ្តោះអាសន្ន ដែលមាន​ចំនួន​កម្មករ​សរុប​ទាំង​ប្រមាណ 350នាក់ ត្រូវ​ព្យួរការងារ​ជា​បណ្ដោះអាសន្ន និង​ទទួល​ប្រាក់បៀវត្សរ៍50%”។

សម្ដេច​បាន​បន្តទៀតថា៖ “យើង​មិន​ចង់ឱ្យមាន​ការព្យួរ​ទេ បានជា​យើង​សំណូមពរ​ទៅ​មិត្ត​ចិន ហើយ​កាលពីពេល​កន្លងទៅ រដ្ឋាភិបាល​ចិន​ក៏បាន​បញ្ជូន​មន្ត្រី​ជំនាញ​មក​សិក្សា និង​គិតគូរ​ទៅលើ បញ្ហា​នៃ​ការបញ្ជូន​វត្ថុធាតុដើម​មកកាន់​កម្ពុជា ដែល​នេះ គឺជា​ការឆ្លើយតបភ្លាមៗជាមួយនឹង​បញ្ហា របស់​កម្ពុជា”។

មន្ត្រីសភា​ពាណិជ្ជកម្ម​ចិន​ដែលមាន​ឋានៈ​ខ្ពស់ ត្រូវបាន​គេ​ស្រង់​សម្តី​ថា ប្រទេស​ចិន​អាច​ផ្តល់​អាទិភាព​ដល់​ប្រទេស​កម្ពុជា សម្រាប់​ការផ្គត់ផ្គង់​វត្ថុធាតុដើម​ជាបន្ទាន់​របស់ខ្លួន ដើម្បី​អនុញ្ញាតឱ្យ​រោងចក្រ​នៅទីនេះ​បន្ត​ប្រតិបត្តិការ។

ការងារ​រាប់ពាន់ បាន​ប្រថុយប្រថាន​នឹង​ការព្យួរ ហើយ​រោងចក្រ​បានប្រកាស​ផ្អាក​ដំណើរការ​ដោយសារតែ​កង្វះខាត​វត្ថុធាតុដើម ហើយ​មន្ត្រី បាន​ប៉ាន់​ស្មានថា កម្មករ​កាត់ដេរ​កម្ពុ​ជា​ជាច្រើន​ម៉ឺន​នាក់​អាច​ប្រឈម​នឹង​ការបាត់បង់​ការងារ ប្រសិនបើ​ស្ថានភាព​ផ្គត់ផ្គង់​មិន​ប្រសើរឡើង​យ៉ាង​ឆាប់រហ័ស​ក្នុង​ខែ​នេះ​ទេនោះ។

មន្ត្រី​ដដែល​បាន​ប្រាប់​ក្នុង​លក្ខខណ្ឌ​ថា ប្រទេស​ចិន​កំពុង​បង្កើន​ផលិតកម្ម​នៅ​គ្រប់​វិស័យ​ទាំង 24ម៉ោង និង​ធ្វើឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ផ្គត់ផ្គង់​វត្ថុធាតុដើម​ដែល​កម្ពុជា​ត្រូវការ ដើម្បី​ចៀសវាង​ការបាត់បង់​ការងារ​ពី​ការផ្អាក​រោងចក្រ និង​កត្តា​ផ្សេងទៀត ដែល​អាច​ប៉ះពាល់​ដល់ក​ម្មករ និង​ជីវភាព​នៃ​ការងារ​របស់​ពួកគេ។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ក៏បាន​ឱ្យដឹង​កាលពី​ខែ​មុន​ដែរ​ថា វត្ថុធាតុដើម​ជាង 60% ដែល​ត្រូវបាន​ប្រើ​នៅក្នុង​រោងចក្រ​កាត់ដេរ និង​វាយ​ន​ភណ្ឌ​នៅ​កម្ពុជា ត្រូវបាន​នាំចូល​ពី​ប្រទេស​ចិន​ដោយមាន​អ្នកផ្គត់ផ្គង់​ជាច្រើន​បាន​ផ្អាក​ការផលិត និង​ធ្វើឱ្យប៉ះពាល់​ដល់​ផលិតកម្ម​រោងចក្រ​នៅក្នុង​ប្រទេស។

លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​នៃ GMAC បាន​ថ្លែងថា ការផ្អាក​ផលិតកម្ម​ជា​បណ្តោះអាសន្ន មិនទាន់បាន​ចាប់ផ្តើម​នៅឡើយ​ទេ ប៉ុន្តែ​លោក​បានឃើញ មានការ​ផ្អាក​ខ្លះ​នឹង​ចាប់ផ្តើម​ពី​ពាក់កណ្តាល​ខែមីនា រហូតដល់​ខែមេសា។

មន្ត្រី​រូបនោះ​បញ្ជាក់ថា៖“ដើម្បី​ការពារ​បញ្ហា​នេះ ប្រទេស​ចិន​ប្រហែលជា​អាចជួយ​សង្គ្រោះ​ប្រទេស​កម្ពុជា​បាន ដោយ​ផ្តល់​អាទិភាព​ដល់​ប្រទេស​តូច​មួយ​នេះ​ខ្លាំង​ជាង​ប្រទេស​ដទៃទៀត លើកលែងតែ​តម្រូវការ​ផ្ទាល់ខ្លួន”។

ប៉ុន្តែ​ភាព​ប្រឈម​ទៅនឹង​កង្វះ​វត្ថុធាតុដើម​ផ្គត់ផ្គង់​ដោយសារ​ប្រទេស​ចិន បានធ្វើឱ្យ​បណ្តា​រោងចក្រ​ដែល​កំពុងដំណើរការ​នៅ​កម្ពុជា​ជាច្រើន នឹងត្រូវ​បង្ខំចិត្ត​បិទទ្វារ ផ្អាក​ផលិតកម្ម​ជា​បណ្តោះអាសន្ន​នាពេលខាងមុខ បាន​ត្រូវ​ឯកឧត្តម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ អះអាង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​វឌ្ឍនភាព និង​ទិសដៅ​បន្ដ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ ថា មាន​សញ្ញា​ល្អ​ឡើងវិញ​ជាបណ្ដើរៗហើយ នៅក្នុង​តម្រូវការ​នៃ​ការផ្គត់ផ្គង់​វត្ថុធាតុដើម​នេះ។

ឯកឧត្តម គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បាន​មានប្រសាសន៍ថា៖“សញ្ញា​ល្អ​នៃ​ការផ្គត់ផ្គង់​វត្ថុធាតុដើម ដែល​អគ្គនាយកដ្ឋាន​គ​យ មិន​ប្រមូល​ចំណូល សម្រាប់​វិស័យ​កាត់ដេរ ពន្ធអាករ​ជា​បន្ទុក​រដ្ឋ​ទាំងអស់នោះ ត្រូវបាន​កត់សម្គាល់ឃើញ​ថា កំពុង​ងើបឡើង​វិញ”។

ឯកឧត្តម​បាន​បន្តថា៖“ទន្ទឹម​នោះ ទំនិញ​ដែល​នាំចូល​មកជា​លក្ខណៈ​ពាណិជ្ជកម្ម ដើម្បី​យកមក​លក់​នៅក្នុង​ទីផ្សារ​ក្នុងស្រុក ក៏​ចាប់ផ្ដើម​ងើប​ឡើងវិញ​បន្ដិច​ផងដែរ។ អ៊ីចឹង នេះ​ជាស​ញ្ញា​ល្អ ដែល​យើង​នឹង​តាមដាន​បន្តទៀត”។

ឯកឧត្តម គុណ ញឹម បាន​មានប្រសាសន៍​បន្ថែមថា៖“ជា​ការជួយ​សម្រួល និង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​វិស័យ​រោងចក្រ អគ្គនាយកដ្ឋាន​គយ​នៅ​កំពង់ផែ​អន្ដរជាតិ​ខេត្ត​ព្រះសីហនុ នៅពេលនេះ ធ្វើ​ការមិន​កំណត់​ពេលវេលា​នោះទេ ពោល​ប្រសិនបើ​ទំនិញ​មកដល់​ម៉ោង12 ឬ​ម៉ោង1 រំលង​អា​ធ្រា​ត្រ ក៏​ត្រូវតែ​បំពេញបែបបទ​បញ្ជូន​ចេញ​ដែរ មិនអាច​ពន្យារពេលបាន​ទេ ដើម្បី​សម្រួល​ដល់​រោងចក្រ​ដែល​កំពុងមាន​កង្វះខាត​វត្ថុធាតុដើម។

លោក​ឧកញ៉ា លឹម ហេង បាន​មានប្រសាសន៍ប្រាប់​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា៖“ដោយសារតែ​ទំនាក់ទំនង​ល្អ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​យើង​ជាមួយ​ប្រទេស​ចិន ទើប​ធ្វើឱ្យ ប្រទេស​ចិន​បាន​បញ្ជូន​ប្រតិភូ មក​សិក្សា​ពី​ផលប៉ះពាល់​រឿង​វត្ថុធាតុដើម​នេះ​រួចហើយ និង​ក៏បាន​បញ្ជូន​វត្ថុធាតុដើម​ទាំង​នោះមក​កម្ពុជា ដោយ​ទំនិញ​ក៏បាន​ចាប់ផ្តើម​ចូលមក​ដែរ”។

លោក​ឧកញ៉ា បាន​បញ្ជាក់ថា៖“នាយកដ្ឋាន​គយ និង​រដ្ឋាករ ក៏បាន​បញ្ជាក់​នៅក្នុង​សន្និសីទ​ថ្ងៃ ទី5 ខែមីនា ឆ្នាំ2020 កន្លងទៅ​ថា បើតាម​វិធានការ​របស់​រាជរដ្ឋាភិបាល គឺ​ត្រូវ​ព្រលែង ធ្វើ​ម៉េច​ឱ្យ​ទំនិញ​ចូល​បាន​លឿន​បំផុត។ ទំនិញ​ជា​វត្ថុធាតុដើម​ផ្នែក​វិស័យ​កាត់ដេរ ត្រួវ​ឱ្យចូល កុំឱ្យ​រាំងស្ទះ​តែម្តង”។

លោក​ឧកញ៉ា បាន​បន្តថា៖“បើតាម​ខាង​នាយកដ្ឋាន​គយ គាត់​ថា បើ​ទំនិញ​បញ្ជូនមក​ច្រើន​គាត់​អាចបង្កើត​ច្រក​ពិសេស ថែមទៀត​ដើម្បី​ការងារ​នេះ”។

លោក​ឧកញ៉ា បានបញ្ជាក់​បន្ថែមថា៖“នេះ​ជាស​ញ្ញា​ល្អ​ហើយ សម្រាប់​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​រប​ស់​យើង ដូច្នេះ​ការព្យួរ​រោងចក្រ អាច​ប្រហែលជា​មិនមាន​ចំនួន​ច្រើន​ទេ ប្រសិនបើ​វត្ថុធាតុដើម​បានមក​ដល់​ជា​បន្តបន្ទាប់​នោះ។ ការបញ្ជូន​មកជា​បណ្តើរៗនូវ​វត្ថុធាតុដើម​រោងចក្រ យើង​សង្ឃឹមថា ការព្យួរ​ការងារ​រោងចក្រ​ហ្នឹង អាចមាន​រយៈពេល​ខ្លី ឬក៏​តិច​បំផុត។ វា​អាច​ខ្វះ​វត្ថុធាតុដើម​លើ​មុខទំនិញ​ខ្លះ មិន​ខ្វះ​ទាំងស្រុង ដូច​មុន​ទេ”។

លោក​ឧកញ៉ា លឹម ហេង បានបញ្ជាក់​ទៀតថា៖“ដូច្នេះ​ដំណោះស្រាយ នៃ​ការផ្គត់ផ្គង់​វត្ថុធាតុដើម​មិនមាន​បញ្ហា​ធំ​ទៀត​ទេ វា​អាច​កាត់បន្ថយ​ផលប៉ះពាល់​បាន​ច្រើន មិនមាន​ហានិភ័យ​ធំដុំ​ទេ។ យើង​ក៏​សង្ឃឹមថា យើង​នឹងមាន​វត្ថុធាតុដើម វា​ជា​ឱកាស​សម្រាប់​ឱ្យ​អ្នកបញ្ជា​ទិញ​នៅ​ទីផ្សារ​ខាងក្រៅ អាច​ទុកចិត្ត​ជាមួយ​កម្ពុជា ព្រោះ​វត្ថុធាតុដើម បញ្ជូន​មកពី​ចិន បានផ្តល់​ទាន់ពេលវេលា​មិន​ខកខាន។

ដូចនេះ​បើ​វត្ថុធាតុដើម​មិនមាន​បញ្ហា យើង​អាច​ផលិត ហើយ​បើ​យើង​ផលិត​បាន យើង​អាច​លក់ទំនិញ​យើង​បាន”៕

Advertisement