វិស័យ​សំណង់​ក្នុង​ខេត្តកំពត នៅតែមាន​សម្ទុះ​រីកចម្រើន​ខ្លាំង នៅ​ដើមឆ្នាំ2020

វិស័យ​សំណង់​ក្នុង​ខេត្តកំពត នៅតែមាន​សម្ទុះ​រីកចម្រើន​ខ្លាំង នៅ​ដើមឆ្នាំ2020

ក្រសួង និង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកំពត បាន​អះអាងថា វិស័យ​សំណង់​ក្នុង​ខេត្តកំពត​នៅតែមាន​សម្ទុះ​រីកចម្រើន​ខ្លាំង​នៅ​ដើមឆ្នាំ2020 នេះ ខណៈ​កាលពី​ឆ្នាំ2019 រដ្ឋបាលខេត្ត​នេះ បានចេញ​លិខិតអនុញ្ញាត​សាងសង់​បាន​ចំនួន 238គម្រោង ក្រោម​ទុនវិនិយោគ​សរុប ជាង 3លាន​ដុល្លារ​អាមេរិក។

ការលើកឡើង​ពី​សំណាក់​ក្រសួង និង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកំពត​នៅពេលនេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ពិធី​បើក​វគ្គ​ផ្សព្វផ្សាយ​ស្ដីពី “ច្បាប់​សំណង់” នៅសាលប្រជុំ​សាលាខេត្ត​កំពត កាលពី​ចុងខែ​កុម្ភៈ ឆ្នាំ2020 កន្លងទៅនេះ។

នាឱកាស​នោះ អភិបាល​ខេត្តកំពត លោក ជាវ តា​យ បាន​លើកឡើងថា វិស័យ​សំណង់​នៅក្នុង​ខេត្តកំពត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ មាន​សម្ទុះ​រីកចម្រើន​គួរឱ្យកត់សម្គាល់ ខណៈ​រដ្ឋបាលខេត្ត បាន​បង្កើន​ការត្រួតពិនិត្យ និង​គ្រប់គ្រង​សំណង់​បានល្អ​ប្រសើរ។ ជាក់ស្តែង លោក​ថា កាលពី​ឆ្នាំ2019 រដ្ឋបាលខេត្ត​បានចេញ​លិខិតអនុញ្ញាត​សាងសង់​បាន​ចំនួន 238គម្រោង ក្រោម​ទុនវិនិយោគ​សរុប 3,187,300ដុល្លារ​អាមេរិក បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ2018 គឺមាន​កំណើន 80ភាគរយ។

លោក​បន្តថា ក្នុង​ឆ្នាំ2019 កន្លងទៅនេះ ខេត្តកំពត​បាន​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ និង​គ្រប់គ្រង​សំណង់ ដោយមាន​កិច្ចសហការ​ចូលរួម​ពី​គ្រប់​ជំនាញ​ពាក់ព័ន្ធ ធ្វើ​ឱ្យវិស័យ​សំណង់​ក្នុង​ខេត្ត មាន​សម្ទុះ​រីកចម្រើន និង​មាន​លក្ខណៈ​ល្អប្រសើរ។ ជាងនេះទៀត លោក​ថា រដ្ឋបាលខេត្ត ក្រុង ស្រុក បានចេញ​លិខិតអនុញ្ញាត​សាងសង់ បាន​ចំនួន 238គម្រោង ដែលមាន​ផ្ទៃក្រឡា​សរុប 90,299ម៉ែត្រការ៉េ, ទុនវិនិយោគ​សរុប 3,187,300 ដុល្លារ​អាមេរិក បើ​ប្រៀបធៀបទៅនឹងឆ្នាំ2018 មាន​កំណើន 80 ភាគរយ ដោយមាន​ត្រឹមតែ 142គម្រោង មាន​ផ្ទៃក្រឡា​សរុប 52,008 ម៉ែត្រការ៉េ ប៉ុណ្ណោះ។

លោក​អភិបាល​ខេត្តកំពត​រូបនេះ​អះអាងថា “ប្រជាពលរដ្ឋ​ខេត្តកំពត មាន​ជីវភាព​រស់នៅ​កាន់តែ​ល្អប្រសើរ​ឡើង ពី 1ថ្ងៃ​ទៅ 1ថ្ងៃ។ ចំណែក​ទីផ្សារ​អចលនទ្រព្យ កាន់តែ​មានតម្លៃ​ខ្ពស់ សំណង់ធំៗជាច្រើន​មានការ​សាងសង់ឡើង ពិសេស​នៅក្នុង​ក្រុង​កំពត និង​ស្រុក​ទឹកឈូ រួមទាំង​តំបន់​ទីប្រជុំជន​នៅតាម​បណ្ដា​ស្រុកដទៃទៀត”។

ពាក់ព័ន្ធ​នឹង​ការលើកឡើង​នេះ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​លោក លាង មុនី​រិ​ទ្ធ បាន​ថ្លែងថា ការសាងសង់​សំណង់​ធំខ្ពស់ៗ ដែល​សម្ទុះ​នៃ​ការរីកចម្រើន​របស់​វិស័យ​សំណង់​នេះ បានទាមទារ​តម្រូវកា​រ​នៃ​ការពង្រឹង​ការគ្រប់គ្រង រាល់​ដំណើរការ និង​ប្រតិបត្តិការ​ក្នុង​វិស័យ​សំណង់ រួមជាមួយ​អ្នកពាក់ព័ន្ធ​ជុំវិញ​ការងារ សំណង់​កាន់​តែមាន​ភាពចាំបាច់​ជា​សារវន្ត។

លោក​បន្តថា ដោយសារ​វិស័យ​សំណង់​កាន់តែ​ធំ កាន់តែ​ខ្ពស់ និង​កាន់តែ​ស្មុគស្មាញ គឺ​កាន់តែ​ទាមទារ​ឲ្យ​មានការ​អនុវត្ត​យ៉ាង​ត្រឹមត្រូវ តាម​បទដ្ឋាន​គតិយុត្ត បច្ចេកវិទ្យា​ស្តង់ដា និង​បទ​ប្បញ្ញត្តិ​បច្ចេកទេស ដើម្បី​ធានា​ភាពរឹងមាំ គុណភាព សោភណភាព និង​ចីរភាព​នៃ​សំណង់ រៀបចំខ្លួន​សម្រាប់​សេដ្ឋ​កិច្ច​ឌីជីថល (Digital) ដើម្បី​ឆ្លើយតប​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី 4 ផង ដើម្បី​លើកតម្កើង​អត្តសញ្ញាណ​ជាតិ និង​ភាពសុខដុមរមនា​នៅក្នុង​សង្គម​ផង។

គួរ​រំឭក​ដែរ​ថា ពាក់ព័ន្ធ​នឹង​ភាព​រីកចម្រើន​នៃ​វិស័យ​សំណង់​នៅ​ខេត្តកំពត​នេះដែរ បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បាន​បង្ហាញថា ចាប់តាំងពី​ឆ្នាំ2016 ដល់​ដំណាច់​ខែសីហា ឆ្នាំ2019 កន្លងមក ការវិនិយោគ​ពី​ប្រទេស​ចិន នៅតាម​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ ដូចជា​ខេត្ត​ព្រះសីហនុ ខេត្តកោះកុង និង​ខេត្តកំពត លើកលែងតែ​ខេត្ត​កែប ទទួលបាន​ទុនវិនិយោគ​ប្រមាណ 2.6ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ស្មើនឹង​ប្រមាណ 11.5ភាគរយ នៃ​ទំហំ​វិនិយោគ​សរុប​នៅ​កម្ពុជា ។

របាយការណ៍​នោះបាន​បង្ហាញថា ការវិនិយោគ​នៅ​ខេត្តកោះកុង​មាន​ទំហំ​វិនិយោគ​ប្រមាណ 470លាន​ដុល្លារ​អាមេរិក ខេត្ត​ព្រះសីហនុ មាន​ទំហំ​វិនិយោគ​ចំនួន 2ពាន់​លាន​ដុល្លារ​អាមេរិក និង​ខេត្តកំពត មាន​ទំហំ​វិនិយោគ​ប្រមាណ​ជាង 100លាន​ដុល្លារ​អាមេរិក។

យ៉ាងណាក្ដី ភាគី​ពាក់ព័ន្ធ ដែល​បាន​ចូលរួម​ក្នុង​ពិធី​បើក​វគ្គ​ផ្សព្វផ្សាយ​ស្ដីពី “ច្បាប់​សំណង់” នា​ខេត្តកំពត ក៏បាន​អះអាង​ដែរ​ថា តាមរយៈ​ច្បាប់​សំណង់នឹង​ឈានទៅ​លើកកម្ពស់​សុខុមាល​ភាព​សាធារណៈគណនេយ្យភាព និង​ប្រសិទ្ធភាព​ក្នុងការ​ប្រកបការងារ និង​ប្រកប​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់ ដោយ​បង្កើន​ការជឿទុកចិត្ត របស់​វិនិយោគិន​នៅក្នុង​វិស័យ​សំណង់ និង​ជំរុញ​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ខេត្តកំពត កាន់តែ​រីកចម្រើន​ខ្លាំង នៅក្នុង​ឆ្នាំ2020 នេះ បន្ថែមទៀត៕

Advertisement