ការផ្ទុះ​វីរុស Covid-19 មិន​ប៉ះពាល់​ដល់​ការសាងសង់​លំនៅឋាន​នៅ​កម្ពុជា​នោះទេ

ការផ្ទុះ​វីរុស Covid-19 មិន​ប៉ះពាល់​ដល់​ការសាងសង់​លំនៅឋាន​នៅ​កម្ពុជា​នោះទេ

នៅតាម​ប្រទេស​មួយចំនួន​នៅលើ​ពិភពលោក​បាន​ផ្ទុះ​វីរុស​កូ​រ៉ូ​ណា ឬ Covid-19 ខណៈ​ក្រសួង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​បាន​ស្នើ​បណ្តា​ក្រុមហ៊ុន​សាងសង់​លំនៅឋាន​ទាំងអស់ កុំ​មាន​ព្រួយបារម្ភ​ខ្លាំងពេក។ ព្រោះ​វា​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ដំណើរការ​អភិវឌ្ឍ​សំណង់​លំនៅឋាន​នៅ​កម្ពុជា​នោះទេ។ នេះ​បើតាម​ការអះអាង​របស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​សមាគម​អ្នក-​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា។

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា៖“…ប្រហែលជា​យឺត​បន្តិច​ដោយសារ បញ្ហា​ការធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ វា​មិនយូរ​ទេ នឹងមាន​វិនិយោគិន​បរទេស​ជាច្រើន មក​វិនិយោគ​នៅ​កម្ពុជាបងប្អូន​ត្រូវ​សន្និដ្ឋាន​មួយ​ថា អ្វី​ដែលជា​ដំណាក់កាល​ខ្លី កុំឱ្យ​មានការ​តក់ស្លុត ហើយ​ត្រូវ​ប្រកាន់​ជំហរ​រឹងប៉ឹង…។ វិនិយោគិន​នៅក្រៅ​ប្រទេស នៅក្នុង​ខេត្ត​ព្រះសីហនុ និង​តាម​បណ្តា​ខេត្ត​នានា ក្នុងប្រទេស​កម្ពុជា ហើយ​បញ្ហា​រាំងស្ទះ​មួយចំនួន នឹង​បំពេញ​មកវិញ”។

លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នកអភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា បានឱ្យដឹង​ដែរ​ថា​សមាគម​នឹង​បន្ត​ពង្រឹង​អានុភាព​របស់ខ្លួន​ឈរលើ​ចក្ខុវិស័យ និង​ទិសដៅ​វែងឆ្ងាយ ក្នុងការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​សំណង់​លំនៅឋាន នៅតែ​ជា​តម្រូវការ​យ៉ាងខ្ពស់ ទៅ​ថ្ងៃ​អនាគត ការខិតខំ​របស់​សមា​គម ក៏ត្រូវ​តែ​បន្ត​ខិតខំ​ទៅមុខ​លើផ្លូវ​ដ៏​យូរអង្វែង។

លោក​ឧកញ៉ា បាន​មានប្រសាសន៍ថា៖“សមាគម​មាន​ទស្សនវិស័យ​មួយទៀត គឺ​លើកកម្ពស់​ស្តង់ដា វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ឱ្យ​កាន់តែ​ខ្ពស់ មិន​ផ្តោត​សំខាន់តែលើ​សំណង់​លំនៅឋាន​ប៉ុណ្ណោះ​ទេ សមាគម​ផ្តោតលើ​អគារ ខុន​ដូ អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម អគារ​ទំនើបខ្ពស់ៗ ព្រោះ​អគារខ្ពស់ៗ ជា​ប៉ូល​ដ៏​សំខាន់ នៃ​ការធ្វើទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយ​ពាណិជ្ជកម្ម​អន្តរជាតិ ការធ្វើ​សេវាកម្ម​ពាណិជ្ជកម្ម​អន្តរជាតិ ព្រម​ទាំង​ចូលរួមចំណែក​លើកស្ទួយ​សេដ្ឋកិច្ចកម្ពុជា​ផងដែរ”។ ប៉ុន្តែ អ្នកជំនាញ​អចលនទ្រព្យ​បាន​ព្យាករ​ថា សម្រាប់​ឆ្នាំ2020 វិស័យ​សំណង់​នៅ​កម្ពុជា អាច​នឹង​ថមថយ​ដោយសារតែ​កត្តាធំៗ 3។

លោក សន សៀ​ប នាយក​នៃ​ក្រុមហ៊ុន Key Real Estateបាន​ប្រាប់​ឡា​រ៉ែ​ន​ថា កត្តា​ទាំងនេះ រួមមាន ទី1- ការ​រាតត្បាត​នៃ​វីរុស​កូ​រ៉​ូណា​ដែល​ប៉ះ​ដល់​សេដ្ឋកិច្ច​ចិន ទី2- ឥទ្ធិពល​ពី​ការបិទ​ហ្គេម​អន-​ឡាញ​នៅ​ខេត្ត​ព្រះសីហនុ និង​ទី3-ការ​ថមថយ​នៃ​ការសុំ​អនុញ្ញាត​សាងសង់​គម្រោង​ថ្មី។

លោក បាន​មានប្រសាសន៍ថា៖ “ក្រោយ​ការបិទ​ហ្គេម​អន​ឡាញ​នៅ​ខេត្ត​ព្រះសីហនុ គឺមាន​ការនិយាយ​បន្ត​គ្នា​ថា សេដ្ឋកិច្ច​នៅ​ខេត្ត​ព្រះសីហនុ​គឺ​ធ្លាក់ចុះ​ខ្លាំង ដី​ជួល ផ្ទះជួល គឺ​កំពុង​ជួ​ប​បញ្ហា។ បើ​កំពុង​ជួប​បញ្ហា​ដូច្នេះ គឺ​គេ​មិន​មក​វិនិយោគថ្មីៗទេ។ នេះ​ក៏​ជា​បញ្ហា​មួយ​ដែល​យើង​ត្រូវតែ​រក​ដំណោះស្រាយ”។

លោកនាយក​ក្រុមហ៊ុន​បាន ពន្យល់ថា៖ “ចាប់​ពីខែមករា និង​ខែកុម្ភៈ ពិភពលោក​កំពុង​បារម្ភ​ពី​រឿង​កូ​វីដ-19 អ្នកវិនិយោគ​បាន​កាត់បន្ថយ​សកម្មភាព​ក្នុងអំឡុង​ពេលនេះ។ ដូច្នេះ បើ​ការ​រាតត្បាត​នេះ​បន្ត2-3ខែ​ទៀត គឺ​បាត់បង់​ឱកាស​វិនិយោគ25%ទៅហើយ។ បើ​បន្ត 6ខែ ឬ1ឆ្នាំ គឺជា​ការគួរ​ព្រួយបារម្ភ ហើយ​នេះ​គឺជា​កត្តា ដែល​គិតថា​នឹងធ្វើ​ឱ្យ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ចុះថមថយ​ក្នុងឆ្នាំនេះ”។

លោក​ សន សៀ​ប​ បាន​បន្ថែមទៀតថា៖“ប៉ុន្តែ ក្នុងដំណាក់កាល​នេះ កម្ពុជា​នៅ​មិនទាន់​ប៉ះពាល់​ច្រើន​នៅឡើយ​ទេ ពីព្រោះ​គម្រោង​ភាគច្រើន​ត្រូវបាន​គ្រោងទុក ហើយ​ជាក់ស្ដែង​វា​មិនទាន់​ប៉ះពាល់​ដល់​តម្លៃ​អចលនទ្រព្យ​នោះទេ”។

លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ធ្លាប់បាន​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា បញ្ហា​មេរោគ​កូ​វីដ-19 អាច​នឹងមាន​ផលប៉ះពាល់ ដល់​វិស័យ​អចលនទ្រព្យ​កម្ពុជា នៅក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ហើយ​យើង​ពុំទាន់​អាច​វាយតម្លៃ​ពី​ផលប៉ះពាល់ បានភ្លាមៗនោះទេ ដោយ​រង់​ចាំមើល​រហូត​ដល់​ឆមាស​ទី1 ឆ្នាំ2020នេះ។ ស្ថានការណ៍​ដ៏​តានតឹង​នេះ អាច​នឹង​បាត់​ទៅវិញ នៅពេលដែល​គេ​អាច​គ្រប់គ្រង​ជំងឺ​នេះ​បាន​ក្នុង​នៅ​រយៈពេល​ខ្លី ក្នុងពេលឆាប់ៗខាងមុខនេះ៕

Advertisement