កំពូល​មហាសេដ្ឋី​នៅ​វៀត​ណាម “បាត់​បង់​” ទ្រព្យ​អស់​មួយ​ចំណែក​ ប៉ុន្តែ​នៅ​តែអាច​​គ្រប់​គ្រង​ “តំណែង” លេខ​1​របស់​ខ្លួន​ដដែល​

កំពូល​មហាសេដ្ឋី​នៅ​វៀត​ណាម

ទ្រព្យ​សម្បត្តិ​មហា​សាល​របស់​មហា​សេដ្ឋី​លេខ​1នៅ​វៀត​ណាម គឺ​លោក Pham Nhat Vuong បាន​ថយ​ចុះ​មួយ​កម្រិត នៅ​ក្នុង​ដើម​ឆ្នាំ​2020​នេះ​។

យោង​តាម​ទិន្ន​ន័យ​បច្ចុប្បន្ន​ភាព​នៃ​តារា​ងចំណាត់​ថ្នាក់​ស្ដីអំពី​មហាសេដ្ឋីក្នុង​លោក​ ​របស់​ទស្សនាវដ្ដីអាមេរិកាំង Forbes គិត​មក​ដល់​ខែ​មីនា​ ឆ្នាំ​2020​នេះ ទ្រព្យ​សម្បត្តិ​របស់​មហាសេដ្ឋី​ទី​1​នៃ​ប្រទេស​​វៀតណាម​ លោក Pham Nhat Vuong មាន​ការ​ថយ​ចុះ​មួយ​កម្រិត។ ទ្រព្យ​របស់់មហា​សេដ្ឋី​រូប​នេះ ត្រូវ​បាន​ Forbes ចុះ​ផ្សាយ​ កាល​ពី​ថ្ងៃទី​5មីនា​ថា មាន​ចំនួន​ 6.6​ពាន់​លាន​ដុល្លារ​អាមេរិក​ ដែល​តួលេខ​នេះបង្ហាញ​ថា បាន​ថយ​ចុះ​ 1.2​ពាន់​លាន​ដុល្លារ​ បើ​ធៀប​នឹង​ខែ​មីនា​ ឆ្នាំ​មុន​។ ជាង​នេះ មក​ដល់​ថ្ងៃ​នេះ (17មីនា ឆ្នាំ2020) តួលេខ​នៃទំហំ​​ទ្រព្យ​របស់​បុរស​វ័យ​ 51​ឆ្នាំ​នេះ ត្រូវ​បាន​​ Forbes ​បន្ថយ​​មក​នៅ​ត្រឹម​ 5.7​ពាន់​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ នៅ​ Vuong នៅ​តែ​ឈរ​លំដាប់​លេខ​1​ ក្នុង​ចំណោម​មហាសេដ្ឋី​នៅ​ប្រទេស​វៀត​ណាម​ដដែល​។

មហាសេដ្ឋីវៀត​ណាម Tran Ba Duong និង​ Ho Hung Anh ក៏ជួប​បញ្ហា​ស្រដៀង​គ្នា​នេះ​ដែរ ដោយ​ទ្រព្យ​របស់​ Tran Ba Duong បាន​បាត់​បង់ (ថយ​ចុះ)​ 0.2​ពាន់​លាន​ដុល្លារ និង​មហា​សេដ្ឋី Ho Hung Anh បាត់​បង់ 0.6​ពាន់​លាន​​ដុល្លារ​។

រោងចក្រផលិត​រថយន្ត​ Vinfast របស់​លោក Pham Nhat Vuong

មហាសេដ្ឋី Pham Nhat Vuong មាន​ស្រុក​កំណើត​ និង​ទីលំនៅ​ក្នុង​ទីក្រុង​ហាណូយ​ ប្រទេស​វៀត​ណាម។ លោក Vuong មាន​អាយុ​51ឆ្នាំ និង​មាន​កូន​3នាក់​។ លោកគឺជា​មហាសេដ្ឋី​ពិភពលោក​ លំដាប់​ទី​239 នៅ​ក្នុង​​តារាង​ចំណាត់​ថ្នាក់​ របស់​ Forbes។

លោក Pham Nhat Vuong ធ្លាប់​បាន​សិក្សា​នៅ​ឯប្រទេស​រុស្ស៊ី និង​បាន​ចាប់​ផ្ដើមអាជីវកម្ម​មីដ៏​ពេញនិយម​ នៅ​​​អ៊ុយ​ក្រែន​ អំឡុង​ទសវត្សរ៍ 1990 មុន​ពេល​ត្រឡប់​មក​ប្រទេស​វៀត​ណាម។

Pham Nhat Vuong គឺជា​អគ្គនាយក​នៃ​ក្រុម​ហ៊ុន Vingruop ​ជា​ក្រុម​ហ៊ុន​ធំ​ជាង​គេ​មួយ​​នៅ​វៀត​ណាម ដែល​រក​ស៊ី​ក្នុង​វិស័យ​​អចលន​ទ្រព្យ លក់​រាយ និង​សុខាភិបាល​។ លោក​ Pham Nhat Vuong ក៏ជា​ស្ថានិក​នៃ​ក្រុម​ហ៊ុន​ផលិត​រថយន្ត VinFast​ ផងដែរ​។ ក្រៅ​ពីនេះ ក្រុម​ហ៊ុន Vingroup របស់​លោក Pham Nhat Vuong ក៏​មាន​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ជា​ច្រើន​ផ្សេង​ទៀង​។

ក្នុង​ឆ្នាំ​ 2018​ លោក Vuong បាន​ចុះ​បញ្ជី​​​ក្រុម​ហ៊ុន​ Vinhomes ដែល​ជា​ក្រុម​ហ៊ុនបុត្រ​សម្ព័ន្ធ​ផ្នែក​​អចលន​ទ្រព្យ​​​​របស់​ Vingroup ទៅ​ក្នុង​ផ្សារ​ហ៊ុន​ ហើយ​​ប្រមូល​ទុន​បាន​ 1.3​ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ក្នុងការ​បោះ​ផ្សាយ​មូលបត្រ​​ (IPO)លើក​ដំបូងមួយ​ ដែល​បាន​កំណត់​តម្លៃ​របស់​ក្រុម​ហ៊ុន​នេះ ឡើង​ដល់ 13​ពាន់​លាន​ដុល្លារ​អាមេរិក៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement