ក្រសួងកសិកម្មដាក់ចេញ​គោលការណ៍ 8ចំណុច ដើម្បី​លើកកម្ពស់​ផលិតកម្ម​សត្វ​នៅ​កម្ពុជា

ក្រសួងកសិកម្មដាក់ចេញ​គោលការណ៍ 8ចំណុច ដើម្បី​លើកកម្ពស់​ផលិតកម្ម​សត្វ​នៅ​កម្ពុជា

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចាត់ទុកថា ការលើកកម្ពស់​ផលិតកម្ម​សត្វ គឺជា​រឿង​ចាំបាច់ ដែល​ត្រូវមាន​ការយកចិត្តទុកដាក់​ខ្ពស់ ដើម្បី​លើកស្ទួយ​វិស័យ​កសិកម្ម​ដែល​កំពុង​ជួប​បញ្ហា​ប្រឈម ព្រមទាំង​អភិវឌ្ឍន៍​វិស័យ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ឆ្ពោះទៅ​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រជាកសិករ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង។

ការលើកឡើង​ពី​សំណាក់​ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នាពេលនេះ ត្រូវបាន​ធ្វើឡើង​កាលពី​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ2019 និង​ទិសដៅ​អនុវត្ត​ឆ្នាំ2020 នៅ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​កាលពីពេល​កន្លងទៅថ្មីៗនេះ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​នោះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ឯកឧត្ដម វេ​ង សាខុន បាន​លើកឡើងថា “ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យាថ្មីៗ ទាំង​ការចិញ្ចឹម ការ​បង្កាត់​ពូជ ការ​ផ្សំ​ចំណី សេចក្តីត្រូវការ​សាច់សត្វ ស៊ុត ទឹកដោះផលិតផល​មាន​ដើមកំណើត​ពីស​ត្វ កាន់តែ​កើនឡើង​ជា​លំដាប់ ហើយ​ការប្រកួតប្រជែង​ទីផ្សារ​សត្វ និង​សាច់​កាន់​តែមាន​ខ្ពស់​ឡើង”។

ផ្ទុយទៅវិញ​លោក​បាន​ថ្លែងថា ការប្រែប្រួល​អាកាសធាតុ ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក​ធ្វើឱ្យ​វិស័យ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វបាន និងកំពុង​ទទួលរ​ង​នូវ​ផលប៉ះពាល់ ដូចជា​ការខ្វះខាត​វត្ថុធាតុដើម បាត់បង់​វាលស្មៅ​ធម្មជាតិ និង​ប៉ះពាល់​ដំណាំ​ចំណី​សត្វ ការកើតឡើង​នូវ​ជំងឺឆ្លង​សត្វ​យ៉ាង​ស្រួចស្រាល់ (ជំងឺផ្តាសាយបក្សី និង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក) ដែល​មិន​គ្រាន់តែ​គំរាមកំហែង​ដល់​ផលិតកម្ម​សត្វ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ក៏​ជា​ហានិភ័យ​ដល់​សុខភាពសាធារណៈផងដែរ។

ឯកឧត្ដម​រដ្ឋមន្ត្រី បាន​បន្តថា ដូច្នេះទាំង​កត្តា​វិជ្ជមាន និង​អវិជ្ជមាន វា​ទាមទារ​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​គ្រប់​ជាន់ថ្នាក់ រួមទាំង​មន្ទីរ​កសិកម្មរុក្ខាប្រមាញ់ និង​នេសាទ​រាជធានី-ខេត្ត​ផង ត្រូវ​បង្កើន​កិច្ចសហការ​កាន់តែ​ទ្វេ​ឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឆ្នាំ2019-2023 ក្នុងការ​លើកកម្ពស់​ផលិតភាព​ផលិតកម្ម​សត្វ សុខភាព​សត្វ និង​សុខភាព​សាធារណ:។

ឆ្លៀត​ក្នុងឱកាស​នេះ​ផងដែរ ឯកឧត្ដម​រដ្ឋមន្ត្រី បាន​ក្រើនរំឭក​បន្ថែមទៀត​នូវ​អនុសាសន៍​សំខាន់​ចំនួន 8ចំណុច ដើម្បី​ជា​ធាតុ​ចូល​ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​នៃ​អគ្គនាយកដ្ឋាន​ទាំងអស់​ក្នុង​ក្រសួងកសិកម្ម សម្រាប់​ធ្វើជា​មូលដ្ឋាន​យកទៅអនុវត្ត​បន្ត ដែល​ទាក់ទង​នឹង​ការលើកកម្ពស់​ផលិតកម្ម​សត្វ រួមមាន៖

1- ត្រូវ​បន្ត​ពង្រឹង​ការងារ​គ្រប់គ្រង ដឹកនាំ និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ ពង្រីង​សាមគ្គីភាព​ផ្ទៃក្នុង គោរព​វិន័យ ក្រមសីលធម៌ និង​វិជ្ជាជីវៈ ពង្រឹង និង​ពង្រីក​សមត្ថភាព​បន្ថែម។

2- ត្រូវ​បន្ត​ពង្រឹង​ការងារ​ស្រាវជ្រាវ បណ្តុះបណ្តាលផ្សព្វផ្សាយ ពង្រឹងសមត្ថភាព និង​ប្រសិទ្ធភាព​មន្ទីរពិសោធន៍។

3- ត្រូវ​បន្ត​ពង្រឹង​ការងារ​ផ្សព្វផ្សាយ និង​អនុវត្ត​ច្បាប់​ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ និង​លិខិតបទដ្ឋាន​គតិយុត្ត​ក្រោម​ច្បាប់។

4- យកចិត្តទុកដាក់​ជំរុញ​ការងារ​ផលិតកម្ម​សត្វ ជ្រើសរើស បង្កាត់ និង​ផ្លាស់ប្តូរ​ពូជ​សត្វ ពិសេស​សត្វ​គោ តាមរយ:ការ​បង្កាត់​ពូជ​សប្ប​និម្មិត។ បន្ត​ចុះបញ្ជី​កសិដ្ឋាន​ចិញ្ចឹមសត្វ និង​ត្រូវធ្វើ​បច្ចុប្បន្នភាព​ពេទ្យសត្វ​ភូមិ។ ជំរុញ​ផលិតកម្ម​ចំណី​សត្វ ដំណាំ​ចំណី​សត្វ ការចុះបញ្ជី និង​ពង្រឹង​ប្រសិទ្ធភាព​លើ​ការគ្រប់គ្រង​ការធ្វើ​អាជីវកម្ម​ចំណី​សត្វ សារធាតុ​ផ្សំប​សុ​ឱសថ និង​វ៉ាក់សាំង។

5- លើកកម្ពស់​សុខភាព​ស​ត្វ តាមរយ:ការចាក់​ថ្នាំ​ការពារ​ជំងឺឆ្លង ការអនុវត្ត​ជីវ​សុវត្ថិភាព​នៅ​កសិដ្ឋាន និង​នៅ​កន្លែង​ផ្ទុះ​ជំងឺ​ផ្ទាល់ រួមទាំង​ពង្រឹង​ការងារ​គ្រប់គ្រង និង​ត្រួតពិនិត្យ​សត្តឃាតដ្ឋាន ការត្រួតពិនិត្យ​អនាម័យ​សាច់ ផលិតផល​សាច់ និង​ស៊ុត។

6- ពង្រឹង​យន្តការ​ត្រួតពិនិត្យ និង​គ្រប់គ្រង​ចលនា​សត្វ ផលិតផល​មាន​ដើមកំណើត​ពីស​ត្វ ស៊ុត​ចេញ- ចូល និង​នាំ​ឆ្លងកាត់ តាមដាន​ព័ត៌មាន​ស្តីពី​ស្ថានភាព​ជំងឺឆ្លង​សត្វ​នៅ​ប្រទេសជិតខាង ជាពិសេស​អនុវត្ត​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែនដោយ​ចាត់វិធានការ​ទាំង​ផ្លូវច្បាប់ និង​បច្ចេកទេស​ឱ្យខាងតែបាន និង​ទាន់ពេលវេលា មាន​ប្រសិទ្ធភាព​ចំពោះ​ការនាំ​ចូល​សត្វ​តាម​ព្រំដែន​ខុសច្បាប់។

7- លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការផ្តល់​សេវាសាធារណ: ទាន់ពេលវេលា និង​តម្លាភាព គាំទ្រ និង​លើកទឹកចិត្ត​ដល់​ការវិនិយោគ។

ទី8- ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ដើម្បី​ធានា​ប្រសិទ្ធភាព​លើ​ការអនុវត្ត​ច្បាប់ និង​បច្ចេកទេស និង​កៀរគរ​ជំនួយ​ពី​គ្រប់​ម​ជ្ឃ​ដ្ឋា​ន​ខាងក្រៅ។

បើតាម​មន្ត្រី​នាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ស្រី វុ​ឌ្ឍី ធ្លាប់បាន​លើកឡើង​ក្នុង​សន្និសីទ​ស្តីពី “បច្ចុប្បន្នភាព និង​វឌ្ឍនភាព របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ”កាលពីពេលថ្មីៗនេះ​ថា នៅក្នុង​ឆ្នាំ2019 កន្លងទៅ ការចិញ្ចឹម​សត្វ​គ្រប់​ប្រភេទ​នៅ​កម្ពុជា មានការ​កើនឡើង​ជិត 3.47ភាគរយ បើ​ធៀប​នឹង​ឆ្នាំ2018 ដែលមាន​សត្វ​សរុប​ជិត 45.8លាន​ក្បាល​ប៉ុណ្ណោះ។

ក្នុង​ឆ្នាំ2019 កន្លងទៅ លោក​ថា ការចិញ្ចឹម​មាន់ និង​ទា នៅក្នុង​ប្រទេស​កម្ពុជា មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ខណៈ​ការចិញ្ចឹម​ជ្រូក និង​គោ មានការ-​ថយចុះ​មួយកម្រិត។ ជាក់ស្តែង​លោក​បញ្ជាក់ថា ការចិញ្ចឹម​មាន់ ទា សរុប​មាន​ចំនួន 40.39លាន​ក្បាល កើនឡើង 6ភាគរយ ខណៈដែល​ការចិញ្ចឹម​គោ និង​ជ្រូក​មានការ​ថយចុះ ក្នុងនោះ​ការចិញ្ចឹម​គោ​មាន​ចំនួន 2.77លាន​ក្បាល ថយចុះ 5ភាគរយ ការចិញ្ចឹម​ជ្រូក​មាន​ចំនួន 2.18លាន​ក្បាល ថយចុះ 20ភាគរយ។

យ៉ាងណាក្ដី តាមរយៈ​អនុសាសន៍​សំខាន់​ទាំង 8ចំណុច​ខាងលើនេះ ក្រសួងកសិកម្ម​រំពឹង​ថា នឹង​ឈានទៅ​ធានា​ដល់​ការលើកកម្ពស់​ផលិតកម្ម​សត្វ​នៅ​កម្ពុជា​កាន់​ប្រសើរឡើង​មិន​ខាន៕

Advertisement