ADB ៖ សេដ្ឋកិច្ចកម្ពុជា នឹង​ខាតបង់​ប្រមាណ 350លាន​ដុល្លារនៅ​ឆ្នាំនេះ ដោយសារ​ មេរោគ​ COVID-19

ADB ៖ សេដ្ឋកិច្ចកម្ពុជា នឹង​ខាតបង់​ប្រមាណ 350លាន​ដុល្លារនៅ​ឆ្នាំនេះ ដោយសារ​ មេរោគ​ COVID-19

ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បាន​ព្យាករ​ថា ឥទ្ធិពល​នៃ​មេរោគ COVID-19 នឹង​អាច​នាំឱ្យ​កម្ពុជា​ខាតបង់​ថវិកា​យ៉ាងតិចណាស់​ជិត 350លាន​ដុល្លារ​ក្នុង​ឆ្នាំ2020 នេះ ហើយ​ទំហំ​នៃ​ការខូចខាត​មកលើ​សេដ្ឋកិច្ច​ប្រទេសមួយ​នេះ អាច​នឹងមាន​ទំហំ​កាន់តែ​ធំ​ថែម​ទៀតផង។

ធនាគារ ADB បានលើកឡើង​បែបនេះ​នៅក្នុង​របាយការណ៍​សង្ខេប​របស់ខ្លួន ដែលមាន​ចំណងជើង​ថា “អ្វី​ជា​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​បណ្ដាលមកពី​ការរីក​រាលដាល​នៃ COVID-19 នៅ​អាស៊ី?” ដែល​បានចេញ​ផ្សាយ​កាលពី​សប្ដាហ៍​មុន ដោយបាន​ព្យាករ​ពី​ផលប៉ះពាល់​មកលើ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងអស់​ក្នុង​តំបន់​អាស៊ី​ដែល​បណ្ដាល​ពី​មេរោគ COVID-19 ហើយ​ការរីក​រាលដាល​នៃ​មេរោគ COVID-19 នេះ​នឹង​ធ្វើឱ្យប៉ះពាល់​ខ្លាំង​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍ ក្នុងនោះ​រួមមាន​ទាំង​កម្ពុជា​ផងដែរ។

របាយការណ៍ បាន​លើកឡើងថា ការរីក​រាលដាល​នៃ COVID-19 កំពុង​ប៉ះពាល់​ដល់​ចិន និង​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅ​អាស៊ី រួមមាន​ការធ្លាក់ចុះ​យ៉ាងខ្លាំង​នូវ​តម្រូវការ​ក្នុងស្រុក ការថយចុះ​នៃ​សកម្មភាព​ទេសចរណ៍ និង​ការធ្វើ​ពាណិជ្ជកម្ម ព្រមទាំង​បង្អាក់​ការផ្គត់ផ្គង់​វត្ថុធាតុដើម និង​ផលប៉ះពាល់​ដល់​សុខភាព​សាធារណៈ។

បើតាម​របាយការណ៍រ​បស់ ADB បាន​បង្ហាញថា ផលិតផល​ក្នុងស្រុក​សរុប (GDP)របស់​កម្ពុជា អាច​នឹង​ខាតបង់​ប្រមាណ​ជាង 1.40% ឬ​ស្មើនឹង​ទឹកប្រាក់​ប្រមាណ​ជាង 345,7លាន​ដុល្លារ ក្នុងករណី​ប្រសិនបើ​មាន​ផលប៉ះពាល់​ក្នុង​កម្រិត​តិច​បំផុត។

របាយការណ៍​បាន​ប៉ាន់ប្រមាណ​ទៀតថា សេដ្ឋកិច្ចកម្ពុជា​អាច​នឹង​ខាតបង់​កំណើន​ប្រមាណ​ជិត 2% ឬ​ស្មើនឹង​ជាង 473លាន​ដុល្លារ ក្នុងករណី​មាន​ផលប៉ះពាល់​ក្នុង​កម្រិត​មធ្យម ហើយ​កំណើន​សេដ្ឋកិច្ចកម្ពុជា អាច​នឹង​បាត់បង់​ក្នុង​រង្វង់​ជិត 3.5% ក្នុងករណី​ផលប៉ះពាល់​មាន​កម្រិត​ខ្ពស់។

ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បាន​កត់សម្គាល់​ក្នុង​សេចក្តី​សង្ខេប​របស់ខ្លួន​ថា៖“របាយការណ៍​នេះ គឺធ្វើឡើង​ក្នុង​បំណង​ឱ្យ​អ្នករៀបចំ​គោលនយោបាយ​នៃ​បណ្ដា​ប្រទេសនីមួយៗ ត្រៀម​រៀបចំ​យុទ្ធសាស្ត្រ​នានា​ក្នុងការ​បង្ការ​ហានិភ័យ និង​ឆ្លើយតប​ឱ្យបាន​ទាន់ពេលវេលា”។

មន្ត្រី​នៃ​ក្រសួង​ការងារ បានទទួល​ស្គា​ល់ពី​ផលប៉ះពាល់​មកលើ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​រប​ស់​កម្ពុជា ដែល​បណ្ដាលមកពី​ការផ្ទុះ​ឡើង និង​ការរីករាលដាល​នៃ​មេរោគ​វីរុស​កូ​រ៉ូ​ណា​ថ្មី ដែល​បាន​វាយប្រហារ​ទៅលើ​ចង្វាក់​នៃ​ការផ្គត់ផ្គង់​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​កាលពីពេល​កន្លងមក។ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​សរុប33 ហើយ បានស្នើ​សុំ​ព្យួរ​កិច្ចសន្យាការងារ​រយៈពេល 2សប្ដាហ៍ (ថ្ងៃទី4 ខែមីនា ឆ្នាំ2020)។

ឯកឧត្តម ហេង សួរ អ្នកនាំពាក្យ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍​ឱ្យដឹងថា កម្មករនិយោជិត​ចំនួន 17,096នាក់ នៃ​ចំនួន​កម្មករនិយោជិត​បម្រើ​ការងារ 62,087នាក់ ដែល​ធ្វើការ​នៅក្នុង​រោងចក្រ​ទាំង33 នោះ នឹងត្រូវ​ផ្អាក​ការងារ ដោយសារតែ​កង្វះខាត​វត្ថុធាតុដើម​ដែល​នាំចូល​ពី​ប្រទេស​ចិន ជាទី​ដែល​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​បាន​ផ្ទុះឡើង និង​រីក​រាលដាល​ទូទាំង​ពិភពលោក​ចាប់តាំងពី​ចុងឆ្នាំ​មុន​មក។

ប៉ុន្តែ កាលពីដើម​សប្ដាហ៍​កន្លងទៅ លោក លូ គឹមឈុន អគ្គនាយក​កំពង់ផែ​ព្រះសីហនុ បាន​ប្រាប់​កាសែត​ក្នុងស្រុក​មួយ​ថា កាលពី​ថ្ងៃ​អង្គារ មាន​នាវា​ដឹក​កុងតឺន័រ​ចំនួន5 ដែល​បាន​ផ្ទុក​ដោយ​វត្ថុធាតុដើម​សម្រាប់​រោងចក្រ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​ហើយ។

ដោយឡែក​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ជា​សាធារណៈ​កាលពី​ខែ​មុន​ថា ការឆ្លង​រីក​រាលដាល​នៃ​មេរោគ​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ កំពុងតែ​វាយប្រហារ​ដោយផ្ទាល់​ទៅលើ​វិស័យ​ទេសចរណ៍​កម្ពុជា ដែល​ទទួលបាន​ភ្ញៀវទេសចរ​ចិន​ដល់​ទៅ​ជាង 30% នៃ​ភ្ញៀវទេសចរ​បរទេស​សរុប​ចូល​មកលេង​កម្ពុជា។

តែ​ទោះជា​យ៉ាងណាក្ដី សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា កាលពី​ថ្ងៃទី10 ខែមីនា កម្ពុជា​បាន​ត្រៀម​ថវិកា​ចន្លោះ​ពី 800លាន​ដុល្លារ​ទៅ 2,000លាន​ដុល្លារ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច និង​សុខភាព​សាធារណៈ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា៖ “យើង​មាន​សេណារីយោ​ទប់ទល់​នឹង​កូ​វីដ-19នេះហើយ។ បើ​កូ​រ៉ូ​ណា​អូសបន្លាយ​រយៈពេល 6ខែ យើង​ត្រៀម 800លាន​ដុល្លារ ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច។ យើង​ក៏បាន​ប៉ាន់​ស្មានថា សេដ្ឋកិច្ច​ធ្លាក់​កំណើន​ប៉ុនណា ផលប៉ះពាល់​ធំ​ប៉ុនណា? បើ​វា​កើត​ដល់1ឆ្នាំ យើង​ត្រូវ​ប៉ះប៉ូវ​នូវ​ទំហំ​ទឹកប្រាក់​ប៉ុនណា? អ៊ីចឹង វា​ស្ថិតនៅ​ចន្លោះ​ពី 800លាន​ទៅ 2,000លាន​ប៉ុណ្ណឹង បើ​វា​អូសបន្លាយ​ដល់ 1ឆ្នាំ។ ខ្ញុំ​គិតថា ពិភពលោក​នឹង​ខិតខំ​ដោះស្រាយ​បញ្ហា​នេះ”។

អ្នកស្រាវជ្រាវ​នៃ​ស្ថាប័ន​រាជបណ្ឌិត្យសភាកម្ពុជាលោក​បណ្ឌិត គី សេរី​វឌ្ឍន៍ បាន​លើកឡើងថា បញ្ហា​មេរោគ​កូ​វីដ-19 នេះ ជា​បញ្ហា​របស់​សកលលោក ដែល​ទាមទារ​ឱ្យ​ប្រទេស​ទាំងអស់​រួមគ្នា​ដោះស្រាយ។

លោក​មានប្រសាសន៍ថា ជំងឺ​នេះ​បង្ក​ឱ្យ​ប៉ះពាល់​ជំហាន​ដំបូង​ដល់​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កម្ពុជា “រដ្ឋាភិបាល​កម្ពុជា​ត្រូវ​រៀបចំខ្លួន​ឱ្យបាន​ល្អ ចំពោះ​បញ្ហា​នេះ។ សំខាន់ រដ្ឋាភិបាល​ត្រូវ​ប្រឈម​នឹង​ការចំណាយ​ខ្ពស់​ដើម្បី​ទប់ទល់​នឹង​កូ​វីដ-19នេះ។ កម្ពុជា​ត្រូវធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​របស់ខ្លួន​ឱ្យទាន់​ពេលវេលា និង​ឱ្យទាន់​សភាពការណ៍”។

ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ក៏បាន​ឱ្យដឹង​ដែរ​ថា ទំហំ​នៃ​ផលប៉ះពាល់​សេដ្ឋកិច្ច នឹង​អាស្រ័យ​លើ​របៀប​ដែល​ការផ្ទុះ​ឡើង​នៃ​មេរោគ COVID-19 នៅតាម​បណ្ដា​ប្រទេសនីមួយ។ ADB បាន​បង្ហាញថាការផ្ទុះ COVID-19 នាំឱ្យ​ប៉ះពាល់​សេដ្ឋកិច្ច ជា​សកល​មាន​ទំហំ​ពី 77ពាន់​លាន​ដុល្លារ​ទៅ 347ពាន់​លាន​ដុល្លារ ឬ​ស្មើនឹង 0.1% ទៅ 0.4% នៃ​ទំហំ​សេដ្ឋកិច្ចពិភពលោក​ទាំង​មូល។

ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​បញ្ជាក់ថា នៅក្នុង​ការវិភាគ​ដែល​បាន​គូសបញ្ជាក់​ពី​សេណារីយោ​ដែល​ល្អ​បំផុត និង​អាក្រក់​បំផុត​ថា កំណើនសេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ចិន អាច​នឹង​ត្រូវបាន​កាត់​បន្ថយ​ត្រឹម 0.3% ស្មើនឹង 1.7% និង​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅ​អាស៊ី ដោយ​មិន​រាប់បញ្ចូល​ប្រទេស​ចិន អាច​នឹង​ត្រូវបាន​កាត់​បន្ថយ​ត្រឹម 0.2% ស្មើនឹង 0.5%។

លោកស្រី Kristalina Georgieva នាយក​គ្រប់គ្រង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF បាន​មានប្រសាសន៍​នាពេល​កន្លងមក​ថា៖“ការរីក​រាលដាល​នៃ​វីរុស​នេះ បានធ្វើឱ្យ​បាត់​ក្តីសង្ឃឹម​សម្រាប់​កំណើនសេដ្ឋកិច្ច​កាន់តែខ្លាំង​នៅ​ឆ្នាំនេះ ហើយនឹង​ធ្វើឱ្យ​ទិន្នផល​សកលលោក​ឆ្នាំ2020 ឈានដល់​ល្បឿន​យឺត​បំផុត ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ2008-2009 មក”។

ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹង​ទៀតថា ការផ្ទុះ​ឡើង​នៃ​វីរុស​នេះ អាច​នាំឱ្យមាន​ការធ្លាក់​ចុះ​យ៉ាងខ្លាំង​នៅក្នុង​តម្រូវការ​ក្នុងស្រុក ទេសចរណ៍ និង​ការធ្វើ​ដំណើរការ​អាជីវ​កម្ម ពាណិជ្ជកម្ម និង​ផលិតកម្ម ការរំខាន​ដល់​ការផ្គត់ផ្គង់ ការធ្វើឱ្យ​ប៉ះពាល់​ដល់​កំ​ណើ​ន​នៅ​តំបន់​អាស៊ី​ដែល​កំពុងអភិវឌ្ឍន៍។

ធនាគារ ADB ក៏បាន​ឱ្យដឹង​ទៀត​ដែរ​ថា ខ្លួន​កំពុងផ្តល់​ថវិកា​ចំនួន 12ពាន់​លាន​ដុល្លារ​ជាបន្ទាន់ដើម្បី​ជួយ​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍ កែលម្អ​សេវាកម្ម​សុខភាព ការឃ្លាំមើល​ជំងឺ ការទទួលបាន​ការផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្ត្រ និង​ដើមទុន​សម្រាប់​អាជីវកម្ម​ជាដើម៕

Advertisement