ធនាគារអភិវឌ្ឍន៍អាស៊ីថា សេដ្ឋកិច្ច​កម្ពុជា​ ងាយ​រង​ផលប៉ះពាល់​ជាងគេ​ក្នុង​តំបន់ កំឡុងពេលកូវីដ-19 កំពុងរាតត្បាត

ធនាគារអភិវឌ្ឍន៍អាស៊ីថា សេដ្ឋកិច្ច​កម្ពុជា​ ងាយ​រង​ផលប៉ះពាល់​ជាងគេ​ក្នុង​តំបន់ កំឡុងពេលកូវីដ-19កំពុងរាតត្បាត

ដោយសារ​តែ​ការរីករាលដាល​កូវីដ​-19 ជុំវិញ​ពិភពលោក និង​ក្នុង​តំបន់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ព្យាករ​ថា កម្ពុជា​ជា​ប្រទេសមួយ​ដែល​ទទួលរង​ផលប៉ះពាល់​ខ្លាំង​បំផុត​ដល់​សេដ្ឋកិច្ច​របស់ខ្លួន​ធៀប​នឹង​បណ្ដា​រដ្ឋ​ជា​សមាជិក​អាស៊ាន​ 9 ​ផ្សេង​ទៀត​។

ADB កាលពី​ដើមខែ​នេះ​បាន​ប៉ាន់ប្រមាណ​ថា កម្ពុជា​នឹង​ខាតបង់​ជាង​ 390 ​លាន​ដុល្លារ​ លើ​ផលប៉ះពាល់​ដោយសារ​តែ​ការរីករាលដាល​កូវីដ​19 ឬ​ធ្លាក់ចុះ​ 1,59 ​ភាគរយ​ នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) នៅ​ឆ្នាំ​នេះ ដែល​បណ្ដាល​ឱ្យប្រទេស​នេះ​ជា​ប្រទេស​មាន​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ខ្លាំង​បំផុត​ដែល​បាន​បង្កឡើង​ដោយ​ការរីករាលដាល​កូវីដ​19 ក្នុងចំណោម​រដ្ឋ​ជា​សមាជិក​អាស៊ាន​ផ្សេងទៀត​។

រដ្ឋាភិបាល​បាន​ទម្លាក់​ការព្យាករ​កំណើន​សេដ្ឋកិច្ច​របស់ខ្លួន​នៅ​ឆ្នាំនេះ​មក​នៅ​ត្រឹម​ 6,1 ​ភាគរយ​ ពី​ការព្យាករ​លើកមុន​របស់ខ្លួន 6,5 ​ភាគរយ ​ដោយសារ​ការរីករាលដាល​កូវីដ​-19 ការប្រែប្រួល​អាកាសធាតុ និង​ភូមិសាស្ដ្រ​នយោបាយ​។

ADB បាន​ឱ្យ​ដឹងថា ផលប៉ះពាល់​លើ​ពិភពលោក​ចាប់ពី​ 77 ​ពាន់​លាន​ដុល្លារ​ ទៅ​ 347 ​ពាន់​លាន​ដុល្លារ​ក្នុង​នោះ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​មាន​ចំនួន​ 2 ​ភាគ​ 3 នៃ​ចំនួន​សរុប​។

ADB បាន​បន្តថា ការរីក​រាលដាល​កូវីដ​-19 ​ជា​បន្ត​ប៉ះពាល់​ដល់​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្សេងទៀត​តាមរយៈ​បណ្ដាញ​ជាច្រើន​ដែល​រួមមាន​ការធ្លាក់ចុះ​យ៉ាង​ខ្លាំង​ផ្នែក​តម្រូវការ​ក្នុងស្រុក ទេសចរណ៍ និង​ការធ្វើ​ដំណើរ​អាជីវកម្ម​កាន់តែ​ទាប ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការផលិត​ការរំខាន​ការផ្គង់ផ្គង់ និង​ផលប៉ះពាល់​ផ្នែក​សុខភាព​។

បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍​ភាគច្រើន​កំពុង​ឆ្លើយតប​នឹង​ការរីករាលដាល​កូវីដ-19​ រួចហើយ​តាម​មធ្យោបាយ​ផ្សេងៗ​។ រដ្ឋាភិបាល​ជាច្រើន​បាន​ប្រមូល​កម្លាំង​ពិសេស​អន្តរ​ភ្នាក់ងារ និង​យន្តការ​សម្របសម្រួល​ផ្សេងទៀត ដើម្បី​ធានា​ការឆ្លើយតប​ប្រកប​ដោយ​ការចុះ​សម្រុង​គ្នា​។ នេះ​បើ​យោងតាម ADB​។

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ដើមខែ​នេះ​បាន​ឲ្យ​ដឹងថា ​រដ្ឋាភិបាល​បាន​លៃ​ទុក​ប្រាក់​ចន្លោះ​ពី​ 800 ​លាន​ដុល្លារ ​ទៅ​ 2​ពាន់​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​សេដ្ឋកិច្ច ដោយសារ​តែ​ការរីករាលដាល​កូវីដ-​19 ដែល​រួមទាំង​ 30លាន​ដុល្លារ ដើម្បី​ផ្ដល់​ហិរញ្ញប្បទាន​ក្នុង​ការគាំទ្រ​ដល់​ក្រសួង​សុខាភិបាល​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​កូវីដ-​19៕

Advertisement