កសិដ្ឋានចិញ្ចឹមមាន់សាច់ “3PLE FARM” កំពុងពង្រឹងខ្លួន ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស

ដោយសារតែជំងឺជាច្រើនបានវាយលុក នៅលើវិស័យកសិកម្ម នៅតាមតំបន់ និងប្រទេស​ជិតខាង ដូចជាជំងឺសារ៍(SARS) ជំងឺH1N1, ជំងឺគ្រុនផ្តាសាយបក្សី និងជំងឺប៉េស្តជ្រូកអាហ្វ្រិក ជាដើម ហើយថ្មីៗនេះក៏មានជំងឺកូវីដ19 ទៀតផងនោះ បានធ្វើ​ឱ្យ​ប្រទេសកម្ពុជាទទួលរងនូវជំងឺទាំងនោះផងដែរ និងបាន​ធ្វើឱ្យ​វិស័យកសិកម្មកម្ពុជា នៅតែមិន​អាច​វិវឌ្ឍ​ខ្លួន​ឱ្យរីកចម្រើនបាននៅឡើយ។

ប៉ុន្តែទោះជាយ៉ាងណាក្តី​ យើងសង្កេតឃើញពីការខិតខំប្រឹងប្រែងរបស់កសិករ និងរដ្ឋាភិបាល ដែលបានជម្នះ​បញ្ហាទាំងនេះ បង្កើនការចិញ្ចឹមសត្វ​ ក្នុងវិស័យកសិកម្មឱ្យបានរីកចម្រើន។ ដូចជាក្រុមហ៊ុន 3PLE FARM ដែលបានធ្វើកសិដ្ឋាន​ចិញ្ចឹមមាន់​សាច់ មួយរយៈកន្លងមក និងបច្ចុប្បន្នកំពុងតែពង្រឹងខ្លួន ​ដើម្បីស្វែង​​រកទីផ្សារផ្គត់ផ្គង់សាច់មាន់សម្រាប់អតិថិជនកម្ពុជា ​និងនាំចេញ។

លោក ថុល រិទ្ធិស័ក្តិ អ្នកគ្រប់គ្រងទូទៅ ដែលមានជំនាញផ្នែកលក់ បានប្រាប់កាសែតឡារ៉ែន​ពាណិជ្ជ​ឱ្យ​ដឹងថា៖«ខ្សែចង្វាក់ផលិតកម្មរបស់សត្តឃាតដ្ឋានយើង ដែលបានចាប់​ផ្តើមសាកល្បងដំណើរ​ការ​កាលពីខែមេសា ឆ្នាំកន្លងទៅ មានទីតាំងនៅភូមិឈើទាល ឃុំជម្ពូវ័ន្ត ស្រុកជុំគីរី ខេត្តកំពត»។

លោកបន្តថា៖«សត្តឃាត​ដ្ឋាន​នេះ​បានបំពាក់ទៅដោយឧបករណ៍ និងសម្ភារបច្ចេកទេស​ទំនើបស្វ័យ​ប្រវត្តិមក​ពីសហភាពអឺរ៉ុប អាមេរិក និងអូស្រ្តាលី ដោយសហការវិនិយោគជា​មួយក្រុមហ៊ុន​ម៉ា​ឡេស៊ី។​ ​ដោយ​ឧបករណ៍បច្ចេកទេសទាំងនេះ ធានាបាននូវអនាម័យ គុណភាព និងសុវត្ថិភាព​លើ​ផលិត​ផលសាច់ ​ឆ្លើយ​តប​បានយ៉ាងពេញលេញតាមតម្រូវការទីផ្សារ និងតម្រូវចិត្តអ្នកបរិភោគ ដែលតែងតែ​គិត និងបារម្ភ​អំពី​គុណ​ភាពសាច់ខ្វះអនាម័យនាពេលបច្ចុប្បន្ន»។

លោកបានឱ្យដឹងថា សត្តឃាតដ្ឋានរបស់ក្រុមហ៊ុន 3PLE FARM មានសមត្ថភាព ​ពិឃាត​មាន់ បានចំនួន 12ពាន់ក្បាល ក្នុង​1ថ្ងៃ ដោយប្រើកម្លាំងពលកម្ម 50នាក់។

លោក រិទ្ធិស័ក្តិ បានឱ្យ​ដឹងទៀតថា៖«កសិដ្ឋានមាន់របស់ក្រុមហ៊ុន 3PLE FARM របស់ខ្ញុំ ក្នុង1ឆ្នាំ ចិញ្ចឹម​មាន់បានប្រមាណជាង 1លានក្បាល ជាប្រភេទ​មាន់សាច់។ ក្នុងការចិញ្ចឹម​មាន់​សាច់នេះ កសិដ្ឋាន​របស់​ខ្ញុំ បានចាប់ផ្ដើមតាំងពីឆ្នាំ2016 មករហូតដល់បច្ចុប្បន្ន យើងមានរោងចក្រ​សត្តឃាតដ្ឋានដែលបានដំណើរការនៅឆ្នាំ2018 លើផ្ទៃដី 8ហិកតា»។
លោកបានមានប្រសាសន៍ឱ្យដឹងថា៖«ក្នុង 1ថ្ងៃ កសិដ្ឋានរបស់ខ្ញុំមានសមត្ថភាព​បញ្ចេញ​មាន់បាន 3,000ក្បាលទៅក្នុងទីផ្សារ ដោយការចិញ្ចឹមមាន់សាច់នេះ ត្រូវប្រើរយៈពេលចិញ្ចឹម 35ថ្ងៃ​ទៅ 40ថ្ងៃ យើងនឹងបានទទួលផលហើយ ដោយមាន់ 1ក្បាល អាចមានទម្ងន់ជាមធ្យមពី ​2.2 ទៅ 2.4គីឡូ​​ក្រាម»។

លោក រិទ្ធិស័ក្តិ ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុន 3PLE FARM មានលក្ខណៈប្លែកពីគេត្រង់ថា ​ក្រុម​ហ៊ុន​​មាន​កន្លែងពន្លះសាច់ លាងសម្អាត និងវេចខ្ចប់ដោយខ្លួនឯង ដែលជាក្រុម​ហ៊ុនដំបូងគេនៅ​ស្រុកខ្មែរ។ មានន័យថា យើងធ្វើដោយខ្លួនឯង ដោយ​​​កាត់ជាផ្នែកៗ រួចយើងរៀបចំវេចខ្ចប់ដោយម៉ាស៊ីនស្តង់ដាទំនើប រួចទើបបញ្ជូនទៅ​ឱ្យអតិថិជន ដូចជាភោជនីយដ្ឋាន និងសណ្ឋាគារធំៗ​។

លោកបញ្ជាក់ទៀតថា សម្រាប់មាន់សាច់​នៅស្រុកខ្មែរយើង មាន់សាច់ក្នុងកសិដ្ឋានរបស់លោក មាន​ទីផ្សារ​គោលដៅគឺ​ហាងធំៗ ដោយហាងទាំងនោះ ត្រូវការគុណភាពសាច់មាន់ប្រភេទនេះ។ ដូច្នេះ​គេ​បាន​ទទួលស្គាល់មាន់សាច់របស់យើង ដែលយើងបានចរាចរលើទីផ្សារកន្លងមក។

លោក រិទ្ធិស័ក្ត បានបញ្ជាក់ឱ្យដឹងថា៖«ក្នុងការលក់ តាមសាច់មាន់របស់ខ្ញុំ គឺមាន់ទាំង​មូល​លក់​ក្នុងតម្លៃ 3.5ដុល្លារ ក្នុង 1គីឡូក្រាម។ សាច់ទ្រូងសុទ្ធតម្លៃ 4.8ដុល្លារ ក្នុង 1គីឡូក្រាម​, ស្លាប​លក់​តម្លៃ 4ដុល្លារ ក្នុង 1គីឡូក្រាម។​ ការលក់សាច់មាន់តាមផ្នែកនេះ គឺយើងមានកម្មករដែលរៀបចំ​សាច់តាមផ្នែក ដោយមានជំនាញ ស្តង់ដា ​ហើយក្នុងមាន់មួយ យើងអាចលក់បានតាំងពីជើង ដល់​គ្រឿងក្នុង ហើយ​ការ​​​លក់ គឺលក់ជាប្រចាំតែម្តង ដោយពុំឱ្យមានអាក់ខានឡើយ»។

លោកបានបញ្ជាក់ឱ្យដឹងថា៖«មាន់នៅកសិដ្ឋានខ្ញុំ ខ្ញុំបានប្រើម៉ាក PAMAK All Natural CHIC​KEN ហើយការធ្វើកសិដ្ឋាននេះ ​ខ្ញុំប្រើកម្មករប្រមាណ 50នាក់ ដែលពួកគាត់មានជំនាញ ​និង​បទពិសោ​ធច្បាស់លាស់ រួមទាំងជនជាតិអារ៉ាប៊ីសាអ៊ូឌីត​ និងហ្វីលីពីនដែលជាកម្មករជំនាញផងដែរ ​ហើយយើង​ក៏មា​ន​​​​ការ​រក្សា​សុវត្ថិ​ភាព និងការ​ពារ​សុខភាពពួកគេទៀតផង»។

លោក រិទ្ធិស័ក្តិ បានឱ្យដឹងទៀតថា៖«មាន់សាច់នៅក្នុងកសិដ្ឋានរបស់ខ្ញុំ មានមនុស្សជា​ច្រើន​ក្នុងសង្គម​បច្ចុប្បន្ន ដែលចង់បានគុណភាព ស្អាត អនាម័យ ដូច្នេះកសិដ្ឋាន​របស់ខ្ញុំ គឺមានសាច់មាន់​ប្រភេទ​ហ្នឹងដាក់លក់នៅទីផ្សារ»។

ជាមួយគ្នានេះដែរ លោកបានបញ្ជាក់ថា កសិដ្ឋានលោក ក៏មានគំនិត​ចិញ្ចឹមមាន់សាច់នេះ​ ក្នុងលក្ខណៈមួយដែលទីផ្សារក្នុងស្រុកកំពុងត្រូវការ នាពេលបច្ចុប្បន្នដែរ គឺ៖

ទី1-កសិដ្ឋានចិញ្ចឹមមាន់ និងផលិតសាច់មាន់នេះ បានចិញ្ចឹម​មាន់​ និង​ផលិតសាច់មាន់ក្នុង​គោល​បំណងជួយទប់ស្កាត់ និងការពារ និងកាត់បន្ថយការនាំចូលមាន់ពីខាងក្រៅ និងផ្គត់ផ្គង់​ទី​ផ្សារ​ក្នុងស្រុក​ឱ្យ​បានគ្រប់គ្រាន់។

ទី2-គឺជាផលិតផលខ្មែរសុទ្ធសាធ ដែលខ្មែរអាចធ្វើ និងផលិតបាន និងជាផលិតផល​នាំមុខ​​គេ ក្នុងស្រុកខ្មែរផងដែរ។

លោកថុល រិទ្ធិស័ក្តិ បានបញ្ជាក់ថា៖«រោងចក្រកសិដ្ឋាន សម្អាត និងវេចខ្ចប់​មាន់សាច់​របស់​​ខ្ញុំ នេះ ខ្ញុំ​បានប្រើ​ប្រាស់​ថវិកាប្រមាណជិត 10លានដុល្លារសម្រាប់ការងារនេះ ហើយមាន់​សាច់របស់ខ្ញុំ​បាន​លក់​ចូលក្នុងទីផ្សារ ដែលមាន់នេះមាន​ការសហការ និងយក​ពូជមក​ពីប្រទេសថៃ។ ចំពោះ​​ចំណី​អា​ហារវិញ យើងមានរោងចក្រផលិតជាក្រុមហ៊ុនក្នុងស្រុក ដែលផលិតចំណីសត្វរបស់ប្រទេសកូរ៉េ។

ទោះជាយ៉ាងណាក្តី លោក រិទ្ធិស័កិ្ត បានឱ្យដឹងថា កសិដ្ឋានចិញ្ចឹមមាន់សាច់របស់​លោក មិន​ទាន់​បាននាំចេញទៅក្រៅប្រទេសទេ បានត្រឹមតែផ្គត់ផ្គង់ទីផ្សារក្នុងស្រុកប៉ុណ្ណោះ ប៉ុន្តែ​យើងមានការទំនាក់​ទំនង​ពីទីផ្សារខាងក្រៅមកច្រើនហើយ យើងកំពុងតែជជែក​គ្នាសិន។

លោក ថុល រិទ្ធិស័ក្តិ បានបញ្ជាក់ថា៖«ខ្ញុំសង្ឃឹមថា នឹង​រៀបចំធ្វើការ​ងារនេះ ​​​ តែពេលស្ថិត​ក្នុងដំណាក់កាលជជែកគ្នានេះ ខ្ញុំក៏មានគម្រោងពង្រីកការផលិត សម្រាប់​ការនាំចេញ​ទៅ​ទី​ផ្សារក្រៅប្រទេសដែរ។​ ចំពោះ​ការដាក់​លក់​​មាន់សាច់នៅក្នុងគ្រប់ទីផ្សារទំនើប ​ក៏ជាទិស​ដៅ​របស់កសិដ្ឋានខ្ញុំ​ដែរ ហើយក្រុមហ៊ុន​របស់ខ្ញុំក៏កំពុងចរចាផងដែរ តែពុំទាន់បានលទ្ធផលនៅឡើយ ក៏ប៉ុន្តែខ្ញុំជឿជាក់ថា​វានឹងទទួលបានផលវិជ្ជមានក្នុងពេល​ឆាប់ៗនេះ៕

Advertisement