ពន្ធប្រាក់ចំណូលក្នុងវិស័យវាយនភណ្ឌ ត្រូវបានលើកលែង

ការកាត់បន្ថយ​ផលប៉ះពាល់​នៃ​បញ្ហា​ប្រឈម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​បាន​សម្រេច​អនុគ្រោះ​ពន្ធ​លើ​ប្រាក់ចំណូល​របស់​សហគ្រាស​ឧស្សាហកម្ម​ ផ្នែក​វាយនភណ្ឌ​កាត់ដេរ ​សម្រាប់​ឆ្នាំ​2020 ដែល​រង​ផលប៉ះពាល់​ដោយសារ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​លើកលែងតែ​អាវុធ​ (EBA)» របស់​សហភាព​អឺរ៉ុប​។ នេះ​បើ​តាម​ប្រកាស​របស់​ក្រសួង​​។

បើ​យោង​តាម​ប្រកាស​ ស្តីពី​វិធានការ​ផ្នែក​ពន្ធដារ​ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៃ​បញ្ហា​ប្រឈម​លើ​សហគ្រាស​ឧស្សាហកម្ម​ផ្នែក​វាយនភណ្ឌ​កាត់ដេរ រដ្ឋាភិបាល​បាន​សម្រេច​ធ្វើការ​អនុ គ្រោះ​ពន្ធ​លើ​ប្រាក់ចំណូល​សម្រាប់​ឆ្នាំនេះ​ដល់​សហគ្រាស​វាយនភណ្ឌ​ផលិត​សម្លៀកបំពាក់ ស្បែក ជើង កាបូប​យួរដៃ កាបូបដៃ និង​មួក ​ក្នុង​រយៈពេល 6​ខែ​សម្រាប់​សហគ្រាស​ដែល​រង​ផលប៉ះពាល់​ក្នុង​កម្រិត​ពី 20% ​ទៅ 39% ​ត្រូវ​បាន​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ 50%​នៃ​ប្រាក់​ពន្ធ​ត្រូវ​បង់​សរុប​។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​បានមានប្រសាសន៍ឱ្យដឹង ថា ចំណែក​សហគ្រាស​ដែល​រង​ផលប៉ះពាល់​ពី​ 40% ​ទៅ 100% ​ភាគរយ ​ត្រូវបាន​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​ 100% ​នៃ​ប្រាក់ពន្ធ​ដែលត្រូវ​បង់​សរុប​។

ប្រកាស​ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុមាន 7​ប្រការ ​​បាន​បង្ហាញថា មាន​វិសាលភាព​អនុវត្តន៍ចំពោះ​សហគ្រាស​ឧស្សាហកម្ម​ ផ្នែក​វាយន​ភណ្ឌ​កាត់ដេរ​នៅ​កម្ពុជា។ ដើម្បី​ទទួលបាន​ការលើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​នេះ ​សហ​គ្រាស​ត្រូវដាក់​ឯកសារ​បញ្ជាក់​ពី​ទំហំ​ផលប៉ះពាល់​ជាក់ស្តែង​ពី​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ក្នុងអំឡុង​ពេល​ប្រកាស​ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​។

ការសម្រេច​ព្យួរ EBA ដោយ​គណៈកម្មការ​អឺរ៉ុប​ សម្រាប់​ទំនិញ​នាំចូល​ទីផ្សារ​អឺរ៉ុប 1/5 នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​លើកលែង​តែ​អាវុធ​ (EBA)» ដែលមាន​ទឹកប្រាក់​សរុប​ប្រមាណ​ជាង 1ពាន់​លាន​ដុលា្លរ ​1ឆ្នាំ​។

សមាគម​រោងចក្រ​កាត់ដេរ (GMAC) ​បានលើកឡើងថា ស្របពេល​អ្នកបញ្ជា​ទិញ​ធំៗ​មួយ​ចំនួន ​បាន​សម្រេច​ផ្អាក​ការបញ្ជា​ទិញ​ពី​កម្ពុជា ​ដោយសារ​ការរាលដាល​នៃជំងឺ​កូវីដ-19​ ការ​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​នេះ ​ហាក់​មិនបាន​ជួយ​សម្រាល​បន្ទុក​ច្រើន​ប៉ុន្មាន​ទេ​ដល់​វិស័យ​ឧស្សាហកម្ម​វាយ​នភណ្ឌ​កាត់ដេរ​កម្ពុជា​។

លោក​ កាំង ម៉ូនីកា ​អគ្គលេខាធិការ​ GMAC ​ថ្លែងថា​៖ «​យើង​មិន​រំពឹងថា ឆ្នាំនេះ​សហគ្រាស​វាយនភណ្ឌ​កាត់ដេរ​នៅ​កម្ពុជា​ ទទួល​បាន​ប្រាក់ចំណេញ​ទេ​។ អ្វី​ដែលជា​បញ្ហា​ប្រឈម​ធំ​របស់​រោងចក្រ​ពេលនេះ និង​ពេល​ខ្លី​ខាងមុខ ​គឺ​បញ្ហា​លំហូរ​សាច់ប្រាក់​ (Cash flow) ព្រោះ​យើង​មិនអាច​ដឹកទំនិញ​ទៅ​ឱ្យ​អ្នក​បញ្ជា​ទិញ​បាន យើង​ក៏​អត់​បានការ​ទូទាត់​សាច់ប្រាក់​ដែរ ដូច្នេះ​រោងចក្រ​អត់​មាន​លុយ​សម្រាប់​បើកប្រាក់​ខែ​ឱ្យកម្មករ​និយោជិត​នោះទេ​»​។

សហភាព​ការងារ​កម្ពុជា​ (CLC) ក៏បានលើកឡើង​​ដែរថា ទោះបី​យ៉ាង​ណា ​វិស័យនេះ​កំពុង និង​មានកង្វះ​ទី​ផ្សារ ​ដោយសារ​តែការផ្អាក​ពី​អ្នកបញ្ជា​ទិញ​។ វិធាន​ការលើកលែង​ពន្ធ​លើ​ប្រាក់​ចំណេញ​នេះ ​នឹង​ជួយ​ប៉ះ​ប៉ូវ​បាន​មួយ​ផ្នែក​ដល់​ឧស្សាហកម្ម​វាយនភណ្ឌ​កាត់ដេរ​នៅ​កម្ពុជា​។ ព្រោះ បើ​មិន​មាន​ទីផ្សារ​លក់​ទេ យើង​មិនដឹង​ផលិត​យកទៅ​ណា​ទេ មិនយូរ​មិនឆាប់​បញ្ហា​អត់​ការងារ​ធ្វើ​ នឹង​កើតមាន​។

សូមបញ្ជាក់ថា កម្ពុជា​បាន​នាំចេញ​ផលិតផល​ធ្វើ​ដំណើរ​មានតម្លៃ 1.2ពាន់​លាន​ដុល្លារ កាល ពីឆ្នាំមុន​កើនឡើង100% ​បើ​ធៀប​នឹង​ឆ្នាំ​2018 ដែល​មាន​តម្លៃ 600លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ដែលបាន​ចេញផ្សាយ​​។

ផលិតផល​កម្ពុជា​នាំចេញ​ រួមមាន​សម្លៀកបំពាក់ ស្បែកជើង អង្ករ ទោចក្រយាន និង​ផលិត ផល​វាយនភណ្ឌ​ផ្សេងទៀត ខណៈ​កម្ពុជា​នាំចូល​មកវិញ​ មាន​ប្រេងឥន្ធនៈ រថយន្ត សម្ភារ​សំណង់ ភេ សជ្ជៈ និង​អាហារ​ព្រម​ទាំង​វត្ថុធាតុ​សម្រាប់​បម្រើ​ដល់​វិស័យ​កម្មន្តសាល​ក្នុង​ស្រុក​ផងដែរ។

យោងតាម​របាយការណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ​ការនាំចេញ​ផលិតផល​របស់​កម្ពុជា​មាន​តម្លៃ 14.63ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ2019 កើនឡើង 12.7% ​បើ​ធៀប​នឹង​ឆ្នាំ​2018 ខណៈ​ការនាំ ចូល​មាន​តម្លៃ 22.34​ពាន់​លាន​ដុល្លារ​កើនឡើង 18.6%៕

 

Advertisement