ពិសរបស់មេរោគកូវីដ-19 ធ្វើឱ្យក្រុមហ៊ុនជប៉ុនជាច្រើនដួលរលំ ចាប់ពី SME រហូតដល់ក្រុមហ៊ុនយក្សៗ រងគ្រោះគ្រប់គ្នា

ធុរកិច្ចជប៉ុន ទប់កូវីដ-19 លែងរួច ដាក់លិខិតក្ស័យទុនច្រើនជាប្រវត្តិសាស្ត្រ…សណ្ឋាគារ ភោជនីយដ្ឋាន សេវាកម្មទេសចរណ៍ រងគ្រោះធ្ងន់ធ្ងរជាងគេ។

លទ្ធផលជំរឿនមួយចេញផ្សាយដោយ ថេកូគុ ដាតាប៊ែងក៍ ក្រុមហ៊ុនវិភាគក្រេឌីត បានបញ្ជាក់ថា តាំងពីដើមឆ្នាំរហូតមកដល់ថ្ងៃពុធ ទី8មេសា មាន 42ក្រុមហ៊ុននៅក្នុងប្រទេសជប៉ុនបានដាក់លិខិតក្ស័យទុន ឬបិទដំណើរការ ដោយសារតែចំនួនលក់បាន ដែលធ្លាក់ចុះជាបន្តបន្ទាប់ដោយសារការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19។

ក្នុងចំនួននេះ មាន19ក្រុមហ៊ុន បានដាក់ពាក្យសុំការពារទ្រព្យសម្បត្តិដោយបំណុលតម្លៃជាង 10លានយ៉េន និង 23ក្រុមហ៊ុន បានបិទដំណើរការទាំងស្រុង និងចាប់ផ្ដើមប្រឹក្សាជាមួយមេធាវី ក្នុងរឿងក្ដីការក្ស័យទុន ដើម្បីនាំយកក្រុមហ៊ុនទៅលក់ដេញថ្លៃលើទីផ្សារតាមច្បាប់។
ចំពោះតែក្នុងខែមីនា ដែលវីរុសកូវីដ-19 ចាប់ផ្ដើមរាតត្បាតយ៉ាងធ្ងន់ធ្ងរទាំងក្នុងប្រទេសជប៉ុន និងទូទាំងពិភពលោក មានក្រុមហ៊ុនដាក់លិខិតក្ស័យទុន ចំនួន 740កន្លែង កើនឡើងពីខែកុម្ភៈ 12% ក្នុងចំនួននេះ 12ក្រុមហ៊ុនប្រកាសថា ក្ស័យទុន ព្រោះផលប៉ះពាល់ពីការឆ្លងរាលដាលរបស់វីរុសកូវីដ-19។

ឈានចូលខែមេសា ត្រឹមតែ 1សប្ដាហ៍ មាន 7ក្រុមហ៊ុនដាក់លិខិតក្ស័យទុនដោយសារផលប៉ះពាល់ពីវីរុសកូវីដ-19។
បើញែកតាមប្រភេទឧស្សាហកម្ម ក្រុមហ៊ុនដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដូចជាសណ្ឋាគារ និងទីកន្លែងសម្រាកលម្ហែ ដែលបានរងផលប៉ះពាល់ពីការដែលអ្នកទេសចរអន្តរជាតិលុបចោលការកក់ មានចំនួនច្រើនបំផុត រួមទាំងក្រុមហ៊ុនក្នុងឧស្សាហកម្មភោជនីយដ្ឋាន ដែលមានចំនួនលក់ធ្លាក់ចុះ ដោយសារតែមនុស្សម្នាបានចៀសវាងពីការចេញក្រៅផ្ទះ។

ក្រុមហ៊ុនដែលដាក់លិខិតក្ស័យទុន ភាគច្រើនមានបំណុល 100លានឡើងទៅ ជាក្រុមហ៊ុនខ្នាតកណ្ដាល និងខ្នាតធំល្មម តែក្រុមហ៊ុនយក្សៗ ក៏រងផលប៉ះពាល់ដូចគ្នាដែរ ដូចជា 3ក្រុមហ៊ុនយក្សៗនៃឧស្សាហកម្មរថយន្ត ដូចជា នីសសាន់ មីតស៊ុយប៊ីស៊ី និងម៉ាសដា ក៏មានផែនការផ្អាកការធ្វើការងាររបស់បុគ្គលិកនៅក្នុងប្រទេសជប៉ុនច្រើនជាង 20,000នាក់ដែរ៕
ប្រភព៖ សារព័ត៌មានបរទេស

Advertisement