ពេលស្ងប់ស្ងាត់នេះទំនេរច្រើនពេក! សាកល្បងដាំត្រឡាចដើម្បីទុកជាស្បៀងផង និងអាចធ្វើអាជីវកម្មបានផង

ពេលស្ងប់ស្ងាត់នេះទំនេរច្រើនពេក! សាកល្បងដាំត្រឡាចដើម្បីទុកជាស្បៀងផង និងអាចធ្វើអាជីវកម្មបានផង

ត្រឡាច ជាប្រភេទបន្លែដែលប្រជាជនខ្មែរគ្រប់រូប ចូលចិត្ត និងច្នៃបានជា​អាហារជាច្រើនមុខ ដូចជាស្ងោ ឆា លាយជាមួយបន្លែផ្សេងៗនៅក្នុងសម្លជាច្រើនមុខ និងធ្វើជាបង្អែម ដំណាប់ ឬធ្វើជាទឹកត្រឡាចជាដើម។ បើមើលពី​គុណសម្បត្តិរបស់វា យើងនឹងឃើញថាត្រឡាច ជាផលិតផលកសិកម្មមួយដែលអាចមាន​ទីផ្សារខ្ពស់ និងត្រូវប៉ាន់ផងដែរនៅក្នុងកាលៈទេសៈដែលប្រទេសយើងបច្ចុប្បន្ននេះ កំពុងត្រូវការបន្លែដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងស្របពេលដែលប្រជាជននៅទីក្រុង​ពេញនិយម​ទទួលទានអាហារគ្មានជាតិគីមី។

ប្រសិនបើលោកអ្នកមានដីជុំវិញផ្ទះ ឬសល់ដីនៅជនបទ អាចសាកល្បងដាំដំណាំត្រឡាច ព្រោះវាជាប្រភេទដែលងាយដាំ ទទួលបានផលច្រើន និង​អាចធ្វើអាជីកវម្មបានថែមទៀតផង។

កសិករដាំត្រឡាច​នៅក្នុងខេត្តកំពង់ឆ្នាំ អ្នកស្រី ស៊ុន ស្រីពៅ បានលើកឡើងថា នៅប្រទេសយើងនេះ​ជាទីតាំងល្អបំផុតក្នុងការដាំត្រឡាច ព្រោះសីតុណ្ហភាព និងស្ថានភាពអាកាសធាតុអំណោយផលសម្រាប់ដំណាំប្រភេទនេះ។ អ្នកស្រីបញ្ជាក់ថាដំណាំនេះ អាចប្រមូលផលបានក្នុងរយៈពេលចាប់ពី 30ថ្ងៃ ទៅ 45ថ្ងៃប៉ុណ្ណោះ ហើយវាមិនរើសរដូវនោះទេ ទោះក្នុងពេលណាក៏អាចដាំបានដែរ។

វិធីសាស្ត្រក្នុងការដាំត្រឡាចឱ្យទទួលផលល្អ អ្នកស្រីបញ្ជាក់ថា​ដំបូងឡើងគួរភ្ជួរដីជាមុនឱ្យបាន2 ទៅ 3ដង ដើម្បីឱ្យដីផុសល្អ។ ហើយមុននឹងភ្ជួរលើកដំបូងគួរបាញ់ថ្នាំកំចាត់ស្មៅជាមុនសិន ដើម្បីសម្លាប់ពូជរុក្ខជាតិនានាដែលរំខានដល់ការលូតលាស់របស់ដើមត្រឡាច។ បន្ទាប់មកគួរហាលដីចោលដើម្បីសម្លាប់មេរោគ និងទុកឱ្យស្មៅងាប់ក្នុងរយៈពេល 3 ទៅ7ថ្ងៃសិន។

សម្រាប់ការភ្ជួរលើកទី2 គេត្រូវរាស់ដីឱ្យស្មើល្អបន្ទាប់មកកាប់រណ្តៅទំហំប្រមាណ 4តឹក ឬ 40សង់ទីម៉ែត្រ បួនជ្រុង និងជម្រៅ2 ទៅ3 តឹក​ដោយរក្សាគម្លាត​ពីគុម្ពមួយទៅគុម្ពមួយប្រវែង 1ម៉ែត្រ។

ចំពោះ​ការរៀបចំ​គ្រាប់ពូជ​សម្រាប់​ដាំ​ គឺ​គេ​ត្រូវ​ជ្រើសរើស​ពូជ​ណា​ល្អ​ ដែល​គ្មាន​ជំងឺ​ដើម្បី​ធ្វើការ​ដាំដុះ​ដោយ​ត្រូវ​យក​គ្រាប់​ត្រឡាច​ទៅ​ត្រាំ​ក្នុងទឹក​ ពី​6 ទៅ​ 12ម៉ោង​ បន្ទាប់មក​យក​គ្រាប់​ដែល​ត្រាំទឹក​ហើយ​នោះ​ទៅ​ដាក់ដាំ​ ក្នុង​កន្ទោង​បណ្ដុះ​កូន​ជាមុន​សិន​ ចាំ​ដល់ពេល​វា​លាស់​ចេញ​ស្លឹក​ខ្លះ​ ទើប​គេ​យក​វា​ទៅ​ដាក់ដាំ​ក្នុង​រណ្ដៅ​។ ក្រោយពី​ដាំ​រួច​ យើង​ត្រូវ​អនុវត្ត​ដំណាក់កាល​ 3ជំហាន​៖+ ជំហាន​ទី​ 1 ពេល​កូន​ត្រឡាច​ដុះ​លូតលាស់​បាន​ 7សន្លឹក​ យើង​ត្រូវ​ក្ដិចត្រួយ​វា​ចេញ​ម្តង​ ក្រោយ​មក​យើង​នឹង​បាន​ទទួល​បាន​ពន្លក​ត្រួយ​ថ្មី​ចំនួន​ 3បន្ថែម​ទៀត​។

+ជំហាន​ទី​ 2 ត្រួយ​ដែល​បែកចេញ​នោះ​ នៅពេល​វា​លូតលាស់​បាន​ស្លឹក​ 7សន្លឹក​យើង​បន្ត​អនុវត្ត​ដូច​ជំហាន​ទី1​ ទៀត​ ពេលនោះ​យើង​នឹង​បាន​ពន្លក​ត្រួយ​ថ្មី​ចំនួន​ 7បន្ថែម​ទៀត​។

+ជំហាន​ទី​ 3 យើង​នៅតែ​បន្ត​អនុវត្ត​ដូច​ជំហាន​ទី1​និង​ទី2​ ដដែល​ ហើយ​ពេលនោះ​ យើង​នឹង​បាន​ ពន្លក​ត្រួយ​ថ្មី​ដល់ទៅ​ 30​ ទៅ​ 35ខ្នែង​។ ដូច្នេះ​ ពេល​នេះ​វា​ជា​ដំណាក់កាល​ ដែល​យើង​ត្រូវ​បន្ថែម​ជីធម្មជាតិ​ ដើម្បី​ជួយ​ទ្រទ្រង់​ការលូតលាស់​របស់​វា​។

ការ​ដាក់ជី​នេះ​ យើង​ត្រូវ​ដាក់​នៅ​សងខាង​ចេញពី​រណ្តៅ​ត្រឡាច​ចម្ងាយ​ប្រមាណ​ 30​ ទៅ​ 50​ សង់ទីម៉ែត្រ​ មាន​ដូចជា​ជីកំប៉ុស​ លាមក​សត្វ​ និង​កម្ទេច​ស្លឹកឈើ​ និង​ស្រោចទឹក​ជាប្រចាំ​ ធ្វើបែប​នេះ​ត្រឡាច​នឹង​លូតលាស់​បាន​ល្អ​ មាន​រយៈពេល​យូរ​រហូតដល់​ជាង​ 2ខែ​ ដែល​អាច​ឱ្យ​វា​ផ្លែ​បាន​ច្រើន​ និង​យូរ​ និង​ច្រើន​។ ក្រោយពី​ដាំ​បាន​រយៈពេល​ 30ទៅ​ 45ថ្ងៃ​ អាច​ប្រមូល​ផល​បាន​ហើយ​។

ចំពោះផលវិញ ក្នុងដីមួយហិកតា គេអាចប្រមូលត្រឡាចបានពី 10 ទៅ 15តោន ហើយក្នុងមួយផ្លែមានទម្ងន់ជាងកន្លះគីឡូក្រាម។ ហេតុនេះប្រសិនបើលោកអ្នកដាំជាលក្ខណៈគ្រួសារ ក៏អាចទទួលបានផលច្រើនគីឡូដែរក្នុងពេលប្រមូលផលម្តងៗ៕

Advertisement