ត្រីមាសទី2 ឆ្នាំ2020 ការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជានឹងរងផលប៉ះពាល់ 60%

ត្រីមាសទី2 ឆ្នាំ2020 ការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជានឹងរងផលប៉ះពាល់ 60%

មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការងារ ថ្លែងថា ការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ និង​ស្បែកជើង​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ នឹងរង​ផលប៉ះពាល់​ប្រមាណ​50% ទៅ60% នៅ​ត្រីមាស​ទី​2 ឆ្នាំ​2020 ​នេះ​។ នេះជាការថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពីបច្ចុប្បន្នភាព នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​កម្មករ​រោងចក្រ ដែល​ឈប់សម្រាក​នា​អំឡុងពេល​បុណ្យចូលឆ្នាំថ្មី​។

​ឯកឧត្តម​  ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានថ្លែង​បែបនេះថា ​​​​​ការរង​ផលប៉ះពាល់​ប្រមាណ​50% ទៅ60% នៅ​ត្រីមាស​ទី​2 ឆ្នាំ​2020 ក្នុងការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ និង​ស្បែកជើង​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ តម្រូវឱ្យ​ភាគី​ពាក់ព័ន្ធ​រួមគ្នា​រិះរក​ដំណោះស្រាយ ពិសេស​ភាគី​រាជរដ្ឋាភិបាល និយោជក សហជីព​-​កម្មករ និង​អង្គការ​ដៃគូ​នានា​។

ឯកឧត្តម​ ហេង​ សួរ​ ដែលជារដ្ឋលេខាធិការ នៃក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈដែរនោះ បានបន្តថា៖« នាពេលនេះ​ បណ្តា​ប្រទេស​នៅ​ទ្វីបអឺរ៉ុប និង​អាមេរិក​រង​ផលប៉ះ​ពាល់ ដោយសារ​ជំងឺ​កូ​វីដ​-19 ដូច្នេះ​គេ​សម្រេច​បិទ​ទីផ្សារ​លក់ដូរ​ជា​បន្តបន្ទាប់ រីឯ​ប្រជាពលរដ្ឋ​ក៏​គ្មានអ្នកណាចាយវាយ​ខ្ជីខ្ជា​ទៀត​ដែរ ដែលជា​ហេតុ​ធ្វើឱ្យ​តម្រូវការ​សម្លៀកបំពាក់ ស្បែកជើង សម្ភារ​វាយ​ន​ភណ្ឌ​នានា និង​ទំនិញ​ផ្សេងទៀត​នោះ ត្រូវបាន​កាត់បន្ថយ​យ៉ាង​គំ​ហុក»​។​

ឯកឧត្តម បាន​បន្ថែមថា រោងចក្រ​ផលិត​សម្ភារ​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ និង​ស្បែក​ជើង​មួយចំនួនធំ​នៅ​កម្ពុជា បានដាក់​ពាក្យស្នើសុំ​ព្យួរដំណើរ​ការផលិត និង​សុំ​បិទទ្វារ​ជា​បន្តបន្ទាប់​រហូត​ជាង 100​រោងចក្រ​។ ដែល​គិត​មកដល់ពេលនេះ មាន​រោងចក្រ​ប្រមាណ​ជាង 130ហើយ​ ដែល​បានដាក់​ពាក្យស្នើសុំ​ព្យួរ ក្នុងនោះ​មាន​កម្មករនិយោជិត​ប្រមាណ​ជិត 10ម៉ឺន​នាក់ ដែល​រង​ផលប៉ះពាល់ ​ពី​ការព្យួរ​នេះ​។

ប៉ុន្តែ​ដោយសារ​ការខិតខំ​សម្របសម្រួល​គ្នា រវាង​ភាគី​ពាក់ព័ន្ធ​ទាំងឡាយ ទាំង​ភាគី​រាជរដ្ឋាភិ បាល ភាគី​និយោជក និង​កម្មករនិយោជិត បាន​សម្រួល​ពី​ការស្នើសុំ​បិទទ្វារ មកនៅ​ត្រឹម​ការព្យួរ​បណ្ដោះអាសន្ន​សិន​ ហើយ​រាជរដ្ឋាភិបាល បានដាក់​ចេញ​វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​រក្សា​នូវ​ការងារ រក្សា​ប្រាក់ចំណូល​ខ្លះ​សម្រាប់​កម្មករនិយោជិត​ទាំង​នោះដែរ​។​

ថ្វី​ដ្បិត​ភាគី​ទាំងឡាយ​ហាក់​បន្ធូរបន្ថយឱ្យ​គ្នា​ទៅវិញ​មក​ក៏ពិតមែន ប៉ុន្តែ​ចំពោះ​ការនាំចេញ​ផលិតផល​​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ និង​ស្បែកជើង​ក៏​កំពុង​រង​ផលប៉ះពាល់​ជា​បណ្ដើរៗ​ហើយ​ដែរ ដោយ​មកដល់​ត្រីមាស​ទី​1 នៃ​ឆ្នាំ​2020 ការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ និង​ស្បែកជើង​នៅសល់​ប្រមាណ 80% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​2019។​

ឯកឧត្តម ហេង សួរ បាន​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​27 ខែមេសា ឆ្នាំ​2020 ​នេះ កម្ពុជា​មិនទាន់​ទទួលបាន​ការបញ្ជាទិញ ពី​អ្នកបញ្ជា​ទិញ​នៅឡើយ​ទេ សម្រាប់​ខែឧសភា និង​ខែមិថុនា​។ លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​យើង​ទទួលស្គាល់ថា ការនាំចេញ​របស់​យើង គឺ​ពិតជា​ប៉ះពាល់មែន ជាពិសេស​ក្នុង​ត្រីមាស​ទី​2 ​នេះ​តែម្ដង ដែល​យើង​គិតថា ​អាច​ប្រហាក់ប្រហែល 50%ទៅ60% នៃ​តួលេខ​ឆ្នាំទៅ​»៕​

Advertisement