ដង្កោ កំពុងតែជាប់ចំណាត់ថ្នាក់ជាខណ្ឌស្ថិតក្នុងក្រសែភ្នែកអ្នកវិនិយោគ

ភ្នំពេញ – បើទោះជាសកម្មភាពនៃការជួញដូរលើវិស័យអចលនទ្រព្យនៅកម្ពុជាទាំងមូលហាក់មានសភាពយឺតយ៉ាវជាងមុនបន្តិចមែន ប៉ុន្ដែបច្ចុប្បន្នគេមើលឃើញថា ការជួញដូរអលចនវត្ថុនៅក្នុងតំបន់ខណ្ឌដង្កោចាប់ផ្ដើមមានសកម្មភាពផុលផុសឡើងវិញតាមរយៈសកម្មភាពនៃការអភិវឌ្ឍនៃគម្រោងនានាជាច្រើន។ រហូតធ្វើឱ្យអ្នកជំនាញលើវិស័យនេះចាត់ទុកថា តំបន់នេះកំពុងតែបង្កលក្ខណៈងាយស្រួលក្នុងការជួញដូរ និងជាឱកាសក្នុងការអភិវឌ្ឍបានយ៉ាងល្អ។

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនខ្មែរ ហ្វោនដេសិន អាប្រេស៊ល (KFA) បានប្រាប់ថា ដង្កោជាខណ្ឌងាយស្រួលក្នុងការអភិវឌ្ឍដូចខណ្ឌដទៃមួយចំនួនទៀតដែរ ព្រោះខណ្ឌនេះមានសណ្ឋានដីល្អច្រើន ម្យ៉ាងពុំសូវស្ថិតនៅឆ្ងាយពីទីក្រុងភ្នំពេញប៉ុន្មានឡើយ។

ពិសេសវាកំពុងមានសក្ដានុពលក្នុងការពង្រីកខ្លួនទៅដល់ស្រុកកណ្ដាលស្ទឹងដែលមានឃុំមួយចំនួនស្ថិតក្នុងស្រុកនេះត្រូវបានកាត់ចូលមកក្នុងខណ្ឌដង្កោ។ លោកឧកញ៉ាបញ្ជាក់ថា ៖«ដោយសាតែហេតុផលនេះហើយ ទើបធ្វើឱ្យដង្កោកំពុងតែជាប់ចំណាត់ថ្នាក់នៃការសម្លឹងមើលឃើញពីអ្នកវិនិយោគ ព្រោះតំបន់ដង្កោពោរពេញដោយទីផ្សារមធ្យម និងក្រោមមធ្យមសម្រាប់ការកសាងលំនៅឋាន។ ពិសេសដង្កោក៏មានសួនឧស្សាហកម្មមួយចំនួននៅទីនោះផងដែរ ដូច្នេះតំបន់នេះត្រូវបានគេចាត់ទុកថា ជាតំបន់មានការអភិវឌ្ឍចម្រុះ»។

អគ្គនាយកក្រុមហ៊ុនខ្មែរ ហ្វោនដេសិន អាប្រេស៊ល (KFA) បន្ដថា ជាមួយនឹងការអភិវឌ្ឍបែបបុរី ខណ្ឌដង្កោក៏មានច្រើន លើសពីនេះនៅមានរោងចក្រឧស្សាហកម្ម និងផែស្ងួតក៏ត្រូវបានអភិវឌ្ឍនៅទីនោះដែរ មូលហេតុនេះបានធ្វើឱ្យតម្លៃអចលនវត្ថុនៅក្នុងតំបន់នេះនៅតែអាចរក្សាបានសមរម្យ ព្រោះតំបន់ខណ្ឌដង្កោជាតំបន់មានសក្ដានុពលមិនចាញ់ខណ្ឌនានានៅក្នុងរាជធានីភ្នំពេញទេ ។

ម្យ៉ាងទិសដៅនៃការអភិវឌ្ឍនាពេលអនាគតនឹងឆ្ពោះទៅរកតំបន់ជាយក្រុងដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញចម្ងាយ30គីឡូម៉ែត្រ ព្រោះបច្ចុប្បន្នតំបន់កណ្ដាលក្រុងភ្នំពេញស្ទើរតែអស់ដីក្នុងការអភិវឌ្ឍគម្រោងលំនៅឋានទៅហើយនិងអចលនវត្ថុកាន់តែមានតម្លៃខ្ពស់ឡើងទៀតផង។

លោកឧកញ៉ា នួន រិទ្ធី បញ្ជាក់ទៀតថា អ្វីដែលធ្វើឱ្យតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ(ខណ្ឌដង្កោ)មានសក្ដានុពល គឺព្រោះតែតំបន់នេះមានប្រព័ន្ធទឹក ភ្លើង និងមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងដែលអាចតភ្ជាប់ពីរាជធានីភ្នំពេញទៅតំបន់នេះ ជាកត្តាចម្បងក្នុងធ្វើចរាចរណ៍យ៉ាងងាយស្រួលព្រមទាំងអាចកាត់បន្ថយការកកស្ទះបានផងដែរ ។

លោកឧកញ៉ាបញ្ជាក់ថា៖”នៅក្នុងតំបន់ខណ្ឌដង្កោ យើងឃើញថា មានផ្លូវសម្ដេចតេជោមួយខ្សែដែលបែងចែកមួយផ្នែកទៅកាន់ផ្លូវជាតិលេខ2 មួយផ្នែកទៀតទៅកាន់ផ្លូវជាតិលេខ3 ជាចរន្ដមួយធ្វើឱ្យតំបន់ដង្កោមានសក្ដានុពលនៃការធ្វើចរាចរណ៍។ ករណីអតិថិជនទិញដីនៅក្នុងតំបន់ខណ្ឌដង្កោពួកគាត់មានអាចផ្លូវល្អ អាចធ្វើដំណើរត្រឹម5នាទីក៏មកដល់រាជធានីភ្នំពេញ ។ ជាងនេះទៅទៀតតំបន់អភិវឌ្ឍន៍មួយនេះមានប្រព័ន្ធទឹក ភ្លើង និងផ្លូវ ជាចំណុចពិសេសអាចធ្វើឱ្យខណ្ឌដង្កោមានសក្ដានុពល។

ម្យ៉ាងខណ្ឌដង្កោគ្របដណ្ដប់ដល់ផ្លូវជាតិលេខ3 មានរោងចក្រដែលធ្វើឱ្យអ្នករស់នៅតំបន់នោះអាចប្រកបរបរអាជីវកម្មបាន ដូច្នេះខណ្ឌដង្កោអាចចាត់ទុកបានថា ជាតំបន់ដែលមានប្រភពសេដ្ឋកិច្ចយ៉ាងល្អស្ថិតក្នុងក្រសែភ្នែកអ្នកវិនិយោគ”៕

Advertisement