​អ្នក​ទទួល​កេរ​​របស់​ Samsung កំពុង​​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ពី​តុលាការ​កូរ៉េខាង​ត្បូង

​អ្នក​ទទួល​កេរ​​របស់​ Samsung កំពុង​​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ពី​តុលាការ​កូរ៉េខាង​ត្បូង

ដើម្បី​ស្រាវ​ជ្រាវ​ករណី​ច្របាច់​បញ្ចូល​គ្នា​មួយពាក់​ព័ន្ធ​នឹង​ក្រុម​ហ៊ុន​ Samsung និង​ការ​បន្លំ​ផ្នែក​គណនី​ ក្រុម​ចៅក្រម​របស់​តុលា​ការ​កូរ៉េខាង​ត្បូង​ បាន​ស្នើ​ឱ្យ​ចាប់​ខ្លួន​លោក Lee Jae-yong រួម​នឹង​អតីត​មេដឹក​នាំ​2​រូប​ផ្សេង​ទៀត​របស់​ក្រុម​ហ៊ុន​​ Samsung។

ក្រុម​ចៅក្រម​បាន​ឱ្យ​ដឹង​ថា ការ​បញ្ជា​ឱ្យ​ចាប់​ខ្លួន​នេះ​ គឺយោង​ទៅ​លើ​មូលដ្ឋាន​​ដែល​សង្ស័យ​ថា ពួក​គេ​បាន​រៀប​ចំ​គ្រប់​គ្រង​តម្លៃ​មូលបត្រ​ រួម​នឹង​​បទ​ចោទ​មួយ​ចំនួន​ទៀត​។ ថ្មី​ៗ​នេះ តុលាការ​កំពុង​តែ​ស៊ើប​អង្កេត​លើ​បញ្ហា​ពាក់​ព័ន្ធ​នឹង​ការ​បន្លំ​ផ្នែក​គណនី​នៅ​ក្នុង​ក្រុម​ហ៊ុន​ផលិត​ឱសថ​ Samsung Biologics ក្រោយ​ពី​ក្រុម​មន្ត្រី​ហិរញ្ញវត្ថុ​កូរ៉េខាង​ត្បូង​យល់​ថា តម្លៃ​របស់​ក្រុម​ហ៊ុន​នេះ​ត្រូវ​បាន​បំប៉ោង​បន្ថែម​ 4.5​លាន​លាន​ (4,500,000,000,000) វ៉ុន (3,691,338,479 ដុល្លារ​អាមេរិក​) ក្នុង​ឆ្នាំ​2015​។

កាល​ពី​ខែ​មុន លោក Lee Jae-yong ក៏ត្រូវ​បាន​​អញ្ជើញ​ឱ្យ​ចូល​បំភ្លឺ​​ទាក់​ទិន​នឹង​ការ​​​ចោទ​ប្រកាន់​​អំពី​ការ​បន្លំ​ផ្នែក​គណនី​ខាង​លើ​ ក៏​ដូច​ជា​ការ​ច្របាច់​បញ្ចូល​គ្នា​មួយ​រវាង​ក្រុម​ហ៊ុន​2​ កាល​ពី​ឆ្នាំ​2015​ ដែល​ត្រូវ​បាន​គេ​​ជឿ​ថា បាន​ជួយ​ឱ្យ​លោក មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​​ទទួល​កាន់​កាប់​ “អាណាចក្រ” Samsung។ ក្រុម​ចៅ​ក្រម​​យល់​ថា មន្ត្រីជាន់​ខ្ពស់​របស់​ក្រុម​ហ៊ុន​ Samsug មាន​ចេតនា​ក្នុង​ការ​ទម្លាក់​​តម្លៃ​មូលបត្រ​ Samsung C&T នៅមុន​ការ​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​ក្រុម​ហ៊ុន​ Cheil Industries។ លោក Lee Jae-yong គឺជា​ភាគ​ហ៊ុនិក​ធំជាង​គេ​របស់ Cheil Industries ដោយលោក​​កាន់កាប់ភាគ​ហ៊ុន​ដល់​ទៅ​​ 23.2%។ ក៏ប៉ុន្តែ​ សារ​ព័ត៌មាន​ Yonhap បាន​ឱ្យ​ដឹង​ថា លោក Lee បាន​ច្រាល​ចោល​ការ​ចោទ​ប្រកាន់​នេះ​។

លោក​ Lee Jae-yong ក៏​ធ្លាប់​មាន​រឿង​ក្ដី​ដ៏​ធំមួយ​កាល​ពី​ឆ្នាំ​2017​ផងដែរ​

នេះ​គឺជា​បញ្ហា​ផ្លូវ​ច្បាប់​ថ្មី​បំផុត​របស់​លោក​ Lee។ កាលពី​ខែ​កុម្ភៈ​ ឆ្នាំ​2017 លោក​ក៏ត្រូវ​បាន​ចាប់​ខ្លួន​ដើម្បី​ស៊ើប​អង្កេត​ដោយ​សារ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​ពុក​រលួយ​ផ្នែក​នយោបាយ​​ដ៏​ធំ​ដែល​បាន​ធ្វើ​ឱ្យ​កក្រើក​កូរ៉េខាង​ត្បូង​កាល​ណោះ​។

លោក Lee ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ចំណាយ​ប្រាក់​រាប់សិប​លាន​ដុល្លារ​អាមេរិក​​ទៅ​ឱ្យ​អង្គ​ការ​មិន​ស្វែង​រក​កម្រៃ​មួយ​របស់​ Choi Soon-sil ដែល​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​អតីត​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​ Park Geun-hye ​ដើម្បី​ទទួល​បាន​ការ​យល់​ព្រម​ពី​រដ្ឋាភិបាល​ក្នុងការ​ច្របាច់​បញ្ចូល​គ្នា​មួយ​រវាង​ក្រុម​ហ៊ុន​2​ ដែល​បង្ក​ឱ្យ​​​​រឿង​ចម្រូង​ចម្រាស​​ជា​ច្រើន​កើត​ឡើង។ ការ​ទិញ​ដូរ​ក្រុម​ហ៊ុន​នេះ​ត្រូវ​បាន​គេ​យល់​ថា បាន​ជួយ​​បង្កើន​អំណាច​របស់​លោក​ Lee នៅក្នុង​ “អាណា​ចក្រ”​ Samsung ដែល​ជា​ក្រុម​ហ៊ុន​ពហុវិស័យ​ធំបំផុត​របស់​កូរ៉េខាង​ត្បូង​។

លោក Lee Jae-yong ត្រូវ​បាន​ឃុំ​ខ្លួនបណ្ដោះ​អាសន្ន​​រយៈ​ពេល​1ឆ្នាំ​ រហូត​ដល់​ការ​ស៊ើប​អង្កេត​លើ​រឿង​ក្ដី​ពុក​រលួយ​បាន​ចប់​សព្វ​គ្រប់​នៅឆ្នាំ​2018​។ ប៉ុន្តែ លោក Lee Jae-yong បច្ចុប្បន្ន​ត្រូវ​ប្រឈម​នឹង​ការ​វិនិច្ឆ័យ​ប្រកប​ដោយ​ភាព​ខ្លាំង​ក្លា​ជាងមុន​ ក្រោយ​ពី​តុលា​កំពូល​​​កាល​ពី​ឆ្នាំ​​2019 ​បាន​សម្រេច​ចិត្ត​សើរើ​សាល​ក្រម​​របស់​តុលាការ​ជាន់​ទាប​ឡើង​វិញ​ ដើម្បី​កាត់ក្ដី​សាជាថ្មី​៕

ប្រភព​៖ សារ​ព័ត៌មានប​រទេស

Advertisement