Amru វិនិយោគ17លានដុល្លារលើវិស័យស្រូវ អង្ករ

ភ្នំពេញៈ ក្រុមហ៊ុន Amru Rice បានបោះទុនវិនិយោគ17លានដុល្លារអាមេរិកលើវិស័យស្រូវអង្ករដើម្បីបង្កើនការនាំចេញអង្កររបស់កម្ពុជាទៅក្រៅប្រទេស។

លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនAmru Riceបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី3 សីហាម្សិលមិញនេះថា ក្រុមហ៊ុនបានបោះទុន10លានដុល្លារលើរោងម៉ាស៊ីនកិនស្រូវចំនួន3 និង7លានដុល្លារទៀតដើម្បីប្រមូលទិញស្រូវពី​កសិករកម្ពុជាដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនក្នុងការផលិត និងលក់ស្រូវក្នុងតម្លៃសមរម្យដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន។ លោកឧកញ៉ាបន្តថា គម្រោង​ធ្វើស្រែនេះបានគ្របដណ្តប់លើប្រជាជនចំនួន6,000គ្រួសារ និងមានផ្ទៃដីសរុប​ចំនួន12,000ហិកតា និងអាចប្រមូលផលបានប្រមាណជា3ម៉ឺនតោន។

លោកឧកញ៉ាបានបន្តថា “ការធ្វើស្រែតាមបែបកិច្ចសន្យាជាការធ្វើឲ្យមានទំ​នុកចិត្តក្នុងទីផ្សារសម្រាប់កសិករ ព្រោះពេលពួកគាត់ផលិតបាន ពួកគាត់មានទីផ្សារស្រាប់ និងធានាបាននូវគុណភាពស្រូវដែលផ្តល់ភាពងាយស្រូលសម្រាប់នាំ​ចេញ”។ លោកឧកញ៉ាបន្តទៀតថា “ការធ្វើស្រែតាមបែបកិច្ចសន្យាក៏នឹងធ្វើឲ្យកសិករទទួលបានចំណូលប្រសើរជាងមុនដែរ និងថែមទាំងជួយលើកកម្ពស់បរិស្ថានតាមរយៈការកាត់បន្ថយការប្រើប្រាស់ជីគីមីទៀតផង”។

លោកឧកញ៉ា សុង សារ៉ន បានបន្តថា ក្រៅពីប្រមូលទិញស្រូវពីកសិករដែលបានចុះ​កិច្ចសន្យាជាមួយក្រុមហ៊ុននៅខេត្តព្រះវិហារ បាត់ដំបង និងខេត្តកំពង់ចាមហើយ ក្រុមហ៊ុនក៏បានជួយទិញស្រូវពីកសិករ ដែលមិនបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុននៅ​ពេលពួកគាត់យកស្រូវមកលក់ឱ្យផងដែរ។

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក​ វេង សាខុនបានថ្លែងថា ក្រសួងបាន និងកំពុងជួយជំរុញការធ្វើស្រែតាមរយៈការចុះកិច្ចសន្យា តាមរយៈការសហការរវាងកសិករ និងក្រុមហ៊ុនប្រមូលទិញស្រូវដើម្បីកិនជាអង្ករធ្វើ​ការនាំចេញផងដែរ។ លោកបន្តថា ការធ្វើស្រែតាមបែបចុះកិច្ចសន្យាជាការធានា​ដល់កសិករពីទីផ្សារស្រូវរបស់ខ្លួននៅពេលប្រមូលផល ដើម្បីពួកគេមិនព្រួយបា​រម្ភពីកង្វះទីផ្សារ និងការទម្លាក់តម្លៃពីឈ្មួញឱកាសនិយមមួយចំនួន។

លោកបន្តថា “ក្រសួងកសិកម្មមិនអាចធ្វើការងារបានទទួលជោគជ័យនោះទេ បើគ្មានការចូលរួមពីវិស័យឯកជន និងអាជ្ញាធរពាក់ព័ន្ធ”៕

Advertisement