ព្រលានយន្តហោះ​ខេត្តសៀមរាប​តម្លៃ9០០លាន​ដុល្លារ​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំក្រោយ

ភ្នំពេញៈ ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​ដែល​គ្រោង​បោះទុន​ប្រមាណ900លាន​ដុល្លារ​អាមេរិក​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំក្រោយ​នេះហើយ ព្រោះ​កិច្ចព្រមព្រៀង និង​នីតិវិធី​ច្បាប់​នានា​រវាង​រដ្ឋាភិបាល និង​ក្រុមហ៊ុន​វិនិយោគ​បានបញ្ចប់​រួចរាល់​ហើយ។

អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល លោក ស៊ិន ចាន់​សិរី​វុត្ថា បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី14 សីហា​នេះ​ថា ព្រលានយន្តហោះ​ដែលមាន​ទីតាំង​ស្ថិតក្នុង​ស្រុក​សូត្រ​និគម ខេត្តសៀមរាប​ដែល​ស្ថិតនៅលើ​ផ្ទៃដី ប្រមាណ750ហិកតា​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំក្រោយ​នេះហើយ ព្រោះអ្វីៗស្ថិតក្នុង​តំណាក់កាល​ចរចា​រវាង​រដ្ឋាភិបាល និង​ក្រុមហ៊ុន​វិនិយោគ​ព្រលានយន្តហោះ​កម្ពុជា​SCAប៉ុណ្ណោះ។ លោក​បន្តថា បច្ចុប្បន្ន​ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ​ព្រលាន​នេះ គឺ​ក្រុមហ៊ុន​YUNAN Development Group បានចាប់ផ្តើម​ឈូស​ពង្រា​ប​ដី និង​ដោះមីនបណ្តើរៗហើយ។

លោក​បន្តថា ព្រលានយន្តហោះ​នេះ​នឹង​សាងសង់​ជា2តំណាក់កាល​ដោយ​តំណាក់កាល​ទី1គ្រោង​ចំណាយ​ថវិកា500លាន​ដុល្លារ​ដែល​អាច​ចុះចត​យន្តហោះ​ខ្នាត​មធ្យម​សម្រាប់​យន្តហោះ​ខ្នាត​4E និង​តំណាក់កាល​ទី2 ទើប​អាច​ចុះចត​យន្តហោះ​ខ្នាត​យក្ស​បាន ហើយ​តំណាក់កាល​ចុងក្រោយ​នេះ​គ្រោង​ចំណាយ​ថវិកា​ជាង300លាន​ដុល្លារ​បន្ថែមទៀត។ លោក​បន្តថា ការសាងសង់​ព្រលានយន្តហោះ​នេះ​អាច​ចំណាយពេល​ពី3ទៅ5ឆ្នាំ​ដើម្បី​បញ្ចប់​ទាំង​តំណាក់កាល​ទី1និង​តំណាក់កាល​ទី2៕

Advertisement