CEO របស់ JPMorgan Chase៖ «ជោគជ័យ​មិន​ត្រឹមតែ​ត្រូវការ​ឧស្សាហ៍ និងភាព​ឆ្លាត​វៃ​ទេ»

CEO របស់ JPMorgan Chase៖ «ជោគជ័យ​មិន​ត្រឹមតែ​ត្រូវការ​ឧស្សាហ៍ និង​ឆ្លាត​វៃ​នោះទេ»
CEO របស់​ក្រុម​ហ៊ុន​ JPMorgan លោក​ Jamie Dimon

CEO របស់​ក្រុមហ៊ុន JPMorgan យល់ថា ថ្នាក់ដឹកនាំ​ដែល​ជោគជ័យ​តែងតែមាន​ចំណុច​ពិសេស​មួយចំនួន ដូចជា ការដាក់​ខ្លួន ការបើក​ចិត្ត​ឱ្យ​ទូលាយ ភាពយុត្តិធម៌ និង​ស្មោះត្រង់។

ប្រការ​ខាងលើនេះ​ត្រូវបាន CEO របស់​ក្រុមហ៊ុន JPMorgan លោក Jamie Dimon ចាត់ទុកថា​ជា​បញ្ហា​ស្នូល​ចំពោះ​ក្រុម​មេដឹកនាំ​ជោគជ័យ ពោលគឺ​មិនមែនជា​មនុស្ស​ដែល​មានតែ​ភាព​ឆ្លាត​វៃ​បំផុត ឬ​ឧស្សាហ៍​ជាងគេ​នៅក្នុង​ក្រុមហ៊ុន​ឡើយ។

លោក Jamie Dimon បាន​ចែករំលែក​បន្ថែមទៀតថា៖ “ការគ្រប់គ្រង​គឺជា​ការអនុវត្ត​ទិសដៅ ការតភ្ជាប់ ការ​មាន​វិន័យ ការរៀបចំ​ផែនការ ការវិភាគ និង​ប្រកបដោយ​តម្លាភាព។ ជាង​នេះ វា​គឺជា​ការជ្រើសរើស​មនុស្ស​ស័ក្ដិសម​សម្រាប់​ការបំពេញ​ការងារ ការបំបាត់​ចោល​បញ្ហា​ការិយាធិបតេយ្យ រួម​នឹង​បញ្ហា​មិន​ត្រឹមត្រូវ​មួយចំនួនទៀត»។

យោងតាម CEO រូបនេះ កត្តា​សំខាន់បំផុត​នោះ​គឺ​ការគោរព​ចំពោះ​អ្នកដទៃ ពោលគឺ​មិនមែន​ត្រឹមតែ​មានកេរ្ដិ៍ឈ្មោះ​ល្អ និង​ខួរក្បាល​ឆ្លាត​វៃ​ទេ។

នៅពេល​អ្នកមាន​គុណសម្បត្តិ​ដូចខាងលើ​ហើយ វា​ក៏​នឹង​ជួយ​ឱ្យ​អ្នកបង្កើន​ប្រសិទ្ធភាព​ការងារ ហើយ​បន្ទាប់​មកា​វា​នឹង​ជួយ​ឱ្យ​អ្នកទទួលបាន​ជោគជ័យ។ បើសិនជា​អ្នកមាន​ចរិត​អាត្មានិយម ឬ​ដណ្ដើម​ស្នាដៃ​ពី​អ្នកដទៃ​ដោយ​អ្នក​មិនអាច​បង្ហាញ​អំពី​ភាពត្រឹមត្រូវ ពេលនោះ​អ្នកផ្សេង​នឹង​លែង​ចង់​ធ្វើការ​ជាមួយ​អ្នក ហើយ​បញ្ហា​នេះ​នឹង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រសិទ្ធភាព​ការងារ​របស់​អ្នក​នាពេលខាងមុខ។

CEO របស់ JPMorgan Chase៖ «ជោគជ័យមិនត្រឹមតែត្រូវការឧស្សាហ៍ និងឆ្លាតវៃនោះទេ»
ទីស្នាក់​ការ​របស់​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​ធនាគារ JPMorgan Chase

លោក Dimon ដែល​បច្ចុប្បន្ន​មានទ្រព្យ​ប្រមាណ 1.6ពាន់​លាន​ដុល្លារ​អាមេរិក ក៏​ស្វែងរក​បេក្ខភាព​យ៉ាង​ដូច្នេះ​សម្រាប់​បំពេញការងារ​នៅក្នុង​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​ធនាគារ​របស់លោក។ នៅពេល​ធ្វើការ​សម្ភាស ឬ​វាយតម្លៃ​មុននឹង​មានការ​ដំឡើង​តំណែង លោក Dimon តែងតែ​សួរ​សំនួរ​មួយចំនួន ដូចជា៖ «តើ​អ្នក​ចង់​ធ្វើ​ការឱ្យ​អ្នក​នោះទេ? អ្នក​ចង់ឱ្យ​កូន​របស់​អ្នកធ្វើ​ការឱ្យ​អ្នក​នោះទេ?»។ល។

CEO របស់ JPMorgan ក៏មាន​ការយកចិត្តទុកដាក់​ទៅលើ​ការចេះ​ទទួលខុសត្រូវ​រប​ស់បុ​គ្គ​លិ​ក ឬ​របៀប​ដែល​ពួកគេ​ប្រតិកម្ម​នៅពេល​មាន​បញ្ហា​កើតឡើង។

ជា​មេដឹកនាំ​ម្នាក់ លោក Dimon តែងតែ​ប្រឹងប្រែង​អនុវត្ត​នូវ​អ្វីដែល​លោក​បាន​ណែនាំ​ដល់​គ្រប់គ្នា​នៅក្នុង​ក្រុមហ៊ុន។ លោក​ថ្លែងថា៖ «ពុំមាន​អ្នកណាម្នាក់​ប្រាប់​ឱ្យ Jamie Dimon បន្ទាបខ្លួន​សោះឡើយ»។

ប៉ុន្តែ លោក​ឱ្យដឹងថា ខ្លួន​លោក​ផ្ទាល់​តែងតែ​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់គ្នា​ប្រកបដោយ​យុត្តិធម៌ ហើយ​លោក​ក៏​ប្រាថ្នា​ឱ្យ​គ្រប់គ្នា​ធ្វើ​ដូច​រូបលោក។ «អ្នក​ចង់​ធ្វើ​ការឱ្យ​ខ្ញុំ បើសិន​អ្នក​ពិតជា​គិតថា ខ្ញុំ​យកចិត្តទុកដាក់​ចំពោះ​អ្នក។ ប្រសិនជា​ខ្ញុំ​ប្រព្រឹត្តិ​ចំពោះ​អ្នក​ប្រកបដោយ​យុត្តិធម៌ ជាមួយ​អ្នកដទៃ ខ្ញុំ​ក៏​ធ្វើ​ដូច្នេះ» លោក Dimon បញ្ជាក់បន្ថែម។

ដើម្បី​ទទួលបាន​ជោគជ័យ «ចូរ​ប្រព្រឹត្តិ​ចំពោះ​គ្រប់គ្នា​ឱ្យ​ដូច​អ្វីដែល​អ្នក​ប្រាថ្នា​ឱ្យ​អ្នក​រាល់គ្នា​ប្រព្រឹត្ត​ចំពោះ​អ្នក» លោក Dimon ថ្លែង​ដូច្នេះ និង​សង្កត់ធ្ងន់ថា៖ «ចូរ​មាន​ការគោរព​ចំពោះ​មនុស្ស​គ្រប់គ្នា»៕

ប្រភព៖ CNBC, Celebritynetworth

Advertisement