CVEA ចុះ MoU ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ​ថៃ

ភ្នំពេញៈ សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA)បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​សមាគម​អចលនទ្រព្យ​ថៃ​ដើម្បី​បង្កើន​ការផ្លាស់ប្តូរ​ព័ត៌មាន​ពីគ្នា​ទៅវិញទៅមក និង​ផលប្រយោជន៍​ទាំងសងខាង។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​កាលពី​ថ្ងៃទី18 សីហា​កន្លងមកនេះ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សមាគម​អចលនទ្រព្យ​របស់​ប្រទេស​ថៃ​ក្នុងពេលដែល​លោក និង​ថ្នាក់ដឹកនាំ ព្រមទាំង​សមាជិកសមាគម​អ្នកវាយតម្លៃ​អចលនវត្ថុ​កម្ពុជា​បាន​ចូលរួម​ក្នុង​សន្និសីទ​ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។ ការចុះហត្ថលេខា​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​ផ្លាស់​ប្តូរ​ព័ត៌មាន និង​ទាក់ទាញ​ការវិនិយោគ​រវាង​ប្រទេស​ទាំងពីរ។

លោក គីម ហ៊ាង ធ្លាប់បាន​បង្ហាញ​ពី​មហិច្ឆតា​នាំ​ក្រុមហ៊ុន​ធ្វើការ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ឱ្យ​អាច​ទៅធ្វើ​ការរកស៊ី​បាន​ជាមួយ​ប្រទេស​ក្នុង​តំបន់​នាពេល​អនាគត​តាមរយៈ​ការសហការ​ជាមួយ​ដៃគូ និង​សមាគម​ជាមួយ​ប្រទេស​នៅក្នុង​តំបន់។

ជាមួយគ្នានេះ ក្នុង​អាណត្តិ​កន្លងមក​លោក គីម ហ៊ាង ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សមាគម​ធ្វើការ​ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ​ជាច្រើន​ជាមួយ​ប្រទេស​ក្នុង​តំបន់ ពិសេស​សមាគម​ដីធ្លី​នៅ​សហរដ្ឋអាមេរិក​ដែលមាន​សមាជិក​ជាង1លាន​នាក់។

សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បច្ចុប្បន្ន​មាន​សមាជិក​ជាង100ក្រុមហ៊ុន​ដែលជា​ក្រុមហ៊ុន​ខ្មែរ និង​បរទេស​ដែល​បាននិងកំពុង​ដើរតួនាទី​ជា​ភ្នាក់ងារ​វាយតម្លៃ និង​ផ្តល់​សេវា​ជួល-ទិញ​លក់​អចលនទ្រព្យ​នៅ​កម្ពុជា៕

Advertisement