រយៈពេល7ខែ រោងចក្រ​បិទ​ច្រើនជាង​បើក​ថ្មី

ភ្នំពេញៈ រយៈពេល7ខែ​ដើម​ឆ្នាំនេះ ចំនួន​រោងចក្រ​បិទទ្វារ​បាន​កើន​លើស​ចំនួន​រោងចក្រ​ដែល​បាន​បើក​ថ្មី​នៅ​កម្ពុជា នេះ​ជាស​ញ្ញា​មួយ​បង្ហាញថា សុខភាព​ក្នុង​វិស័យ​មួយ​នេះ​មិនល្អ​ប្រសើរ​នោះទេ។

លោក តោ ដា​រ៉ា​រិ​ទ្ធ មន្ត្រី​ការងារ និង​ច្បាប់​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី22 សីហា​នេះ​ថា គិត​ត្រឹម​ដំណាច់ខែ​កក្កដា​កន្លងមក​នេះ​រោងចក្រ​កាត់ដេរ​ចំនួន49បាន​បិទទ្វារ និង​មាន​រោងចក្រ​ថ្មី​ចំនួន​តែ18ប៉ុណ្ណោះ​ដែល​បាន​បើក​ដំណើរការ។ តួលេខ​នេះ​យើង​និយាយ​តែ​ក្នុង​ក្របខ័ណ្ឌ​រោងចក្រ​ដែលជា​សមាជិកសមាគម​កាត់ដេរ​កម្ពុជា​ប៉ុណ្ណោះ។

លោក​បន្តថា សមាគម​រោងចក្រ​កាត់ដេរ​បច្ចុប្បន្ន​មាន​សមាជិក​ចំនួន588 ក្នុងនោះ​រោងចក្រ​ផលិត​ស្បែកជើង និង​កាបូប​មាន​ចំនួន488 រោងចក្រ​ផលិត​ស្បែកជើង​ចំនួន57 និង​រោងចក្រ​ផលិត តែ​មិន​នាំចេញ​មាន​ចំនួន43រោងចក្រ។

លោក​បន្តថា “វា​ជាស​ញ្ញា​មិនសូវ​ល្អ​ឡើយ​សម្រាប់​វិស័យនេះ​ព្រោះ​តួលេខ​បិទ​មាន​ចំនួន​ច្រើនជាង​តួលេខ​រោងចក្រ​បើក​ថ្មី។

អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​លោក​បណ្ឌិត កាំ​ង ម៉ូ​នី​កា បាន​ថ្លែងថា ចំនួន​រោងចក្រ​បិទ​ច្រើនជាង​បើក​នេះ និង​ការដំឡើង​ប្រាក់​ឈ្នួល​និយោជិត​ជាស​ញ្ញា​មួយ​គួរ​ឲ្យ​បារម្ភ​ហើយ ប៉ុន្តែ​យើង​កំពុង​រង់ចាំ​មើល​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ពាក់ព័ន្ធ​វិស័យ​កាត់ដេរ និង​ស្បែកជើង​រយៈពេល8ឆ្នាំ​ថា តើ​រដ្ឋាភិបាល​អាចជួយ​អ្វីខ្លះ​សម្រាប់​វិស័យនេះ។

រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ភាគី​និយោជក និង​តំណាង​សហជីព​នានា​កំពុង​ព្រាង​គោលនយោបាយ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​ដើម្បី​អភិវឌ្ឍ​វិស័យនេះ​ឲ្យ​មាន​និរន្តរភាព និង​មាន​ភាពសុខដុមរមនា​រវាង​ភាគី​និយោជក និង​និយោជិត៕

Advertisement