CEO ថ្មី​របស់ Intel៖ ពី «ក្មេង​​គង្វាល​គោ​ និង​មើលថែ​ជ្រូក ត្រូវបាន Intel ហៅចូល​ធ្វើការ​ក្នុង​វ័យ 18ឆ្នាំ បើ​ទោះ​មិនមាន​សញ្ញាបត្រ​មហាវិទ្យាល័យ»

កាលពី​ថ្ងៃទី 13 ខែមករា ក្រុមហ៊ុន​បច្ចេកវិទ្យា Intel បានប្រកាសថា CEO បច្ចុប្បន្ន​របស់​ពួកគេ​គឺ​លោក Bob Swan នឹង​លាលែង​ពី​តំណែង​នៅ​ខែក្រោយ ហើយ Pat Gelsinger (Patrick P. Gelsinger) នឹង​ចូលមក​ជំនួស។ នេះ​គឺជា​ការវិល​ត្រលប់​មកវិញ​របស់ «កូន​ក្បាលខូច» ព្រោះថា Gelsinger អាយុ 59 ឆ្នាំ ធ្លាប់បាន​តស៊ូ​ជាមួយ Intel រយៈពេល 3 ទសវត្សរ៍ មុនពេល​ចូល​បម្រើ​ការឱ្យ EMC នៅ​ឆ្នាំ 2009 និង​ក្រោយមក​ក៏បាន​ក្លាយជា​មេដឹកនាំ​កំពូល​នៅ VMware។

Intel កំពុងតែជួបប្រទះ​ការលំបាក​ខ្លាំង​ក្នុងការ​អភិវឌ្ឍ​ឈី​ប​កុំព្យូទ័រ​ដើម្បី​ផ្គត់ផ្គង់​ដល់​ដៃគូ​របស់ខ្លួន ដោយសារតែ​ដៃគូ​ជំនួញ​ទាំងនេះ កំពុង​ចាកចោល Intel ម្ដងមួយៗ ខណៈដែល​គូប្រជែង​នានា​ក៏​កំពុង​ពង្រីក​ឥទ្ធិពល និង​ដណ្ដើម​ទីផ្សារ។ ប្រការនេះ​បង្ហាញថា Intel ដល់ពេល​ត្រូវមាន​កំពូល​យុទ្ធសាស្ត្រ​ថ្មី ឬ​ត្រូវ​ប្ដូរ​ថ្នាក់ដឹកនាំ ដែល​នេះ​ក៏​អាចជា​មូលហេតុ​ដែល CEO បច្ចុប្បន្ន​របស់​ក្រុមហ៊ុន​នេះ សុំលាលែង​ពី​តំណែង ហើយ​ប្រការ​នេះដែរ​បាន​នាំឱ្យ​មានឱកាស​សម្រាប់​អតីត​បុគ្គលិក Intel ម្នាក់ ក្នុងការ​ត្រលប់​មកវិញ នោះ​គឺ Pat Gelsinger។

ធំ​ឡើង​នៅក្នុង​គ្រួសារ​ចិញ្ចឹមសត្វ​គោ និង​ជ្រូក នៅក្នុង​តំបន់ Amish ដែលជា​ជនបទ​មួយ​ក្នុង​រដ្ឋ Pennsylvania ​សហរដ្ឋ​អាមេរិក ​Gelsinger តែងតែ​ត្រូវ​ក្រោក​ពី​ព្រលឹម​មុន​ថ្ងៃ​រះ​ដើម្បី​មើលថែ​ជ្រូក និង​គោ។ ភារកិច្ច​ចម្បង​ក្នុងពេល​ព្រឹក​របស់ Gelsinger គឺ «ដើរ​តម្រង់​ទៅកាន់​កន្លែង​ពលកម្ម​ដែល​ពោរពេញ​ភាពកខ្វក់ ហើយ​ត្រូវ​ព្យាយាម​គេចចេញ​ពី “កណ្ដាប់​ជើង” របស់​សត្វ​គោ​ទាំង​ផង» នេះ​បើតាម​ទស្សនាវដ្ដី Forbes។

ឪពុកម្ដាយ​របស់ Gelsinger រៀន​បានត្រឹមតែ​ថ្នាក់​ទី 7 ប៉ុណ្ណោះ ប៉ុន្តែ «កាលពីកូនៗនៅ​ក្មេង ពួកគាត់​តែងតែ​ជំរុញ​ឱ្យ​ខំ​សិក្សា​រៀនសូត្រ»។ ដោយសារតែ​ខំរៀន និង​ពូកែ​ខាង​គណិតវិទ្យា វិទ្យាសាស្ត្រ Gelsinger ក៏បាន​បញ្ចប់​ការសិក្សា​ក្រោយពី​ទទួលបាន​អាហារូបករណ៍​ពីសា​ខា​មួយ​របស់​វិទ្យាស្ថាន​បច្ចេកទេស Lincoln។ នោះ​គឺជា​កន្លែង​ដែល Gelsinger បាន​ប៉ះ​កុំព្យូទ័រ​ជា​លើកដំបូង​ក្នុង​ជីវិត។ ក្រោយមក ព្រោះតែ​ពូកែ​ក្នុង​វិស័យ​អេឡិចត្រូនិក ទើប Gelsinger ទទួលបាន​ចំណាប់អារម្មណ៍​ពី​ក្រុមហ៊ុន Intel។ បន្ទាប់មក Gelsinger ក៏បាន​ជិះ​យន្តហោះ​ជា​លើកដំបូង​ដើម្បី​ទៅ​សម្ភាស​ការងារ​នៅ​ជ្រលង Silicon។ ថ្វីបើ​មាន​អាយុ​ទើបតែ 18 ឆ្នាំ និង​មិនទាន់មាន​បរិញ្ញាបត្រ ប៉ុន្តែ Gelsinger នៅតែ​បាន​ចូលធ្វើ​ការងារ​ក្នុង​ក្រុមហ៊ុន Intel ​ជា​មួយ​នឹង​​តួនាទី​ជា​បុគ្គលិក​បច្ចេកទេស​គ្រប់គ្រង​គុណភាព​ក្នុង​ឆ្នាំ 1979។

ដោយបាន​ប្រើប្រាស់​កម្មវិធី​បង់ថ្លៃ​សិក្សា​ដ៏​ល្អ​របស់ Intel និង​ម៉ោង​ធ្វើការ​ដែល​អាច​បត់បែន​បាន​នៅទីនេះ Gelsinger ក៏បាន​ឆ្លៀត​រៀន​បន្ថែម​រហូត​ទទួលបាន​បរិញ្ញាបត្រ​ផ្នែក​វិស្វកម្ម​អគ្គិសនី​នៅ​សាកលវិទ្យាល័យ Santa Clara ក្នុង​ឆ្នាំ 1983 និង​​អនុ​បណ្ឌិត​​នៅ Stanford ក្នុង​ឆ្នាំ 1985 ដែល​ទាំងនេះ​បានកើត​ឡើង​នៅក្នុង​អំឡុងពេល​កំពុង​ធ្វើការ​ពេញ​ម៉ោង។

លោក Patrick P. Gelsinger

ពេលធ្វើការ​នៅ Intel កំលោះ Gelsinger ទទួលបាន​ការយកចិត្ត​ទុកដាក់​ច្រើន​ពី​សំណាក់ CEO ដែល​ពេលនោះ​គឺ​លោក Andy Grove។ កាលនោះ Gelsinger ទទួល​ភារកិច្ច​ជា​អ្នក​រចនា​ឈី​ប 486 ដ៏​ល្បីឈ្មោះ ខណៈ​លោក​មាន​អាយុ 20 ឆ្នាំ។ មិនយូរប៉ុន្មាន Gelsinger ក៏បាន​ក្លាយជា​នាយ​កប​ច្ចេក​វិទ្យា​ដំបូង​របស់​ក្រុមហ៊ុន​នេះ នា​ឆ្នាំ 2001 ក្នុងពេល​មាន​វ័យ 40 ឆ្នាំ។

បើទោះជា​បាន​ខំប្រឹងប្រែង​អស់ពី​សមត្ថភាព​ក្នុង​រយៈពេល​យ៉ាងយូរ ប៉ុន្តែ​ចុងក្រោយ Gelsinger នៅតែ​មិនបាន​ទទួល​តំណែង​ខ្ពស់បំផុត​ក្នុង​ឆ្នាំ 2005 ដោយពេល​នោះ Paul Otellini ជា​អ្នក​ត្រូវបាន​ជ្រើសរើស។ ដោយសារ​ខកចិត្ត Gelsinger ក៏បាន​សុំ​ឈប់ និង​ទៅធ្វើ​ការឱ្យ​ក្រុមហ៊ុន​រក្សា​ទិន្នន័យ EMC ក្នុងឋានៈ​ជា​ប្រធាន​ផ្នែក​មួយរូប នា​ឆ្នាំ 2009។

ក្នុង​បំណង​ក្លាយជា CEO លោក Gelsinger បាន​ស្នើឱ្យ​ក្រុមហ៊ុន អនុញ្ញាតឱ្យ​ខ្លួន​បាន​ចូលរួម​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សាភិបាល​របស់ EMC ដែល​ក្រោយមក​ក៏​ទទួលបាន​ដំបូន្មាន​ច្រើន​ពី​សហ​ស្ថាបនិក Jack Egan ក្នុងនោះ​ក៏មាន​បញ្ហា​ទាក់ទង​នឹង​ការ​ស្លៀកពាក់ ការយល់ដឹង​អំពី​ហិរញ្ញវត្ថុ​ក្រុមហ៊ុន។ល។ ដូច្នេះ Gelsinger ក៏បាន​ចំណាយពេល​មួយឆ្នាំ​ដើម្បី​ទទួលយក​ចំណេះដឹង​ពី​សាស្ត្រាចារ្យ​ផ្នែក​ហិរញ្ញវត្ថុ​ម្នាក់​នៅ​សាកលវិទ្យាល័យ Columbia។

ការប្រឹងប្រែង​របស់ Gelsinger ចុងក្រោយ​ក៏​ទទួលបាន​លទ្ធផល​ល្អ នៅពេល​លោក​បាន​ឡើង​គ្រប់គ្រង​តំណែង​ខ្ពស់បំផុត​នៅក្នុង​ក្រុមហ៊ុន VMware ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ EMC នា​ឆ្នាំ 2012។

ការដឹកនាំ​ក្រុមហ៊ុន​នេះ​ក្នុង​គ្រា​ដំបូង​របស់ Gelsinger បាន​បរាជ័យ ទាក់ទង​នឹង​ការ​ទប់​ទល់នឹង​បច្ចេកវិទ្យា cloud computing។ ក្រោយមក បន្ទាប់ពី​បាន​យល់ច្បាស់​ពី​បញ្ហា លោក​ក៏បាន​កែប្រែ​យុទ្ធសាស្ត្រ​ទាំងស្រុង និង​បាន​សហការ​ជាមួយ Amazon និង Microsoft ទន្ទឹមនឹង​ការបង្កើត​ផ្នែក​ទន់ (software) ដើម្បី​ជួយ​ដល់​អតិថិជន​របស់ខ្លួន ក្នុងការ​ងាក​ទៅរក​បច្ចេកវិទ្យា​ខាងលើ។

ចំណេះដឹង និង​បទពិសោធន៍​ស៊ីជម្រៅ​របស់ Gelsinger នឹង​អាចជួយ​ដឹកនាំ Intel ឱ្យ​គេច​ផុតពី​ការលំបាក​នៅក្នុង​វិស័យ​ផលិត​ឈី​ប​នាពេលខាងមុខ។ សូម​រង់ចាំ​តាមដាន​មើល​ទាំងអស់គ្នា!

Advertisement