គម្រោង​សាងសង់​ស្ពាន​ទៅ​អរិយ​ក្សត្រ នៅ​មិនទាន់​កំណត់​កាលបរិច្ឆេទ និង​ទីតាំង​ច្បាស់លាស់

ការបន្ត​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ-19 កំពុង​ធ្វើ​ឳ្យ​ការកំណត់​កាលបរិច្ឆេទ​នៃ​ការសាងសង់​ស្ពាន ពី​ភ្នំពេញ ទៅ​តំបន់អរិយ​ក្សត្រ ត្រូវ​អូសបន្លាយ ដោយ​មកដល់ពេលនេះ ក្រុមការងារ​ជំនាញ​របស់​ប្រទេស​ទាំង2 នៅ​មិនទាន់បាន​ជួបគ្នា​នៅឡើយ ទោះបីជា​កម្ពុជា បាន​បង្កើត​ក្រុមការងារ​របស់ខ្លួន រួចហើយ​ក៏ដោយ។

ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ លោក មូ​ន ជេ​អ៊ី​ន កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ2020 បានប្រកាសថា ប្រទេស​កូរ៉េ​នឹង​ជួយ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េ ឆ្លងកាត់​ទន្លេមេគង្គ។

លោក វ៉ា​ស៊ឹម សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី20 ខែមករា ថា បន្ទាប់ពី​ទទួលបាន​ការសន្យា​ពី​ប្រទេស​កូរ៉េខាងត្បូង អំពី​ការផ្ដល់​អំណោយ​ស្ពាន​ឆ្លងទន្លេ ភ្ជាប់​ពី​ភ្នំពេញ​ទៅ​តំបន់​អរិយ​ក្សត្រ​ហើយ កម្ពុជា​ក៏បាន​រៀបចំ​ក្រុមការងារ​ជំនាញ​របស់ខ្លួន ដើម្បី​ត្រៀម​ធ្វើការ​ជាមួយ​ភាគី​កូរ៉េ។ លោក​បន្តថា ប៉ុន្តែ​ដោយសារ​ការឆ្លង​កូ​វីដ-19 នៅលើ​ពិភពលោក មិនទាន់​អាច​គ្រប់គ្រង​បាន​ទាំងស្រុង ដូច្នេះ​មកដល់ពេលនេះ ក្រុមការងារ​នៃ​ប្រទេស​ទាំង2 នៅ​មិនទាន់បាន​ជួបប្រជុំគ្នា​ទេ។

លោក​បន្ថែមថា ដោយសារតែ​ក្រុមការងារ​ជំនាញ​ប្រទេស​ទាំង2 មិនទាន់​ជួបគ្នា ហេតុនេះ ទើប​គេ​មិនទាន់​អាច​កំណត់​ពី​ការសាងសង់​ស្ពាន​នេះ​ថា នឹងត្រូវ​ធ្វើ​នៅ​កន្លែង​ណា? ពេលណា? និង​មានតម្លៃ​ប៉ុន្មាន​នៅឡើយ​ទេ។

លោក​និយាយថា៖ “កម្ពុជា​បាន​បង្កើត​ក្រុមការងារ សម្រាប់​គម្រោង​សាងសង់​ស្ពាន ត​ភ្ជាប់​ពី​ភ្នំពេញ ទៅ​តំបន់​អរិយ​ក្សត្រ​រួចហើយ ដោយ​យើង​នៅ​រង់ចាំតែ​ការមកដល់​របស់​ភាគី​កូរ៉េ​ប៉ុណ្ណោះ។ លោក​បន្ថែមថា៖ “សម្រាប់​ពេលវេលា​សាងសង់ គឺ​មិនទាន់​អាច​និយាយថា នឹង​ចាប់ផ្ដើម​នៅពេលណា​បានទេ ព្រោះ​គេ​ត្រូវការ​ពេលវេលា​សិក្សា​បច្ចេកទេស​សាងសង់ និង​ថវិកា​បន្ថែមទៀត។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោក សំ សុខ​នឿន បាន​ប្រាប់ថា ព័ត៌មាន​ពី​ការផ្ដល់​ជំនួយ​របស់​កូរ៉េ​សម្រាប់

សាងសង់​ស្ពាន​ទៅ​តំបន់​អរិយ​ក្សត្រ​នេះ មិនបាន​ធ្វើ​ឳ្យ​តម្លៃ​អចលនទ្រព្យ​កើនឡើង​ទេ តែ​សកម្មភាព​នៃ​ការទិញ​លក់ ហាក់​មាន​ច្រើនជាង​មុន។ អរិយ​ក្សត្រ​គឺជា​ទីតាំង​ល្អ​ដែល​អ្នកវិនិយោគ​មិនគួរ​មើលរំលង ព្រោះ​នៅពេល​មាន​ស្ពាន​ត​ភ្ជាប់​មក​ចំណុចកណ្ដាល​ភ្នំពេញ​ហើយ ទីនោះ​នឹងមាន​ការអភិវឌ្ឍ​លឿន​មិន​ខាន។

លោក​ប្រាប់ថា៖ “ដោយសារ​ព័ត៌មាន​គម្រោង​សាងសង់​ស្ពាន​នេះ បានប្រកាស​ក្នុងអំឡុងពេល​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ-19 ហេតុនេះ​តម្លៃ​ដី​នៅ​អរិយ​ក្សត្រ មិនបាន​ហក់​ឡើង​ខ្ពស់​ទេ បើ​ធៀប​នឹង​ដើមឆ្នាំ2020 គ្រាន់តែ​ចលនា​នៃ​ការទិញ​លក់ គឺមាន​ភាព​មមាញឹក​ជាង​មុន។

លោក​បន្តថា បច្ចុប្បន្ន ដី​នៅ​អរិយ​ក្សត្រ​តំបន់​ល្អ​បំផុត (ជាប់មាត់​ទន្លេ) មានតម្លៃ​ជា​មធ្យម​ក្នុង​រង្វង់ 1,000ដុល្លារ ក្នុង 1ម៉ែត្រការ៉េ ដីឡូត៍​លំនៅឋាន​មានតម្លៃ​ក្នុង​រង្វង់ 300ដុល្លារ និង​ដី​សម្រាប់​អភិវឌ្ឍន៍ធំៗ មានតម្លៃ​ជា​មធ្យម​ចន្លោះ​ពី 180-250ដុល្លារ។

ជាមួយគ្នានេះ លោក​អះអាងថា៖ “តម្លៃ​ដី​នៅ​អរិយ​ក្សត្រ នឹង​ស្ទុះ​ឡើង​ខ្ពស់ ពេល​ស្ពាន​ចាប់ផ្ដើម​សាងសង់ ដែល​វា​នឹង​ស្ទុះ​ឡើង​ខ្ពស់ ដូច​នៅ​តំបន់​ជ្រោយចង្វារ​នាពេល​បច្ចុប្បន្ន​នេះដែរ។

កន្លងមក កម្ពុជា​ធ្លាប់​លើកយក​តំបន់​កំពង់ចម្លង​ស្វាយជ្រុំ-អរិយ​ក្សត្រ​នេះ ធ្វើជា​កន្លែង​មាន​លក្ខណ:អំណោយផល សម្រាប់​ការកសាង​ស្ពាន ប៉ុន្តែ​សម្រាប់​ការងារ​ជាក់ស្ដែង គឺ​គេ​នៅ​មិនទាន់​បានកំណត់​យក​ក​ន្លែ​ង​ណា​ជា​ផ្លូវការ​នៅឡើយ​ទេ ដោយ​ត្រូវ​រង់ចាំ​អ្នកជំនាញការ​របស់​ភា​គី​ទាំង2 សិក្សា​រួមគ្នា​សិន។ នេះ​បើ​យោងតាម​លោក វ៉ា​ស៊ឹម សូរិយា៕

Advertisement