ឯកឧត្តម ជា ចាន់តូ៖ កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុង​ឆ្នាំ2020 បាន​ទទួលរង​ការធ្លាក់ចុះ​អវិជ្ជមាន​ជា​លើកដំបូង ក្នុង​រយ:ពេល​ជាង 2ទសវត្សរ៍​ចុងក្រោយ

ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ នៃ​កម្ពុជា បាន​ថ្លែងថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ2020 បាន​ទទួលរង​ការធ្លាក់ចុះ​អវិជ្ជមាន​ជា​លើកដំបូង ក្នុង​រយ:ពេល​ជាង 2ទសវត្សរ៍​ចុងក្រោយ ដែលជា​ចម្បង​ដោយសារ ការធ្លាក់ចុះ​វិស័យ​ទេសចរណ៍ ការនាំចេញ​ផលិតផល​កាត់ដេរ និង​វិស័យ​សំណង់។

ឯកឧត្តម ជា ចាន់តូ បាន​មានប្រសាសន៍​កាលពី​ម្សិលមិញ ដោយបាន​បញ្ជាក់ថា ទោះយ៉ាងណា កម្ពុជា​នៅតែ​អាច​សម្រេចបាន​នូវ​ស្ថិរភាព​ថ្លៃ និង​អត្រា​ប្តូរប្រាក់ ហើយ​ទុនបម្រុង​អន្តរជាតិ​ត្រូវ​បានគរ​ពូន​ជា​លំដាប់ និង​មាន​កម្រិត​ខ្ពស់ជាង 3ដង នៃ​កម្រិត​ដែល​ប្រទេស​កំពុងអភិវឌ្ឍន៍​គួរ​មាន។

ទោះ​ស្ថិតក្នុង​ស្ថានភាព​នៃ​វិបត្តិ​ជំងឺ​កូ​វីដ-19 វិស័យ​ធនាគារ​មាន​ស្ថិរ​ភាពរឹងមាំ និង​បាន​ចូលរួម​យ៉ាងសកម្ម ក្នុងការ​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច និង​កាត់បន្ថយ​ផលប៉ះពាល់ នៃ​វិបត្តិ​មកលើ​អាជីវកម្ម និង​ប្រជាជន​ក្រីក្រ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល។

ទំនើបកម្ម​ប្រព័ន្ធ​ទូទាត់ និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ថ្មី ក៏​នឹង​រួមចំណែក​គាំទ្រ​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច ឱ្យទៅជា​សេដ្ឋកិច្ច​ឌីជីថល​ផងដែ។ ក្នុងចំណោម​ប្រព័ន្ធ​ទូទាត់​ដែល​កម្ពុជា​បានដាក់​ឱ្យប្រើ​ប្រាស់​កន្លង​មក ប្រព័ន្ធ​បាគង​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ប្លុក​ឆេន (Blockchain) ត្រូវបាន​អន្តរជាតិ​ទទួលស្គាល់ថា ជា​ប្រព័ន្ធ​ទូទាត់​មួយ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ​នៅលើ​ពិភពលោក និង​កំពុង​ក្លាយជា​ប្រព័ន្ធ​ទូទាត់​ចម្បង​មួយ ដែល​សម្រួល​ដល់​ការផ្ទេរ​ប្រាក់ និង​ទូទាត់​សង​ប្រាក់ភ្លាមៗ រវាង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ៕

Advertisement