(វីដេអូ)-កូន​ដង្កូវ Maggots របស់​សត្វ​រុយ​ខ្មៅ ប្រែក្លាយ​សំរាម​ឱ្យទៅជា​ប្រាក់

កូន​ដង្កូវ​ដែល​កើតចេញពី​សត្វ​រុយ​ខ្មៅ​ម្យ៉ាង​ដែលមាន​ឈ្មោះថា maggots ត្រូវគេ​យកមក​ធ្វើជា​អាហារ​សម្រាប់​សត្វ​ចិញ្ចឹម និង​ជី​សម្រាប់​ដាក់​ដំណាំ បាន​ក្លាយជា​សត្វ​ដ៏​មានតម្លៃ ដោយសារ​បច្ចេកទេស​ច​ម្រា​ញ់​យក​សារធាតុ​ជីវសាស្ត្រ​របស់​កសិដ្ឋាន Insectta នៅ​ប្រទេស​សិង្ហ​បុរី។

កូន​ដង្កូវ​របស់​សត្វ​រុយ maggots មាន​សមត្ថភាព​ស៊ី​កាកសំណល់​អាហារ​បាន​យ៉ាងច្រើន ហើយ​ធំ​ឡើង​យ៉ាង​ឆាប់រហ័ស ដែល​កម្រ​មាន​សត្វ​ណាមួយ​អាចធ្វើ​បាន​យ៉ាង​ដូច្នេះ។ កសិដ្ឋាន Insectta នៅ​ប្រទេស​សិង្ហ​បុរី​គឺជា​កន្លែង​ប្រមូលយក​សា​ធាតុ​ជីវសាស្ត្រ​ពី​កូន​ដង្កូវ​របស់​រុយ​ខ្មៅ maggots ដែល​ផ្ដល់​ប្រាក់ចំណេញ​ឱ្យ​ពួកគេ​បាន​យ៉ាងច្រើន។

Chua Kai-ning ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Insectta

Chua Kai-ning ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន Insectta ឱ្យដឹងថា៖ «ការងារ​ជំនាញ​របស់​យើងខ្ញុំ​នៅទីនេះ​គឺ​ចម្រាញ់​យក​សារធាតុ chitosan, melanin និង​ប្រភេទ​បាក់តេរី​មាន​ប្រយោជន៍​ពី​កាកសំណល់​របស់​ដង្កូវ maggots»។

Chitosan មាន​ប្រសិទ្ធភាព​ក្នុងការ​បង្ការ​ជំងឺ​រលាក ដែល​ត្រូវបាន​គេ​ប្រើប្រាស់​ច្រើន​នៅក្នុង​ផលិតផល​ថែទាំ​សម្រស់ និង​ឱសថ។ ចំណែក​សារធាតុ melanin អាច​ត្រូវបាន​គេ​បំប្លែង​ទៅជា​ធាតុ​ចម្លង​អគ្គិសនី​ដែល​ប្រើប្រាស់​ក្នុង​ការផលិត​គ្រឿងអគ្គិសនី។

កូន​ដង្កូវ​ maggots

ក្រុមហ៊ុន Insectta ក៏​កំពុងតែ​ចិញ្ចឹមសត្វ​ល្អិន​នេះ​ដើម្បី​យក​បាក់តេរី​ល្អ សម្រាប់​ផលិត​ជា​ចំណី​សត្វ។ ភាគី​ក្រុមហ៊ុន​បាន​អះអាងថា ការចិញ្ចឹម និង​ការដោះស្រាយ​បញ្ហា​កាកសំណល់​របស់​ដង្កូវ maggots គឺ​ពិតជា​ល្អ​សម្រាប់​បរិស្ថាន។

កូន​ដង្កូវ maggots រាប់លាន​ក្បាល​អាច​ស៊ី​កាកសំណល់​អាហារ​រហូតដល់ 400គីឡូក្រាម​ជា​រៀងរាល់ថ្ងៃ។ សំណល់​អាហារ​នៅ​ប្រទេស​សិង្ហ​បុរី មាន​រហូតដល់ 10% ក្នុងចំណោម​សំរាម​សរុប​នៅ​ប្រទេស​នេះ​ក្នុង​ឆ្នាំ 2019។ ឆ្នាំ 2020 សំណល់​អាហារ​នៅ​សិង្ហ​បុរី បាន​កើន​ឡើងដល់ 744,000តោន៕

ប្រភព៖ SCMP
ប្រែ​សម្រួល៖ បុត្រា

Advertisement