ដោយសារ​ដាំ​ស្មៅ​ស្លឹក​បួន កសិករ​ម្នាក់​រកបាន​ប្រាក់​ចំណេញ​​ខ្ទង់សែន​ដុល្លារ/ខែ

ជាក់ស្ដែង ស្មៅ​ប្រភេទ​ស្លឹក​បួន​នេះ បាន​នាំមក​នូវ​ប្រាក់ចំណេញ​រហូតដល់​ខ្ទង់ 100,000ដុល្លារ​ក្នុងមួយខែៗ ដល់​លោក Hong In Heon ដែល​បច្ចុប្បន្ន​រស់នៅក្នុង​ប្រទេស​កូរ៉េ​ខាង​ខាងត្បូង។

ធ្លាប់ជា​អ្នកមាន​បទពិសោធន៍​ក្នុង​ការដាំ​ដើម​ផ្កា​អស់​រយៈពេល20ឆ្នាំ​មកនេះ លោក Hong In Heon ដែល​បច្ចុប្បន្ន​រស់នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង បាន​ងាក​ទៅ​ដាំ​ស្មៅ​ស្លឹក​បួន (Four-leaf clover) វិញ​ម្ដង ព្រោះតែ​ប្រាក់ចំណូល​ដែល​បានមកពី​ការដាំ​ដើម​ផ្កា មិនបាន​ច្រើន​ប៉ុន្មាន។ ស្មៅ​ស្លឹក​បួន​នេះ មាន​មនុស្ស​តិចតួច​ណាស់​ដែល​បាន​ដាំ​សម្រាប់​លក់ ហើយ​វា​ក៏មាន​អតិថិជន​ច្រើន​ត្រូវការ ដូច្នេះ លោក Hong ក៏​រកបាន​ប្រាក់ចំណូល​ច្រើនជាង​មុន និង​ទៀងទាត់​ជាង​មុន។

ក៏ប៉ុន្តែ ដើម្បី​អាច​ដាំ​ស្មៅ​ប្រភេទ​នេះ​បាន លោក Hong ត្រូវ​ចំណាយពេល​រហូត​ដល់9ឆ្នាំ ក្នុង​ការសិក្សា​ស្រាវជ្រាវ និង​​សាក​ល្បង។ ស្មៅ​ស្លឹក​បួន​នេះ ត្រូវបាន​ដាំ​ទៅតាម​លក្ខណៈ​ធម្មជាតិ និង​មិន​បង្កឱ្យមាន​ការប្រែប្រួល​រូបរាង ហើយ​វា​ក៏​អាច​ឱ្យគេ​ទទួលទាន​បាន។ លោក Hong បាន​បង្កើត​កសិដ្ឋាន​ក​ញ្ច​ក់មួយ​កន្លែង ដើម្បី​ដាំ​ស្មៅ​នេះ។

ស្មៅ​ស្លឹក​បួន​ប្រភេទ​មាន​រង្វង់​មួយ​ពណ៌​ស​នៅ​កណ្ដាល​

ស្មៅ​ស្លឹក​បួន​នេះ បើសិន​អ្នក​ដាំ​អាច​រក្សា​សំណើម និង​សីតុណ្ហភាព​សមស្រប នោះ​វា​នឹង​រីកលូតលាស់​បានល្អ។ លោក Hong រកបាន​ប្រាក់ចំណេញ​ពី​ស្មៅ​នេះ រហូតដល់ 100,000ដុល្លារ/ខែ​ឯណោះ។ ជា​រៀងរាល់ថ្ងៃ ស្មៅ​ស្លឹក​បួន​ចំនួន​10,000​ដើម ត្រូវបាន​ផ្គត់ផ្គង់​ដល់ទី​ផ្សារ។ ស្មៅ​នេះ​ត្រូវបាន​វេច​ជា​កញ្ចប់ ហើយ​ក្នុង​មួយកញ្ចប់​មាន500ដើម និង​ត្រូវបាន​លក់​​ក្នុង​តម្លៃ​150​ដុល្លារ​​អាមេរិក​​ក្នុង​មួយកញ្ចប់។

កសិករ​ខាងលើ​បានឱ្យដឹងថា អតិថិជន​របស់ខ្លួន​គឺ​សុទ្ធតែ​មកពី​ភោជនីយដ្ឋានធំៗ និង​ហាង​កាហ្វេ​ផងដែរ។ ពួក​គេ​​យក​ស្មៅ​ស្លឹក​បួន​នេះ​ទៅ​តុបតែង​លម្អ​នៅលើ​កែវ​ភេសជ្ជៈ និង​ចាន​អាហារ ដើម្បី​បង្កើន​ភាព​ទាក់ទាញ។

ស្មៅ​ស្លឹក​បួន​ ប្រភេទ​មាន​រូប​រាង​ដូច​បេះ​ដូង​

ការងារ​របស់លោក Hong ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​ច្នៃប្រឌិត​នៅក្នុង​របរ​កសិកម្ម។ រឿងរ៉ាវ​ជំនួញ​របស់លោក Hong ក្រោយមក​ក៏ត្រូវ​បាន​ទូរទស្សន៍​នៅ​កូរ៉េខាងត្បូង​ចាក់ផ្សាយ ដើម្បី​ជួយ​ឱ្យ​កសិករ និង​អ្នក​ចាប់អារម្មណ៍​លើ​ដំណាំ​នេះ មានឱកាស​រៀនសូត្រ​តាម៕

ប្រភព៖ Koreaboo
ប្រែសម្រួល​៖ បុត្រា

Advertisement