កសិករ​ចិន ឡាយ​លក់​កសិផល រកបាន​ប្រាក់​ខ្ទង់លាន​ដុល្លារ​អាមេរិក

Brother Pomegranate (Jin Guowei) កំពុង​ឡាយ​លក់​កសិផល

ឆ្នាំ 2018 Jin Guowei នៅ​ជំពាក់​បំណុល​គេ​វ័ណ្ឌក​នៅឡើយ និង​លក់​ផ្លែ​ឈើជូន​ភ្ញៀវ​ទេសចរណ៍​ដែល​មកលេង​ទីក្រុង Lijiang នៃ​ខេត្ត Yunnan ប្រទេស​ចិន ប៉ុន្តែ បច្ចុប្បន្ន​គាត់​បាន​ក្លាយជា​សេដ្ឋី​ប្រាក់​ដុល្លារ​ទៅហើយ។

ជាមួយនឹង​រហ័ស​នាម​ថា Brother Pomegranate លោក Jin Guowei បច្ចុប្បន្ន គឺជា​បុគ្គល​ល្បីឈ្មោះ​នៅលើ​អ៊ីនធឺណិត ដោយមាន​អ្នកតាមដាន​ជាង 7.3 លាន​នាក់ និង​រកបាន 300 លាន​យុន (46 លាន​ដុល្លារ​អាមេរិក) កាលពី​ឆ្នាំ 2020។ Jin Guowei ធ្លាប់​រកបាន​ប្រាក់ 6 លាន​យុន ក្នុង​រយៈពេល 20 នាទី ដោយ​ការលក់​ផ្លែ​ទទឹម តាមរយៈ​ការ​ឡាយ (livestream) លើ​បណ្ដាញ​សង្គម។

ខាងលើនេះ​គឺជា​ការពេញនិយម​ថ្មី​ដែល​កំពុង​ផ្ទុះឡើង​នៅ​ទីជនបទ​របស់​ប្រទេស​ចិន។ កសិករ និង​អ្នកជំនួញ​ផ្នែក​ផលិតផល​កសិកម្ម នៅតាម​បណ្ដា​ខេត្តឆ្ងាយៗ នៃ​ប្រទេស​ចិន កំពុង​នាំគ្នា​ឡាយ​លក់​ផលិតផល​ដោយផ្ទាល់ ឱ្យ​អតិថិជន​នៅ​ទីក្រុង។ ប្រាក់ចំណូល​ដែល​បានមកពី​វីដេអូ​ស្ដីអំពី​ជនបទ នៅលើ Douyin (កំណែ​ក្នុងស្រុក​របស់ TikTok) របស់ ByteDance បាន​កើន 15 ដង បើ​ធៀប​នឹង​ដំណាក់កាល​ដូចគ្នា កាលពី​ឆ្នាំ 2020។

កសិករ​មួយរូប​ផ្សេងទៀត ដែលមាន​ឈ្មោះថា Guo Chengcheng «ទំនាក់ទំនង» ជាមួយនឹង​អ្នកគាំទ្រ Douyin ជាង 2.5 លាន​នាក់ ពី​ចំការ​របស់ខ្លួន។ នៅពេល​ផ្ទះ​របស់​នាង​កំពុង​ប្រមូល​ផល អ្នកទស្សនា​អាច​ចុច​ទៅលើ​តំណ​ភ្ជាប់​លើ​អេក្រង់ ដើម្បី​ទិញ​ផលិតផល។

Guo លក់​កសិផល​គ្រប់មុខ តាំងពី​ល្ពៅ​ប្រភេទ​តូច រហូតដល់​ដើម​ផ្កា​អង្គាសីល ដែល​ផ្គត់ផ្គង់​ដោយ​ប្រជាជន​ក្នុងភូមិ។ កន្លងមក នាង​ធ្លាប់​លក់ទំនិញ​នៅលើ WeChat របស់ Tencent ហើយ​ទទួលបាន​ការបញ្ជាទិញ​ប្រហែល 100 លើក ជា​រៀងរាល់ថ្ងៃ។ បច្ចុប្បន្ន Guo អាច​រកបាន​អតិថិជន​រហូតដល់ 50,000 នាក់ រាល់ពេល​នាង​ឡាយ​លក់ ដែល​នេះ ជួយ​ឱ្យ​នាង​រកបាន​ប្រាក់​យ៉ាងតិច 9 លាន​យុន ជា​រៀងរាល់ខែ។

Guo Chengcheng កំពុង​ឡាយ​លក់​ផ្លែឈើ

Guo Chengcheng និង Brother Pomegranate គឺជា​ផ្នែក​មួយ​នៅក្នុង​ចំណោម​ពលរដ្ឋ​ទាំងឡាយ​ដែល​ត្រលប់​ទៅ​ស្រុកកំណើត ក្រោយពី​បានរស់នៅ និង​ធ្វើការ​នៅ​ទីក្រុង​អស់​ជាច្រើន​ទសវត្សរ៍។ បណ្ដាញ​សង្គម Douyin បានឱ្យដឹងថា 54% នៃ influencer (អ្នក​ដែលមាន​ឥទ្ធិពល​លើ​បណ្ដាញ​សង្គម) នៅតាម​ជនបទ គឺជា ក្រុម​យុវវ័យ​ដែល​ត្រលប់​មកពី​ទីក្រុង។

ការនិយម​ថ្មី​នេះ កាន់តែ​បង្ហាញ​យ៉ាងច្បាស់ ចាប់ពី​ប្រទេស​ចិន មាន​វិបត្តិ Covid-19។ ពលរដ្ឋ​ចំណាកស្រុក​ជាង 23 លាន​នាក់ បាន​ត្រលប់មក​ស្រុកកំណើត។ ពេល​ប្រព័ន្ធ​គមនាគមន៍​របស់​ជាតិ ផ្អាក​ដំណើរការ​បណ្ដោះ​អាសន្នកាល​ពី​ឆ្នាំទៅ កសិផល​នានា​ត្រូវ​ខូច​ក្នុង​ឃ្លាំង ចំណែក​អ្នកទិញ​ក៏ត្រូវ​ជាប់​ក្នុងផ្ទះ នាំឱ្យ​តម្រូវការ​នៃ​ការ​ចម្អិន​អាហារ​នៅផ្ទះ កើនឡើង​ខ្ពស់ជាងពេលណាៗទាំងអស់។ តម្រូវការ​ទំនិញស្រស់ៗដែល​លក់​តាម​អន​ឡាញ ក៏​កើនឡើង​ខ្ពស់ ខណៈ​បណ្ដាញ​សង្គម និង​ផ្សារ​អន​ឡាញ បង្ក​ភាពងាយស្រួល​ដល់​ការរកស៊ី​របស់​កសិក​រ។

នៅលើ​ផ្សារ​អន​ឡាញ Taobao Live របស់ Alibaba មាន​កសិករ​ជាង 100,000 នាក់ បាន​ឡាយ​លក់​កសិផល​ប្រមាណ 2.52 លាន​លើក នៅក្នុង​ឆ្នាំសារពើពន្ធ​ដែល​បានបញ្ចប់​កាលពី​ខែមីនា​កន្លងទៅ។ ចំនួន​អ្នក​ឡាយ​ទាក់ទិន​នឹង​កសិកម្ម​ដែលមាន​មនុស្ស​តាមដាន​ជាង 10,000 នាក់ នៅលើ​បណ្ដាញ​សង្គម Douyin បាន​កើន 5 ដង រាប់​ចាប់ពី​ឆ្នាំ 2019-2020។

ដើម្បី​ដឹកជញ្ជូន​ទំនិញ​ឱ្យ​អតិថិជន កសិករ​ចិន ប្រើប្រាស់​សេវាកម្ម​ដឹកជញ្ជូន​របស់​បណ្ដា​ក្រុមហ៊ុន​ផ្សារ​អន​ឡាញធំៗ ដូចជា JD Logistics ឬ Cainiao របស់ Alibaba ឬក៏​ប្រើ​សេវាកម្ម​របស់ SF Express។

ក្រុម​អ្នកជំនាញ​ផ្នែក​ពាណិជ្ជកម្ម​អន​ឡាញ និង​ក្រុម​អ្នកមាន​បទពិសោធន៍​ច្រើន​ខាង​ការ​ឡាយ បានឱ្យដឹងថា អាថ៌កំបាំង​ដើម្បី​ជោគជ័យ​នៃ​ការ​ឡាយ​លក់​កសិផល​របស់​កសិករ​ចិន នោះ​គឺ ការរួម​ផ្សំ​រវាង​ការ​នឹករលឹក​ធម្មជាតិ​របស់​អ្នកក្រុង ការបាត់បង់​ជំនឿ​ទៅលើ​ផ្សារ​បុរាណ ព្រោះតែ​បញ្ហា​សុវត្ថិភាព​នៃ​ទំនិញ​ជា​កសិផល រួម​នឹង​ការចូល​ចិត្ត​ទស្សនា​ទិដ្ឋភាព​ស្រស់បំព្រង​នៃ​ជនបទ របស់​អ្នកទស្សនា៕

ប្រភព៖ Bloomberg
ប្រែ​សម្រួល៖ បុត្រា

Advertisement