អ្នកវិទ្យាសាស្ត្រ​ផលិត​កាហ្វេ ដោយ​មិនបាច់​ដាំ​ដើម​កាហ្វេ

(ហ្វាំងឡង់)-អ្នកវិទ្យាសាស្ត្រ​មួយក្រុម យក​កោសិកា​របស់​ដើម​កាហ្វេ​រស់ និង​អភិវឌ្ឍ​វា​នៅក្នុង​បន្ទប់ពិសោធន៍ ហើយក៏​បង្កើតបាន​កាហ្វេ​ដែលមាន​ក្លិន​ឈ្ងុយ​ដូច​កាហ្វេពិតៗដែលមាន​នៅលើ​ទីផ្សារ។

បណ្ឌិត Heiko Rscher ប្រធាន​ផ្នែក​បច្ចេកវិទ្យា​ជីវសាស្ត្រ​រុក្ខជាតិ ប្រចាំ​វិទ្យាស្ថាន​ស្រាវជ្រាវ VTT នៃ​ប្រទេស​ហ្វាំ​ង​ឡង់ កំពុង​ទទួលខុសត្រូវ​លើ​គម្រោង​ស្រាវជ្រាវ​ទាក់ទង​នឹង​ការផលិត​កាហ្វេ​នៅក្នុង​បន្ទប់ពិសោធន៍។ កាលពី​សប្ដាហ៍​មុន ការប្រឹងប្រែង​របស់​ពួកគេ ទទួលបាន​ផ្លែផ្កា​គួរឱ្យ​ពេញចិត្ត នៅពេល​បង្កើតបាន​កាហ្វេ​មួយ​ពែង​ដំបូង​ដែលមាន​រសជាតិ និង​ក្លិន​ដូច​ទៅនឹង​កាហ្វេ​ដែល​ផលិត​ពី​គ្រាប់​របស់​ដើម​កាហ្វេពិត។ នេះ​បើតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 20 កញ្ញា។

ពិភពលោក​ផលិត​កាហ្វេ​ជិត 10 ពាន់​លាន​គីឡូក្រាម ជា​រៀងរាល់ឆ្នាំ ហើយ​តម្រូវការ​នេះ​នឹង​កើនឡើង​នាពេលខាងមុខ។ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​នេះ មនុស្ស​នឹងត្រូវ​កាប់​ព្រៃ​បន្ថែមទៀត​ដើម្បី​ដាំ​ដើម​កាហ្វេ។

បច្ចេកវិទ្យា​ថ្មី​របស់ បណ្ឌិត Heiko Rscher បានបង្ហាញ​អំពី​រូបមន្ត​នៃ «កសិកម្ម​កោសិកា» ក្នុងនោះ បណ្ដា​ផលិតផល​ត្រូវបាន​ផលិតឡើង​ដោយ​ការចិញ្ចឹម​កោសិកា​ដែល​មិនមែនជា​សត្វ ឬ​រុក្ខជាតិពិត។ ដូច្នេះ ដំណើរការ​នេះ​ត្រូវការ​ថាមពល ទឹក និង​បញ្ចេញ​ឧស្ម័ន​ក្នុង​កម្រិត​ទាប។

«គំនិត​នៅទីនេះ​គឺ ការប្រើប្រាស់​បច្ចេកវិទ្យា​ជីវសាស្ត្រ​ជំនួស​ឱ្យ​ការដាំដុះ​បែប​បុរាណ​ដើម្បី​ផលិត​អាហារ។ ដំណោះស្រាយ​នេះ ទាមទារ​ទឹក និង​សកម្មភាព​ដឹកជញ្ជូន​តិចជាង​ធម្មតា។ ពួកវា​ក៏​មិន​ពឹង​ផ្អែកលើ​រដូវ​កាល និង​មិន​ត្រូវការ​ថ្នាំ​សម្លាប់​សត្វល្អិត» លោក Riscer បកស្រាយ​ដូច្នេះ។

លោក​បន្ថែមថា៖ «ដំណើរការ​នៃ​ការផលិត​គឺ ត្រូវ​ប្រើប្រាស់​កោសិកា​ពិត​របស់​ដើម​កាហ្វេ​រស់។ កោសិកា​ដំបូង​ត្រូវបាន​ចិញ្ចឹម​ដោយ​ផ្សាំ​ពី​ផ្នែក​មួយ​របស់​ដើម​កាហ្វេ ដូចជា​ស្លឹក​ជាដើម។ បន្ទាប់មក កោសិកា​នឹង​ដុះ​ឡើង​ច្រើន​នៅក្នុង​បរិស្ថាន​ដែលមាន​សារធាតុចិញ្ចឹម​សមស្រប។ ចុងក្រោយ ពួកវា​ត្រូវបាន​ដឹក​ទៅកាន់​រោងចក្រ​ប្រតិកម្ម​ជីវសាស្ត្រ​ដើម្បី​ប្រមូល​ផល។ បន្ទាប់មក កោសិកា​របស់​កាហ្វេ​ត្រូវបាន​គេ​ស​ម្ងួ​ត និង​លីង រួចហើយ អាច​យកមក​ឆុង​ជា​កាហ្វេ​បាន»។

Rischer បញ្ជាក់ថា៖ «យោងតាម​សេណារីយោ​ដែល​ប្រកបដោយ​សុទិដ្ឋិនិយម​បំផុត ផលិតផល​មួយ​សម្រាប់​សកម្មភាព​ពា​ណិ​ជ្ជ​កម្ម អាច​នឹង​ត្រៀម​រួចរាល់​ដើម្បី​បង្ហាញខ្លួន​នៅក្នុង​រយៈពេល 4 ឆ្នាំ​ខាងមុខ»៕

Advertisement