ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​របស់ អាម៉េរិក ក្ដាប់បាន​រូបមន្ត​ផលិត «សាច់» ពី «ខ្យល់»

(សហរដ្ឋ​អាម៉េរិក)-Air Protein ដែលជា​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី ប្រើប្រាស់ ប្រូតេអ៊ីន ដែល​បង្កើតឡើង​ពី​ខ្យល់​បរិយាកាស​តាមរយៈ​ការ​បំប្លែង CO2 ទៅជា​វត្ថុ​ធាតុ​ដែលមាន​សារជាតិ​បំប៉ន​ដូច​ទៅនឹង ប្រូតេអ៊ីន របស់​សាច់សត្វ។

បច្ចេកវិទ្យា​របស់ Air Protein ត្រូវបាន​អភិវឌ្ឍ​ឡើង​ទៅតាម​គំនិត​ដែល NASA ធ្លាប់បាន​ស្រាវជ្រាវ​កាលពី​ទសវត្សរ៍​ឆ្នាំ 1960។ កាលណោះ ក្រុម​អ្នកវិទ្យាសាស្ត្រ​ស្វែងរក​វិធី​ផ្គត់ផ្គង់​អាហារ​ដល់​ក្រុម​អវកាស​ចរ​ដែល​ធ្វើការ​នៅ​ទី​អវកាស ហើយ​បាន​រកឃើញថា អាច​ប្រើប្រាស់​បណ្ដុំ​មីក្រូ​ជីវសាស្ត្រ​ដើម្បី​បំប្លែង កាបូនឌីអុកស៊ីត (CO2) ពី​ខ្យល់​ដង្ហើម​របស់​អ្នក​អវកាស ឱ្យទៅជា​អាហារ។ ដោយ​ប្រើប្រាស់​យន្តការ​ដូចគ្នានេះ នៅលើ​ផែនដី បច្ចេកវិទ្យា​ដែល​អភិវឌ្ឍ​ដោយ Air Protein អាចជួយ​កាត់បន្ថយ​ផលប៉ះពាល់​ដែល​កើតឡើង​ពី​វិស័យ​ឧស្សាហកម្ម​ម្ហូបអាហារ ដល់​បរិស្ថាន។

បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​នេះ ប្រហាក់ប្រហែល​នឹង​ដំណើរការ​នៃ​ការផលិត​ទឹកដោះគោ​ជូ។ នៅ​ខាងក្នុង​អាង​ដំបែ បាក់តេរី​ធម្មជាតិ​ស្រូបយក CO2 និង​បញ្ចេញ​សារជាតិ​បំប៉ន អាច​យកមក​បង្កើតជា​វត្ថុ​ធាតុ​ដែល​ផ្ទុក ប្រូតេអ៊ីន 80%។ មិន​ដូច ប្រូតេអ៊ីន របស់​សណ្ដែកសៀង ឬ ប្រូតេអ៊ីន របស់​រុក្ខជាតិ​ដទៃ នេះ​គឺជា ប្រូតេអ៊ីន ពេញលេញ ដោយមាន អាស៊ីត​អា​មី​ណូ (amino acids) ដូច​ទៅនឹង ប្រូតេអ៊ីន ក្នុង​សាច់គោ ឬ​សាច់មាន់ ប៉ុន្តែ វា​មិនមាន អង់​ទី​ប៊ី​យូ​ទិ​ក និង អ័រម៉ូន។ CO2 ដែល​ប្រើប្រាស់​នៅក្នុង​ដំណើរការ​នៃ​ការផលិត អាច​ត្រូវបាន​យក​មកពី​បច្ចេកវិទ្យា​ប្រមូល CO2 ផ្ទាល់​ពី​ខ្យល់​បរិយាកាស។

ដំណើរ​ការ​នៃ​ការ​ផលិត​​សាច់​របស់​ Air Protein

បច្ចុប្បន្ន ផ្ទៃដី ¼ របស់​ពិភពលោក កំពុង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ចិញ្ចឹមសត្វ, 1/3 ជា​ដី​ដាំ​ដុះ​សម្រាប់​ចិញ្ចឹមសត្វ។ ដោយសារ​តម្រូវការ​សាច់​កាន់តែច្រើន មនុស្ស​ត្រូវ​កាប់​ព្រៃឈើ​យក​ដី​មក​ដាំ​ដុះ។ ឆ្នាំ 2050 មនុស្ស​នឹង​បរិភោគ​សាច់សត្វ​ច្រើនជាង 68% ធៀប​នឹង​ឆ្នាំ 2010។ ប៉ុន្តែ បើសិនជា​គេ​អាច​ផលិត​សាច់​ពី​រោងចក្រ​ដែល​ប្រើប្រាស់​វិធី​ដូច​ក្រុមហ៊ុន Air Protein នេះ នោះ​មនុស្ស​អាច​សំច័យ​ប្រភព​ធន​ធា​ត​ធម្មជាតិ​បាន​យ៉ាងច្រើន។

Air Protein គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Kiverdi ជា​ក្រុមហ៊ុន​មួយ​ដែល​ប្រើប្រាស់​វិធីសាស្ត្រ​ដូចគ្នានេះ ដើម្បី​បំប្លែង CO2 ទៅជា​ផលិតផល​ជំនួស​ឱ្យ​ជ័រកៅស៊ូ និង​វត្ថុ​ធាតុ​ដូចជា​ប្រេងដូង។ ក្រុម​អ្នកស្រាវជ្រាវ​របស់ Air Protein បាន​ចំណាយពេល​អស់​ជាច្រើន​ឆ្នាំ​ដើម្បី​អភិវឌ្ឍ ប្រូតេអ៊ីន និង​រូបមន្ត​សម្រាប់​គំរូ​អាហារ​របស់​ពួកគេ។ ម្សៅ ប្រូតេអ៊ីន របស់ Air Protein មាន​រសជាតិ​ស្រាល​ល្មម អាច​ប្រើប្រាស់​ជាមួយនឹង​អាហារ​ច្រើន​មុខ​ក្រៅពី​សាច់ ដូចជា​ការបន្ថែម​វា​ទៅក្នុង​គ្រាប់ ឬ​ម្សៅ​ធញ្ញជាតិ ឬមួយ​បន្ទះ ប្រូតេអ៊ីន ជាដើម។

អ្នក​ស្រី​ Lisa Dyson

បច្ចុប្បន្ន ក្រុមហ៊ុន Air Protein កំពុង​ស្វែងរក​ប្រភេទ​អាហារ​សមស្រប​ដើម្បី​អាចដាក់​លក់​ក្នុង​ទីផ្សារ។ នេះ​បើតាម​នាយិកា​ប្រតិបត្តិ Lisa Dyson នៃ​ក្រុមហ៊ុនមេ​របស់ Air Protein៕

Advertisement