បច្ចេកវិទ្យា​ជួយ​ឱ្យ​មេ​គ្រួសារ​ដាំ​ដំណាំ​ក្នុងផ្ទះ​បាន​យ៉ាង​ងាយស្រួល និងមាន​​ប្រណិត​ភាព​ខ្ពស់ (វីដេអូ)

កូរ៉េខាងត្បូង ថ្មីៗនេះ បានបង្ហាញ​ឧបករណ៍​ឆ្លាត​វៃ​មួយចំនួន​ដែល​ជួយ​ឱ្យ​មនុស្ស​គ្រប់គ្នា​អាច​ដាំ​ដំណាំ​ក្នុងផ្ទះ​បាន​ដោយ​ងាយស្រួល ដូចជា​បន្លែ ផ្កា និង​កូនឈើ​ជាដើម។

(ខេត្ត Gyeonggi កូរ៉េខាងត្បូង)-នៅពេល​ជំងឺ​រាតត្បាត​កំពុងតែ​ធ្វើឱ្យ​មនុស្សម្នា​ពិបាក​ចេញពី​ខាងក្រៅ បណ្ដា​ក្រុមហ៊ុន​អេឡិចត្រូនិក​របស់ ប្រទេស​កូរ៉េខាងត្បូង បាន​ឧទ្ទេសនាម​ប្រព័ន្ធ​ដាំ​ដុះ​ឆ្លាត​វៃ​ជាច្រើន​ដែល​អាច​ប្រើប្រាស់​នៅក្នុង​ផ្ទះ។

ម៉ាស៊ីន​ដាំ​ដំណាំ​របស់​យីហោ Wells នៃ​ក្រុមហ៊ុនមេ Kyowon មាន​ទំហំ​ប្រហាក់ប្រហែល​នឹង​កូន​អាង​ចិញ្ចឹម​ត្រី​លម្អ។ ចំពោះ​មេផ្ទះ​ដូចជា Kim Sun-mi ឧបករណ៍​នេះ​ងាយស្រួល​ប្រើប្រាស់​បំផុត។ អ្នកស្រី​គ្រាន់តែ​ស្រោច​ទឹក​បន្លែ​តែម្ដង​គត់​ក្នុង​មួយ​សប្ដាហ៍ នៅពេល​ម៉ាស៊ីន​ឆ្លាត​វៃ​នេះ​ផ្ញើ​សារ​ជូនដំណឹង។

អ្នកស្រី Kim Sun-mi ដែលជា​អតិថិជន​ម្នាក់​រស់នៅក្នុង​ខេត្ត Gyeonggi បាន​ប្រាប់ថា៖ «មាន​អារម្មណ៍​ថា​អស្ចារ្យ​គ្រប់​ពេលដែល​ក្រោក​ពី​គេង និង​មើល​វា​នៅពេល​ព្រលឹម។ ខ្ញុំ​ចូលចិត្ត​មើល​វា​លូតលាស់​ពីមួយថ្ងៃ ទៅមួយថ្ងៃ។ ខ្ញុំ​ឃើញថា វា​ធំ​ឡើង​ទៅតាម​ពេលវេលា»។

ឧបករណ៍​នេះ មើលទៅ​ដូច​មិនអាច​ដាំ​បន្លែ​បាន​ច្រើន​ប៉ុន្មាន ប៉ុន្តែ​ទិន្នផល​ជាក់ស្ដែង​របស់​វា មាន​ច្រើនជាង​ការរំពឹងទុក។

មុន​នេះ ក្រុមហ៊ុន LG Electronics ក៏បាន​ឃោសនា​អំពី​ម៉ាស៊ីន​ដាំ​ដំណាំ​ឆ្លាត​វៃ​របស់ខ្លួន។ ឧបករណ៍​របស់​ពួកគេ ដូច​ទៅនឹង​ទូទឹកកក​តូច​មួយគ្រឿង ប៉ុន្តែ អាច​ដាំ​បាន​ទាំង​បន្លែ ទាំង​ផ្កា។

ក្រុមហ៊ុន LG Electronics ឱ្យដឹងថា បន្លែ​ស៊ីពេល 4 សប្ដាហ៍​ទើប​អាច​ប្រមូល​ផល​បាន រីឯ​ផ្កា​វិញ​ស៊ីពេល​អស់​ប្រហែល 6 សប្ដាហ៍​ទើប​ចេញ​ផ្កា។ អ្នកប្រើប្រាស់​អាច​តាមដាន​ការលូតលាស់​របស់​ដំណាំ តាមរយៈ​ទូរស័ព្ទ​ឆ្លាត​វៃ​របស់​ពួកគេ។

យោងតាម​ទិន្នន័យ​ពី​សមាគម​លើកកម្ពស់​ការច្នៃប្រឌិត​កូរ៉េ KIPA (Korean Invention Promotion Association) តម្លៃ​ទីផ្សារ​សម្រាប់​អ្នក​ដាំ​ដំណាំ​នឹង​កើន​ដល់ 500 ពាន់​លាន​វ៉ុ​ន (ប្រហែល 425 លាន​ដុល្លារ​អាម៉េរិក) នៅ​ឆ្នាំ 2023៕

Advertisement