ឆ្នាំ២០២១ កម្ពុជា នាំចេញ​កសិផល បាន​ជាង ៧ លាន​តោន ច្រើនជាង ៦៣.៨៣% ធៀប​នឹង​ឆ្នាំ ២០២០

ការនាំចេញ​កសិផលរ​បស់ កម្ពុជា សម្រេចបាន​ជិត ៥ ពាន់​លាន​ដុល្លារ​អាម៉េរិក ដោយ​បរិមាណ​នាំចេញ​សរុប ជាង ៧ លាន​តោន នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ។

ប្រភពព័ត៌មាន​ឱ្យដឹងថា ការ​បូកសរុប​ជាបឋម​បង្ហាញថា តម្លៃ​នៃ​ការនាំចេញ​កសិផល​រប​ស់ កម្ពុជា ទៅ​ក្រៅប្រទេស ក្នុង​រយៈពេល ១២ ខែ នៃ​ឆ្នាំ ២០២១ មាន​ចំនួន​ជាង ៤,៩៦៧,៨៥២,០០០ ដុល្លារ​អាមេរិក ក្នុងនោះ​មាន៖ អង្ករ​ជាង ៥០០ លាន​ដុល្លារ​អាមេរិក, ស្រូវ​ជាង ៦៣១ លាន​ដុល្លារ​អាមេរិក, កសិផល​ក្រៅពី​ស្រូវ-អង្ករ ជាង ៣,១៦៤ លាន​ដុល្លារ​អាមេរិក, កៅស៊ូ​ធម្មជាតិ​ជាង ៦០០ លាន​ដុល្លារ​អាមេរិក, ឈើ​កៅស៊ូ​ជាង ១ លាន​ដុល្លារ​អាមេរិក, ឈើ​អារ​និង​សត្វ​ស្វា​ជាង ៣៥ លាន​ដុល្លារ​អាមេរិក ត្រី​គ្រប់​ប្រភេទ​ជាង ៤ លាន​ដុល្លារ​អាមេរិក។

ការិយាល័យ​ភូតគាម​អនាម័យ​ជាតិ នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទបានឱ្យដឹងថា ឆ្នាំ ២០២១ កម្ពុជា បាន​នាំចេញ​កសិផល​ទៅ​ក្រៅប្រទេស សរុប ៧,៩៨៤,២៥១ តោន កើន ៣,១១០,៧៩០ តោន ដែល​ច្រើនជាង ៦៣.៨៣% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២០។

អង្ករ​ធម្មតា, អង្ករ​ក្រអូប​គ្រប់​ប្រភេទ, ស្រូវ, ដំឡូង​មី, ដំឡូង​មី, គ្រាប់ស្វាយចន្ទី, គ្រាប់ពោត, គ្រាប់​សណ្ដែកបាយ, គ្រាប់​សណ្តែកសៀង, ផ្លែ​ចេក​ស្រស់, ផ្លែ​ក្រូចថ្លុង, ផ្លែស្វាយ​ស្រស់, ដំណាប់​ស្វាយ, ទឹក​ស៊ី​រ៉ូ​ស្វាយ, ដូងប្រេង, ម្រេច, ថ្នាំជក់, បន្លែ​ចម្រុះ, ម្ទេស រួម​ជាមួយនឹង​ផលិតផល​ចំនួន ៩៥ មុខ​ផ្សេងទៀត​គឺជា​កសិផលសំខាន់ៗដែល កម្ពុជា បាន​នាំ​ចេញទៅ​ក្រៅប្រទេស៕

Advertisement