គម្រោង​វិនិយោគ​លើ​ការចិញ្ចឹម​ត្រី​ក្នុង​បែ ​របស់​ក្រុមហ៊ុន​បរទេស នៅលើ​សមុទ្រ​កម្ពុជា ទទួល​បានការ​សាទរ​ពី រដ្ឋមន្ត្រី​ក្រសួងកសិកម្ម

គម្រោង​វិនិយោគ​វារីវប្បកម្ម​សមុទ្រ ពោលគឺ​ផែនការ​ចិញ្ចឹម​ត្រី​ក្នុង​បែរ លើ​សមុទ្រ​កម្ពុជា របស់​ក្រុមហ៊ុន​ជីន យូ តាំង (ខេ​ម​បូ​ឌា) ហ្វី​សឺ​រី ឯ.ក ទទួលបាន​ការគាំទ្រ​ពី​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម។

ក្រោយពី​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង​ក្រសួង និង​ក្រុមហ៊ុន ជីន យូ តាំង (ខេ​ម​បូ​ឌា) ហ្វី​សឺ​រី ឯ.ក កាលពី​ឆ្នាំ ២០១៧ ក្រុមហ៊ុន​នេះ​បានធ្វើការ​ពិនិត្យ សិក្សា និង​ពិភាក្សា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​រួចហើយ ក្នុងនោះ ក្រសួង​ពាក់ព័ន្ធ​បានសម្រេច​កំណត់​យក​តំបន់​កោះ​ថាស ជា​តំបន់​សក្តិសម​បំផុត​សម្រាប់​ក្រុមហ៊ុន​ធ្វើការ​វិនិយោគ។

ខាងលើ​គឺជា​ការអះអាង​របស់លោក​ស្រី ជេ​ស៊ីកា តំណាង​ក្រុមហ៊ុន ជីន យូ តាំង (ខេ​ម​បូ​ឌា) ហ្វី​សឺ​រី ឯ.ក ដែល​បាន​ចូលជួប​ពិភាក្សា​ជាមួយ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ នា​ថ្ងៃទី ១១ មករា ២០២២។

លោកស្រី ជេ​ស៊ីកា ថ្លែងថា នៅក្នុង​សំណើ​វិនិយោគ​របស់​ក្រុមហ៊ុន ដំណាក់កាល​ទី១ នៃ​ផែនការ​វិនិយោគ​លើ​ការចិញ្ចឹម​ត្រី​សមុទ្រ​ក្នុង​បែ គឺ​នៅលើ​ផ្ទៃ​ទឹកសមុទ្រ​ចំនួន ១,៩៨៤ ហិកតា។

ក្នុងជំនួប​នេះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​បញ្ជាក់ថា ផែនការ​វិនិយោគ​វារីវប្បកម្ម​សមុទ្រ ក៏បាន​ចូលរួម​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ បង្កើន​ផល​ត្រី​សមុទ្រ​ធម្មជាតិ និង​ផល​ត្រី​ចិញ្ចឹម​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក។

 

ទោះជា​យ៉ាងណាក៏ដោយ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ណែនាំ​បន្ថែម​ដល់​ក្រុមហ៊ុន​ឱ្យ​បញ្ជូន​ឯកសារ​វាយតម្លៃ​លើ​ផលប៉ះពាល់​បរិស្ថាន និង​សង្គម មក​ក្រសួង និង​ត្រូវ​ស្នើសុំ និង​មានការ​អនុម័ត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជាមុនសិន៕

Advertisement