វិស័យ​កសិកម្ម​នៅ ​ទ្វីប​អាម៉េរិក អាចជា​គន្លឹះ​​ចម្បង​សម្រាប់​ដោះស្រាយ​បញ្ហា​សន្តិសុខ​ថាមពល​សកល ដែល​កើតឡើង​ដោយសារ​សង្គ្រាម​រវាង រុស្ស៊ី-អ៊ុយ​ក្រែ​ន

វិទ្យាស្ថានអន្តរអាមេរិកសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម (IICA) ថ្មីៗនេះ​បាន​អះអាងថា ទ្វីប​អាម៉េរិក អាចរួមចំណែក​ដ៏​សំខាន់​នៅក្នុង​ការដោះស្រាយ​បញ្ហា​សន្តិសុខ​ថាមពល​សកល ក្នុង​គ្រា​ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្តិ​បច្ចុប្បន្ន ដោយសារ​សង្គ្រាម រុស្ស៊ី-អ៊ុយ​ក្រែ​ន ដែល​កំពុង​នាំឱ្យមាន​បញ្ហា​ខ្វះ​ប្រេង​ប្រើប្រាស់។

នៅក្នុង​ប្រកាស​មួយ​ដែល​ត្រូវ​បានដាក់​ចំណងជើង​ថា «សារសំខាន់​ភូមិសាស្ត្រ​នយោបាយ​របស់​វិស័យ​កសិកម្ម​ក្នុង​បញ្ហា​សន្តិសុខ​ថាមពល» វិទ្យា​ស្ថាន IICA លើកឡើងថា ទ្វីប​អាម៉េរិក កំពុង​ផលិត​ជីវឧស្ម័ន​រាវ​ប្រមាណ ៧១% នៃ​បរិមាណ​សរុប​ទូទាំង​ពិភពលោក ដែល​នេះ​គឺមាន​សារសំខាន់​ជា​យុទ្ធសាស្ត្រ​ដើម្បី​ជំនួស​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​បច្ចុប្បន្ន។

យោងតាម IICA រុស្ស៊ី គឺជា​ប្រទេស​ដែល​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​ចម្បង​ទៅឱ្យ អឺរ៉ុប ហើយក៏​ជា​ប្រទេសមួយ​ដែល​ផលិត​ប្រេង​ក្នុង​បរិមាណ​ច្រើនជាងគេ​ក្នុង​ពិភពលោក​ផងដែរ ដូច្នេះ ទណ្ឌកម្ម​ដែល​ដាក់​ទៅលើ​វិស័យ​ថាមពល​របស់ រុស្ស៊ី ក៏​ជះឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​ពិភពលោក។ តម្លៃ​ប្រេង​ចេះតែ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្នុង​គ្រា​ពិភពលោក​កំពុង​ខ្វះ​ប្រភព​ផ្គត់ផ្គង់។

ទាក់ទង​នឹង​បញ្ហា​ខាងលើ វិស័យ​កសិកម្ម​របស់ ទ្វីប​អាម៉េរិក អាច​ដើរតួនាទី​​យ៉ាង​សំខាន់​មួយ ព្រោះតែ​ជា​ទ្វីប​ដែល​នាំចេញ​ផលិតផល​កសិកម្ម​ច្រើន រួមចំណែក​មិនតិច​នោះទេ ក្នុងការ​ធានា​ដល់​សន្តិ​សុខ​ស្បៀង និង​រួមទាំង​សន្តិសុខ​ថាមពល។ IICA លើកឡើងថា គោលដៅ​ទាំងពីរ​នេះ​មិនអាច​ខ្វះ​មួយណា​បាន​ឡើង ព្រោះតែ​ភាពសម្បូរ​បែប​ក្នុងការ​ប្រើប្រាស់​ទូទៅ រួម​ជាមួយ​នឹង​​ប្រសិទ្ធភាព​នៃ​ជីវម៉ាស (ជីវម៉ាស គឺជា​រូបធាតុសរីរាង្គ​ដែលមាន​នៅក្នុង​ផលិតផល​របស់ ធម្មជាតិ​ដូចជា សត្វ ឬ​រុក្ខជាតិ) ដើម្បី​ផលិត​ឧស្ម័ន​ជីវសាស្ត្រ​ដែល​អាច​បង្កើន​ប្រសិទ្ធភាព និង​សុវត្ថិភាព​របស់​ប្រព័ន្ធ​អាហារ​កសិកម្ម។

វិទ្យាស្ថានអន្តរអាមេរិកសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម (IICA)

លោក Agustin Torroba អ្នកជំនាញ​ផ្នែក​ឥន្ធនៈ និង​ថាមពល​ជីវសាស្ត្រ​របស់ IICA បាន​និយាយថា ឧស្ម័ន​ជីវសាស្ត្រ​បានរួម​ចំណែក​ជាង ១៥០ លាន​ម៉ែត្រគូប ទៅក្នុង​ពិភពលោក ក្នុងនោះ មាន ៣៣% ជា​ប្រភេទ​ជីវ​ម៉ា​ស៊ូ​ត និង ៦៧% ជា​ប្រភេទ​អាល់កុល​ជីវសាស្ត្រ​សម្រាប់​លាយ ឬ​ជំនួស​ប្រេងសាំង។

ទ្វីប​អាម៉េរិក កំពុង​ក្ដោប​ក្ដាប់​តួនាទី​ស្នូល​ក្នុង​ការផលិត​អាល់កុល​ជីវសាស្ត្រ ដោយ​កំពុង​ផ្គត់ផ្គង់​រហូតដល់ ៨៨% នៃ​បរិមាណ​អាកុល​ជីវសាស្ត្រ​សរុប និង ៣៦% នៃ​បរិមាណ​ជីវ​ម៉ា​ស៊ូ​ត សម្រាប់​ពិភពលោក។

វត្ថុធាតុដើម​សម្រាប់​ផលិត​អាកុល​ជីវសាស្ត្រ ភាគច្រើន​គឺជា​ពោត និង​ស្ករអំពៅ ចំណែក​ជីវ​ម៉ា​ស៊ូ​ត ត្រូវបាន​ផលិត​ពី​ប្រេងសណ្ដែក និង​ប្រេង​របស់​ដូងប្រេង។

បច្ចុប្បន្ន ជីវឧស្ម័ន​រាវ​ដែល​ត្រូវបាន​ផលិត​នៅ ទ្វីប​អាម៉េរិក កំពុង​ជួយ​ប៉ះប៉ូវ​ប្រមាណ ២២% នៃ​កង្វះ​ប្រេង​ពី​រ៉ែ​ធម្មជាតិ និង​បណ្ដា​និ​ស្ស​ន្ទ​វត្ថុ (និ​ស្ស​ន្ទ​វត្ថុ គឺជា វត្ថុ​ដែល​ចេញពី​ធាតុ​ដើម ដូចជា «ប្រេងដូង​គឺជា​និ​ស្ស​ន្ទ​វត្ថុ​របស់​ដូង» ឯ «ប្រេងសណ្តែក គឺជា និ​ស្ស​ន្ទ​វត្ថុ​របស់​សណ្ដែក») របស់ ទ្វីប​នេះ។ យោងតាម​ការ​គណនារ​បស់ IICA ជីវឧស្ម័ន​រាវ​អាច​ប៉ះប៉ូវ​ទៅលើ​តម្រូវការ​ប្រេង​បាន​ពី​រ៉ែ ប្រមាណ ៥៣% ឯណោះ។

Advertisement