ប្រភេទ​ឪឡឹក​ដែល​កម្រ និង​មានតម្លៃ​ខ្ពស់បំផុត​ក្នុង​ពិភពលោក

ក្នុងចំណោម​ពូជ​ឪឡឹក​ជាង ១,២០០ ប្រភេទ ដែល​ត្រូវបាន​ដាំ​នៅលើ​ផែនដី ពុំមាន​ប្រភេទ​មួយណា​ដែល​ត្រូវបាន​គេ​តាមរក​ទិញ​ច្រើនជាង Densuke។

យោងតាម​គេហទំព័រ Oddity Central (អង់គ្លេស) ដោយ​ត្រូវគេ​សម្គាល់​ទៅលើ​សម្បក​ពណ៌​ខ្មៅ​រលើប ឪឡឹក Densuke មាន​សាច់​ស្រួយ គ្រាប់​តិច និង​ផ្អែម​ជាង​ពូជ​ឪឡឹក​ដទៃ។ អ្នក​ដែលមាន​សំណាង​បាន​ភ្លក់​រសជាតិ​ឪឡឹក​នេះ​តែង​សរសើរ​ថា វា​ឆ្ងាញ់​ជាង​ឆ្ងាយ ធៀប​នឹង​ឪឡឹក​ធម្មតា។

ឪឡឹក Densuke ត្រូវបាន​គេ​ចាត់ទុកថា ជា​ពូជ​ឪឡឹក​កម្រ​បំផុត​ក្នុង​ពិភពលោក ដោយសារ​វា​ត្រូវបាន​ដាំ​តែ​នៅ​ភាគ​ខាងជើង​នៃ​កោះ Hokkaido និង​ក្នុង​ចំនួន​យ៉ាងតិច ពោលគឺ​ត្រឹមតែ​ជិត ១០០ ផ្លែ​ក្នុង ១ ឆ្នាំ។ ដូច្នេះ វា​ពិតជា​ពិបាក​រក​ទិញ​នៅក្នុង​ផ្សារ។ ជំនួស​មកវិញ Densuke ត្រូវបាន​គេ​យកទៅលក់​ដេញថ្លៃ​នៅក្នុង​ព្រឹត្តិការណ៍ធំៗប្រចាំឆ្នាំ ក្នុងតម្លៃ​រាប់រយ ឬ​រាប់ពាន់​ដុល្លារ​អាម៉េរិក/ផ្លែ។

ផ្លែ​ឪឡឹក Densuke ដែលមាន​តម្លៃ​ខ្ពស់​ជាងគេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​គឺ ផ្លែ​ដែល​លក់​ដេញថ្លៃ​កាលពី​ឆ្នាំ ២០១៩ ដោយ​លក់ ៦,០០០ ដុល្លារ​អាម៉េរិក។ ក៏ប៉ុន្តែ ដោយសារតែ កូ​វីដ-១៩ តម្លៃ​របស់​ឪឡឹក​សម្បក​ខ្មៅ​នេះ​បាន​ថយចុះ​ច្រើន​ក្នុង​រយៈពេល ២ ឆ្នាំ​កន្លង។ យ៉ាងនេះ​ក៏ដោយ Densuke នៅតែ​ជា​ប្រភេទ​ឪឡឹក​ដែលមាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ពិភពលោក។

ដូច​ទៅនឹង​ផលិតផល​ប្រណិត​ដទៃ ឪឡឹក Densuke ត្រូវបាន​វេច​ខ្ចប់​យ៉ាង​ប្រុងប្រយ័ត្ន​នៅក្នុង​ប្រអប់​ដែល​ត្រូវបាន​រចនា​យ៉ាង​ស្រស់ស្អាត និង​អម​ជាមួយ​លិខិតបញ្ជាក់​អំពី​ប្រភព។ វា​តែង​ត្រូវបាន​ប្រើប្រាស់​ជា​ជំនូន ឬ​អំណោយ ដើម្បី​បង្ហាញ​អំពី​ការគោរព ដឹងគុណ និង​រក្សា​ទំនាក់ទំនង​ឱ្យបាន​ល្អប្រសើរ។

មិន​ច្បាស់​ថា ហេតុអ្វី​បានជា​ប្រភេទ​ឪឡឹក​នេះ​មិនទាន់​ត្រូវបាន​ដាំ​នៅ​ខាងក្រៅ ប្រទេស​ជប៉ុន។ ប៉ុន្តែ យោងតាម​ទស្សនាវដ្ដី The Gardener គ្រាប់ពូជ​របស់ Densuke កំពុង​ត្រូវបាន​ដាក់លក់​នៅលើ​ទីផ្សារ​របស់ អឺរ៉ុប និង អាម៉េរិក​ខាងជើង៕

Advertisement