Startup «ធ្វើ​ចំការ» ក្នុង​កសិដ្ឋាន​ប្រភេទ «ឈរ​ត្រង់» នៅក្នុង​អគារខ្ពស់ៗ

Gordon Tam នៅ​ក្នុង​កសិដ្ឋាន​ទំនើប​របស់គាត់

នៅពេល​ហាង​ទំនិញ​ទាំងឡាយ​នៅ ហុងកុង ខ្វះ​កសិផល ដោយសារ​ដាច់​ចង្វាក់​ផ្គត់ផ្គង់ Gordon Tam ក៏​យល់ឃើញថា នេះ​គឺជា​ឱកាស​សម្រាប់​រូបមន្ត «កសិដ្ឋាន​ឈរ​ត្រង់» នៅក្នុង​បណ្ដា​អគារខ្ពស់។

Gordon Tam ជា​សហ​ស្ថាបនិក និង​ប្រធាន​របស់ Farm៦៦ ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍ​រូប​មន្ត្រី «កសិដ្ឋាន​ឈរ​ត្រង់» នៅ ហុងកុង។ Tam បានដឹងថា ទិន្នផល​បន្លែ​ដែល​ដាំ​នៅ​មូលដ្ឋាន​មាន​កម្រិត​ទាប​ខ្លាំង​នៅក្នុង​សម័យ​កូ​វីដ-១៩។

នៅ ហុងកុង ស្បៀងអាហារ ជាង ៩០% ពិសេស​គឺ​បន្លែ ត្រូវបាន​នាំចូល​ពី ចិនដីគោក។ ដើមខែ​កុម្ភៈ ២០២២ ហុងកុង ដែលមាន​ប្រជាជន​ជាង ៧ លាន​នាក់ ត្រូវ​ប្រឈមមុខ​នឹង​ស្ថាន​ភាពខ្វះ​អាហារ​ស្រស់។ ហាង​ទំនិញ​នានា​ស្ទើរតែ​គ្មានអ្វី​ដើម្បី​លក់ ដោយសារតែ អាជ្ញាធរ​ចិន រឹតបន្តឹង​ព្រំដែន ព្រោះតែ​បញ្ហា​កូ​វីដ-១៩។

Gordon Tam គណនា​ឃើញថា បរិមាណ​បន្លែ​ប្រហែល​តែ ១.៥% ប៉ុណ្ណោះ ដែល​ត្រូវបាន​ផលិត​នៅក្នុង​ស្រុក។ ហើយ​បណ្ដា «កសិដ្ឋាន​ឈរ​ត្រង់» ដូចជា Farm៦៦ ដែលមាន​ជំនួយ​ពី​បច្ចេកវិទ្យា​ទំនើប​ដូចជា អង្គ​ញាណ loT, អំពូល​ភ្លើង LED និង​រ៉ូ​បូត​ជាដើម អាច​ជំរុញ​ដល់​ការដាំដុះ​ក្នុង​តំបន់។ Farm៦៦ ក៏មាន​គម្រោង «នាំចេញ​អាថ៌កំបាំង» នេះ ទៅកាន់​ទីក្រុងផ្សេងៗផងដែរ។

ក្នុង​សម័យ​កូវីដ-១៩ ក្រុង​ហុងកុង ប្រឈម​នឹង​បញ្ហា​ខ្វះបន្លែស្រស់

Tam និយាយថា «កសិដ្ឋាន​ឈរ​ត្រង់​គឺជា​វិធីសាស្ត្រ​ដាំ​ដុះ​ដែល​ជួយ​ឱ្យគេ​អាច​ដាំ​បន្លែ​នៅក្នុង​ទីក្រុង​បាន និង​​កាត់​បន្ថយ​​ការ​ពឹង​​ផ្អែកលើ​ការនាំ​ចូល ពិសេស​ចំពោះ ហុងកុង»។

Tam ចាប់ផ្ដើម​កសាង Farm៦៦ តាំងពី​ឆ្នាំ ២០១៣ រួមជាមួយ​នឹង​សហ​ស្ថាបនិក Billy Lam។ Farm៦៦ បាន​រកឃើញថា ពណ៌​ខុសគ្នា​នៅលើ​កាំរស្មី​នៃ​ពន្លឺ ជួយ​ឱ្យ​រុក្ខជាតិ​រីកលូតលាស់​ទៅតាម​វិធីខុសៗគ្នា។ ភ្លើង LED ពណ៌​ក្រហម​នឹង​ជួយ​ឱ្យ​ដើម​រុក្ខជាតិ​រីកលូតលាស់​បាន​លឿន ខណៈដែល​ពន្លឺ LED ពណ៌​ផ្ទៃមេឃ​ជួយ​ឱ្យ​ស្លឹក​រុក្ខជាតិ​រីក​ធំ​ជាង​ធម្មតា។

Farm៦៦ ក៏​ប្រើប្រាស់​សែន​សឺរ loT និង រ៉ូ​បូត ដើម្បី​គ្រប់គ្រង​គុណភាព និង​ជួយ​គ្រប់គ្រង​កសិដ្ឋាន​ក្នុងផ្ទះ​ទំហំ​ជិត ២,០០០ ម៉ែត្រក្រឡា។ Farm៦៦ មាន​បុគ្គលិក​ពេញ​ម៉ោង ១៥ នាក់ រួមមាន ក្រុមអ្នកវិភាគ​ទិន្នន័យ អ្នកវិទ្យាសាស្ត្រ​ផ្នែក​អាហារ និង​វិស្វករ​គ្រឿង​ម៉ាស៊ីន។ Farm៦៦ ផលិត​បន្លែ​បាន​រហូតដល់ ៧ តោន​ជា​រៀងរាល់ខែ។

Farm៦៦ ទទួលបាន​ការវិនិយោគ​ពី ParticleX ដែលមាន​មហាសេដ្ឋី Tang Yiu នៅ​ពីក្រោយ និង​ទទួលបាន​ការគាំទ្រ​ពី​មូលនិធិ​សហគ្រិន Alibaba, Cyberport និង​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ Sino Group របស់​មហាសេដ្ឋី​សិង្ហ​បុរី Robert Ng ផងដែរ។

កសិដ្ឋាន​បែប​ឈរ​ត្រង់​របស់ Farm៦៦

Farm៦៦ ដាំ​បន្លែ​បៃតង បន្លែ​ក្រអូប និង​បន្លែ​ច្រើន​ប្រភេទ​ទៀត​ដោយ​ប្រើ​រូបមន្ត​កសិដ្ឋាន​ឈរ​ត្រង់ និង​តាមបែប​ដាំ​​ដុះ​​លើ​ទឹក។ ក្នុងនោះ រុក្ខជាតិ​ត្រូវបាន​ថែបំប៉ន​ដោយ​សារធាតុចិញ្ចឹម​ដែល​បានមកពី​កាកសំណល់​របស់​ត្រី ជំនួស​ឱ្យ​ជីគីមី ឬ​ជីធម្មជាតិ។ រុក្ខជាតិ​មាន​តួនាទី​ចម្រាញ់​ទឹក បង្កើតបានជា​ប្រព័ន្ធ​ជីវសាស្ត្រ​នៅក្នុង​កសិដ្ឋាន​ទំនើប​នេះ។

បច្ចុប្បន្ន ក្រុមហ៊ុន Farm៦៦ របស់ Gordon Tam​ ផ្គត់ផ្គង់​កសិផល​ឱ្យ​ផ្សារ​ទំនើប សណ្ឋាគារ និង​ហាង​លក់រាយ​លំដាប់​ខ្ពស់។

Advertisement