កូនជ្រូក​ដែល​កើត​ពី​ការបន្ត​ពូជ​ដោយ​រ៉ូ​បូត​ស្វ័យប្រវត្តិ​ទាំងស្រុង មាន​សុខ​ភាពល្អ! អ្នកវិទ្យាសាស្ត្រ​ថា ជារឿង​ «ជោគជ័យ»

កូនជ្រូកដែលកើតពីការបន្តពូជដោយរ៉ូបូតស្វ័យប្រវត្តិទាំងស្រុង របស់​អ្នក​វិទ្យា​សាស្ត្រ​ចិន

ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន ថ្មីៗនេះ បាន​អភិវឌ្ឍ​យន្តការ​បន្ត​ពូជ​ជ្រូក​តាមបែប​សិប្បនិម្មិត និង​ស្វ័យប្រវត្តិ​ទាំងស្រុង​តាមរយៈ​ការប្រើប្រាស់​រ៉ូ​បូត ដែល​នេះ​អាចជួយ​ឱ្យ​ប្រទេស​ដែល​បរិភោគ​សាច់ជ្រូក​ច្រើនជាងគេ​ក្នុង​ពិភពលោក កាត់បន្ថយ​ការពឹង​ផ្អែកលើ​ពូជ​ជ្រូក​នាំចូល។

យោងតាម​សារព័ត៌មាន​ចិន ក្រុម​អ្នកស្រាវជ្រាវ​របស់​សាស្ត្រាចារ្យ Zhao Xin នៃ​សាកលវិទ្យាល័យ Nankai រួម​នឹង​វិទ្យាស្ថាន​បសុសត្វ និង​បសុពេទ្យ នៃ សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​កសិកម្ម Tianjin បាន​អភិវឌ្ឍ​ដោយ​ជោគជ័យ​នូវ​យន្តការ​បន្ត​ពូជ​ជ្រូក​បែប​សិប្បនិម្មិត និង​ស្វ័យប្រវត្តិ​ទាំងស្រុង ដោយ​ការប្រើប្រាស់​រ៉ូ​បូត និង​បាន «បន្ត​ពូជ» ដោយ​ជោគជ័យ​ទៅលើ​សត្វ​ជ្រូក Landrace ចំនួន ៧ ក្បាល កាលពី​ថ្ងៃទី ៣១ មីនា ២០២២។

ជ្រូក​មេ​ធម្មតា​មួយ​ក្បាល​បាន «ពពោះ​ជំនួស» ក្នុង​រយៈពេល ១១០ ថ្ងៃ ហើយ​បង្កើតបាន​កូនជ្រូក ៧ ក្បាល។ ទាំងនេះ​គឺជា​កូនជ្រូក​ដែល​ត្រូវបាន​បន្ត​ពូជ​ដោយ​ស្វ័យប្រវត្តិ និង​ដោយ​មិនត្រូវ​ការ​ឈ្មោល​ដំបូង​គេ​ក្នុង​ពិភពលោក។

លទ្ធផល​នៃ​ការស្រាវជ្រាវ​បង្ហាញថា ចំនួន​កូនជ្រូក​ក្នុង​មួយ​សម្បុក​ដែល​ជ្រូក​មេ «ពពោះ​ជំនួស» ដោយ​យន្តការ​ស្វ័យប្រវត្តិ​បាន​បង្កើត បាន​កើន​ដល់ ៨ ក្បាល ស្មើនឹង​ជាង ៦០% ធៀប​នឹង​មធ្យមភាគ​មិន​ដល់ ៥ ក្បាល​ក្នុង ១ សម្បុក​ដែល​បង្កើត​ដោយ​ការបន្ត​ពូជ​សិប្បនិម្មិត​ធម្មតា។

ជ្រូក​បន្ត​ពូជ​ដោយ​រ៉ូ​បូត​ស្វ័យប្រវត្តិ​សម្បុក​ដំបូង​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​ខាងលើ បច្ចុប្បន្ន​ត្រូវបាន​ដាក់ឱ្យ​ចិញ្ចឹម​ក្នុង​កសិដ្ឋាន។ ៩ ក្នុងចំណោម​កូនជ្រូក ១៣ ក្បាល ដែល​បង្កើត​ដោយ​យន្តការ​បន្ត​ពូជ​ដោយ​រ៉ូ​បូត​ស្វ័យប្រវត្តិ មាន​សុខ​ភាពល្អ និង​ត្រូវបាន​រក្សា​ទុកជា​ជ្រូក​ពូជ ដែល​នេះ​បង្ហាញថា អត្រា​ជ្រើសរើស​ពូជ​ដែល​សម្រេចបាន​គឺ​កើន​ដល់ ៦៩% ខ្ពស់ជាង​ទ្វេដង ធៀប​នឹង​អត្រា ៣៥% នៃ​ការ​រក្សាទុក​ជ្រូក​ពូជ​ធម្មតា។

Advertisement