ក្រសួងពាណិជ្ជកម្ម ថា កុំ​បារម្ភ​រឿង​អង្ករ​ឡើង​ថ្លៃ​ ខណៈ UN ព្រមាន​ថា ពិភពលោក​អាច​នឹងខ្វះ​ស្បៀងអាហារ​នាពេលឆាប់ៗនេះ

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កម្ពុជា និង លោក David Beasley នាយកប្រតិបត្តិនៃកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់ UN

ក្រសួងពាណិជ្ជកម្ម របស់ កម្ពុជា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ កុំ​ព្រួយបារម្ភ​រឿង​អង្ករ​ឡើងថ្លៃ ដោយសារ​មាន​ក្រុមហ៊ុន​នៅក្នុង​ស្រុក​អាច​ផ្គត់ផ្គង់​តាម​តម្រូវការ​បាន​គ្រប់គ្រាន់ អាចជួយ​រក្សា​តម្លៃនៅលើទីផ្សារ​ឱ្យនៅ​ថេរ។

ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី «សមិទ្ធផល​សម្រេចបាន​រយៈពេល ៥ ឆ្នាំកន្លងមក របស់​ក្រសួងពាណិជ្ជកម្ម» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី ២១ កក្កដា ឯកឧត្តម ប៉ែន សុ​វិជាតិ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែងថា តម្លៃ​អង្ករ និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន គឺ​គ្មាន​ការឡើង​ថ្លៃ​ឡើយ ដោយសារតែ កម្ពុជា មានការ​បម្រុង​ទុក​ស្រូវ​អង្ករ​សម្រាប់​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស។ លោក​បន្តថា ជាង​នេះ កម្ពុជា ក៏​សល់​ស្រូវ​អង្ករ​ដែល​អាច​នាំ​ចេញទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​ផងដែរ។

«វិស័យ​ឯកជន​ក៏​អាច​នឹង​រួមចំណែក​ជាមួយ នឹង​ក្រសួង នៅក្នុង​ការប្រឹងប្រែង​កាត់បន្ថយ​ថ្លៃ​ដែល​ធ្វើឱ្យ​ថ្លៃ​លក់​នោះ​អាច​ស្ថិតនៅក្នុង​លំដាប់​មួយ ឬក៏​កម្រិត​មួយ​ដែល​ទទួលយកបាន ទាំង​អ្នក​ផលិត​ទាំង​អ្នកប្រើប្រាស់» ឯកឧត្តម ប៉ែន សុ​វិជាតិ បញ្ជាក់បន្ថែម។

ប្រសាសន៍​របស់ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ត្រូវបាន​លើកឡើង​នៅក្នុង​គ្រា​ដែល​ទំនិញ​ច្រើន​មុខ​នៅក្នុង​ទីផ្សារ​បាន និង​កំពុង​ឡើងថ្លៃ​ជា​បន្តបន្ទាប់ ពិសេស​គឺ​ទំនិញ​ដែល​ចាំបាច់​ក្នុងការ​ប្រើប្រាស់​ប្រចាំថ្ងៃ ធ្វើឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​មានការ​ព្រួយបារម្ភ​ខ្លាំង។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ អង្គការសហប្រជាជាតិ (UN) បាន​ព្រមាន​អំពី​បញ្ហា​ផ្គត់ផ្គង់​ស្បៀងអាហារ​ជា​បន្តបន្ទាប់។ លោក David Beasley នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP) របស់ UN បាន​ព្រមាន​ថា នៅក្នុង​រង្វង់​ពី ៦ ទៅ ១២ ខែ​ទៀត ពិភពលោក​នឹង​ជួប​ការលំបាក​ខ្លាំង​ដោយសារតែ​តម្លៃ​ស្បៀងអាហារ​កើនឡើង​ខ្ពស់ ដែល​ដើមហេតុ​បណ្ដាលមកពី​វិបត្តិ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។ លោក David Beasley បន្តថា ក្រោយមកទៀត បើសិន​វិបត្តិធំៗក្នុង​ពិភពលោក​នាបច្ចុប្បន្ន​មិន​ត្រូវបាន​ដោះស្រាយ នោះ​ពិភពលោក​អាច​ធ្លាក់​ទៅក្នុង​ស្ថាន​ភាពខ្វះ​ស្បៀងអាហារ​ពិតប្រាកដ៕

Advertisement