កសិដ្ឋាន​ឈរ​ត្រង់​បំពាក់​បច្ចេកវិទ្យា​ខ្ពស់ ដាំ​បន្លែ​បាន​ជាង ៩០០ តោន​ជា​រៀងរាល់ឆ្នាំ

(អេ​មី​រ៉ា​ត​អារ៉ាប់​រួម/UAE)-កសិដ្ឋាន Emirates Crop One មាន​ទំហំ​ប្រហែល ៣០,៦៥០ ម៉ែត្រក្រឡា និង​អាច​សន្សំសំច័យ​ទឹកបាន ២៥០ លាន​លីត្រ​ជា​រៀងរាល់ឆ្នាំ ធៀប​នឹង​ការដាំ​បន្លែ​នៅ​លើដី​ខាងក្រៅ​ផ្ទះ​តាមបែប​ប្រពៃណី។

កសិដ្ឋាន​ឈរ​ត្រង់​គឺជា​ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធ​ផាព ជួយ​កាត់បន្ថយ​វិបត្តិ​កង្វះ​ដី​ដាំ​ដុះ​នាបច្ចុប្បន្ន។ ក្រុមហ៊ុន Crop One Holdings (សហរដ្ឋ​អាម៉េរិក) និង​ក្រុមហ៊ុន Emirates Flight Catering (UAE) បាន​សហការគ្នា​សាងសង់​កសិដ្ឋាន​ឈរ​ត្រង់ Emirates Crop One នៅ ឌូ​បៃ ក្បែរ​ព្រលានយន្តហោះ​អន្តរជាតិ Al Maktoum។ កាលពី​ថ្ងៃទី ១៨ កក្កដា ក្រុមហ៊ុន​ទាំងពីរ​នេះ​បានប្រកាស​បើក Emirates Crop One ហើយ​បាន​ហៅ​វា​ថា​ជា «កសិដ្ឋាន​ឈរ​ត្រង់​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក»។

Emirates Crop One មាន​ផ្ទៃក្រឡា​ប្រហែល ៣០,៦៥០ ម៉ែត្រ និង​អាច​ផលិត​បន្លែ​បាន​ជាង ៩០០ តោន ជា​រៀងរាល់ឆ្នាំ។ ប្រភេទ​បន្លែ​ដែល​ដាំ​នៅក្នុង​កសិដ្ឋាន​នេះ​សុទ្ធតែ​ប្រកបដោយ​ភាព​អនាម័យ​ខ្ពស់ និង​មិនចាំបាច់​លាង​សម្អាត ព្រោះថា ពុំមាន​ថ្នាំ​សម្លាប់​សត្វល្អិត ថ្នាំ​សម្លាប់​ស្មៅ ឬ​គីមី​ឡើយ។ Emirates Crop One ប្រើប្រាស់​ទឹក​តិចជាង ៩៥% ធៀប​នឹង​កសិដ្ឋាន​បែប​ប្រពៃណី ហើយ​គ្រោង​នឹង​ផលិត​បន្លែ​បាន ៣ តោន​ជា​រៀងរាល់ថ្ងៃ។ កសិដ្ឋាន​នេះ​ក៏​ប្រើប្រាស់​ការរួម​ផ្សំ​រវាង​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI) និង​ការវិភាគ​ទិន្នន័យ​ដើម្បី​នាំមក​នូវ​ប្រសិទ្ធភាព​ខ្ពស់ជាង​មុន។

Emirates Crop One បំពាក់​ប្រព័ន្ធ​បង្ហូរទឹក​យ៉ាង​ស្អាត និង​អាថ៌កំបាំង បង្ហូរទឹក​ពី​បន្លែ​មួយ​ដើម ទៅ​បន្លែ​មួយ​ដើម​ទៀត ដើម្បី​ប្រើប្រាស់​ឱ្យមាន​ប្រសិទ្ធភាព។ ទឹក​ដែល​ហួត​ជា​ចំហាយ​ក្នុងពេល​ស្រោចស្រព​នឹងត្រូវ​បាន​ទាញយក កែច្នៃ និង​បញ្ជូន​ត្រលប់​ចូល​ប្រព័ន្ធ​វិញ ជួយ​សន្សំសំច័យ​បាន ២៥០ លាន​លីត្រ​ជា​រៀងរាល់ឆ្នាំ ធៀប​នឹង​ការដាំ​នៅ​ខាងក្រៅ​ផ្ទះ​តាមបែប​ប្រពៃណី។

បន្លែ​របស់ Emirates Crop One នឹង​ត្រូវបាន​ផ្គត់ផ្គង់​សម្រាប់​អតិថិជន​នៅលើ​ជើងយន្តហោះ​ដែល​ក្រុមហ៊ុន Emirates Flight Catering សហការ​ជាមួយ។ ក្រៅពីនេះ បន្លែ​របស់ Emirates Crop One ក៏​នឹងមាន​វត្តមាន​នៅក្នុង​ហាង​នានា​នៅក្នុង​ស្រុក​ដែលមាន​យីហោ Bustanica។

Craig Ratajczyk នាយក​ប្រតិបត្តិ​របស់ Crop One បានឱ្យដឹងថា «បេសកកម្ម​របស់​យើង​គឺ​កសាង​អនាគត​មួយ​ដែលមាន​ស្ថិរភាព​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ចំពោះ​អាហារ​ស្រស់ អាហារ​ក្នុងស្រុក ហើយ​កសិដ្ឋាន​បែប​ថ្មី​នេះ​ជួយ​បង្ហាញ​អំពី​ប្រការ​ទាំងនេះ។ កសិដ្ឋាន​ថ្មី​នេះ​ដើរតួនាទី​ដូច​ទៅនឹង​រូបភាព​គំរូ​មួយ​សម្រាប់​អ្វីដែល​អាចធ្វើ​ទៅរួច​នៅ​ពាសពេញ​ពិភពលោក»។

យោង​តាម​ Simpleflying កសិដ្ឋាន ​Emirates Crop One នេះ​ ត្រូវ​បាន​បោះ​ទុន​វិនិយោគ​ក្នុង​ទឹក​ប្រាក់​ប្រមាណ ៤០ លាន​ដុល្លារ​អាម៉េរិក៕

Advertisement