សហគមន៍​​កសិកម្ម​មួយ​នៅក្នុង​ខេត្ត សៀមរាប ចូល​រួម​ចំណែក​​ក្នុង​​ការ​ជួយ​​បណ្តុះ​បណ្តាល​​ជំនាញ​​កសិ​កម្ម​ និង​​រក​​ទីផ្សារ​​ជូន​​កសិករ

ស្ថិតនៅក្នុង​ស្រុក​ពួក ខេត្តសៀមរាប សហគម​ន៍​កសិកម្ម​អភិវឌ្ឍន៍​រីកចម្រើន បាន​ពង្រីក​សមាជិករ​បស់​ខ្លួន​បាន​ចំនួន ១០៤ នាក់ នៅក្នុង​ឆ្នាំ ២០២២ ដើម្បី​ពង្រឹងសមត្ថភាព​ផលិតផល​កសិកម្ម ឱ្យ​កាន់​តែមាន​គុណភាព និង​មាន​ការជឿ​ង​ជាក់ ពី​សំណាក់​អតិថិជន។

យោងតាម លោកស្រី រិ​ន រាន សហគមន៍​​កសិកម្ម​អភិវឌ្ឍន៍​រីកចម្រើន ត្រូវបាន​បង្កើតឡើង​ក្នុង​បំណង ប្រមូលផ្តុំ​កម្លាំង​ផលិត និង​ពង្រឹងសមត្ថភាព​ផលិតកម្ម​កសិកម្ម កសិឧស្សាហកម្ម សិប្បកម្ម​កែច្នៃ សេវាកម្ម ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម លើកកម្ពស់​ទិន្នផល បរិមាណ និង​គុណភាព ការពារ​តម្លៃ​ផលិតផល​កសិកម្ម ដែល​ប្រជាពលរដ្ឋ​ផលិត​បាន ព្រមទាំង​លើកកម្ពស់​ផលប្រយោជន៍​ប្រជាន​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន ជាពិសេស​ធ្វើការ​បណ្តុះបណ្តាល​ជំនាញ និង​បច្ចេកទេសផ្នែក​កសិកម្ម និង​ជួយ​រក​ទីផ្សារ​ជូន​សមាជិក​នៅក្នុង​សហគម។

នៅក្នុង​សហគមន៍​​កសិកម្ម​អភិវឌ្ឍន៍​រីកចម្រើន មានការ​បែង​ជា​ក្រុម​តាម​ប្រភេទ​ផលិតផល ដូចជា អ្នក​ដាំ​បន្លែ អ្នក​ចិញ្ចឹមសត្វ និង​ក្រុម​អ្នកធ្វើ​វត្ថុ​អនុស្សាវរីយ៍ផ្សេង។

សហគម​ន៍​កសិកម្ម​អភិវឌ្ឍន៍​រីកចម្រើន ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ ២០១៨ ដោយ​ផ្តើមចេញពី​ក្រុម​ជួយ​ខ្លួនឯង ចំនួន ៧ ភូមិ​គោលដៅ ស្ថិតនៅក្នុង​ឃុំ​ត្រី​ញ័រ និង​ឃុំ​ល្វា នៃ​ស្រុក​ពួក។ បច្ចុប្បន្ន សហគមន៍​​នេះ​មាន​សមាជិក​ចំនួន ១០៤ នាក់ ក្នុងនោះ​ស្ត្រី​ចំនួន ៨៩ នាក់ នេះ​បើតាម លោកស្រី រិ​ន រាន មកពី​ផ្នែក​ទីផ្សារ​នៃ​សមាគម​នេះ៕

Advertisement