អង្ករ​ថៃ ក្លាយជា​កសិផល​ដែល​ត្រូវបាន​លក់​ក្នុងតម្លៃ​ថ្លៃ​ជាងគេ​នៅ​​ក្នុង​ពិភពលោក

ក្នុង​រយៈពេល​ច្រើន​ខែ​មកនេះ អង្ករ​របស់ ប្រទេស​ថៃ បាន​ឡើងថ្លៃ​ជា​បន្តបន្ទាប់ ខណៈដែល​អង្ករ​របស់​បណ្ដា​ប្រទេស​ដទៃ កំពុង​ប្រកួតប្រជែង​តម្លៃ។

ក្រោយពី​បាន​រក្សា​តម្លៃ​ទាប​ជាង​អង្ករ​របស់​ប្រទេស​ដទៃ​ពី ១០ ទៅ ២០ ដុល្លារ/តោន អស់​រយៈពេល​ជា​យូរ តម្លៃ​អង្ករសំរូប​ដែល​នៅ​កន្ទក់ ១០០% របស់ ប្រទេស​ថៃ មានតម្លៃ ៤២០ ដុល្លារ/តោន កើន ១០ ដុល្លារ/តោន ធៀប​នឹង ១០ ថ្ងៃ​មុននេះ ខណៈដែល​អង្ករសំរូប​មាន​កន្ទក់ ៥% មានតម្លៃ ៤១០ ដុល្លារ/តោន កើន ១០ ដុល្លារ/តោន និង​អង្ករ​កន្ទក់ ២៥% មានតម្លៃ ៣៩៤ ដុល្លារ/តោន កើន ៣ ដុល្លារ/តោន។

សមាគម​អ្នក​នាំចេញ​អង្ករ​របស់ ប្រទេស​ថៃ បានឱ្យដឹងថា មូលហេតុ​ដែលនាំឱ្យ​តម្លៃ​អង្ករ​របស់​ប្រទេស​នេះ​កើនឡើង​ខ្ពស់​ដូច្នេះ គឺ​ដោយសារ​រូបិយប័ណ្ណ​បាត​ថៃ ធ្លាក់​ថ្លៃ ធៀប​នឹង​ប្រាក់​ដុល្លារ​អាម៉េរិក។ ម្យ៉ាងទៀត ការដែល​អង្ករ​ថៃ បាន​ធ្លាក់​ថ្លៃ​ក្នុង​ខែកក្កដា ក៏​នាំឱ្យ​វា​មាន​សមត្ថភាព​ប្រកួតប្រជែង​ខ្ពស់ ជួយ​ឱ្យ​ការបញ្ជាទិញ​មានការ​កើនឡើង។

យោងតាម សមាគម​អ្នក​នាំចេញ​អង្ករ​របស់ ប្រទេស​ថៃ ទិន្នផល​ស្រូវ​បាន​ប្រសើរឡើង​នៅក្នុង​បណ្ដា​ប្រទេស​ដែល​នាំចេញ​អង្ករធំៗដូចជា ឥណ្ឌា និង ប៉ា​គី​ស្ថាន ជាដើម ក៏​ឱ្យ​ពួកគេ​បង្កើន​ការប្រកួតប្រជែង​ដោយ​លក់​កសិផល​នេះ​ក្នុងតម្លៃ​ទាប។

ប្រទេស​ថៃ កំពុង​ឈរលើ​កំពូល​តារាង​នៃ​បណ្ដា​ប្រទេស​ដែល​នៅសល់​អង្ករ​ច្រើនជាងគេ ដូច្នេះ​ការដែល​អង្ករ​របស់​ប្រទេស​នេះ​ខ្ពស់​ជាងគេ ត្រូវបាន​ព្យាករ​ថា នឹងមិន​ស្ថិតនៅ​បានយូរ​ឡើយ ព្រោះតែ​ក្រុម​អ្នកជំនួញ​កំពុង​ស្វែងរក​វិធី​ដើម្បី​លក់​អង្ករ​ដែល​កំពុង​នៅសល់​ក្នុង​ឃ្លាំង៕

Advertisement