ការនាំចេញ​អង្ករ​របស់ កម្ពុជា នឹង​កើនឡើង​ខ្ពស់​នៅ​ចុងឆ្នាំ​នេះ

ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា រំពឹងថា ការនាំចេញ​អង្ករ​របស់ កម្ពុជា នៅ​ចុង​ឆ្នាំនេះ នឹងមាន​ការកើនឡើង​ទៅតាម​ផែនការ ពោលគឺ​កើនឡើង​ចន្លោះ​ពី ៧៥ ម៉ឺន ទៅ ៨០ ម៉ឺន​តោន។

ចាប់ពី​ខែសីហា​នេះ រហូតដល់​ខែធ្នូ ២០២២ ការនាំចេញ​អង្ករ​របស់ កម្ពុជា នឹងមាន​កំណើន​ងើបឡើង​វិញ ដោយសារ​ថា នៅក្នុង​ឆ្នាំ ២០២២ នេះ សហព័ន្ធ​ស្រូវ​អង្ករ បានកំណត់​ផែនការ​សកម្មភាព នៃ​ការនាំចេញ​អង្ករ​ឱ្យបាន​ចន្លោះ​ពី ៧៥ ម៉ឺន ទៅ ៨០ ម៉ឺន​តោន ដែល​នេះ​គឺជា​ការស្តារ​ស្ថានភាព​មួយ​ដ៏​ធំ បន្ទាប់ពី កម្ពុជា បាន​ជួប​ឧបសគ្គ​មួយចំនួន​ទាក់ទិន​នឹង​ការនាំចេញ​អង្ករ​នាពេល​កន្លងមក។ នេះ​បើតាម លោក​ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។

ក្នុង​រយៈពេល ៧ ខែ​នៃ​ឆ្នាំ ២០២២ កម្ពុជា បាន​នាំចេញ​អង្ករ​ចំនួន ៣៥០,៩០២ តោន ស្មើនឹង ២១៨.១៧ លាន​ដុល្លារ​អាមេរិក តាមរយៈ​ក្រុមហ៊ុននាំចេញ​អង្ករ​ចំនួន ៥៣ ស្ថាប័ន ទៅកាន់​ប្រទេស​ចំនួន ៥៦ ក្នុង​ពិភពលោក។ ទីផ្សារ​នាំចេញ​អង្ករ​ធំជាងគេ​របស់ កម្ពុជា នាបច្ចុប្បន្ន គឺ ប្រទេស​ចិន ដោយ​អង្ករ ១៦៩,៧៦៦ តោន តម្លៃ ៨៩.០៩ លាន​ដុល្លារ​អាម៉េរិក ស្មើនឹង ៤៨.៣៨% នៃ​ការនាំចេញ​អង្ករ​សរុប​របស់ កម្ពុជា ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​នេះ។

ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោកឧកញ៉ា សុង សារ៉ន

ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បញ្ជាក់ថា ក្នុង​រយៈពេល ៧ ខែ​នៃ​ឆ្នាំ ២០២២ នេះ ការនាំចេញ​អង្ករ​សរុប​មាន​កំណើន ១៣.២៤% ធៀប​នឹង​រយៈពេល ៧ ខែ​នៃ​ឆ្នាំ ២០២១។ ដូចនេះ លោក​ឧកញ៉ា រំពឹងថា ការនាំចេញ​អង្ករ​នៅ​ចុង​ឆ្នាំនេះ នឹងមាន​កំណើន​កើនឡើង​ខ្ពស់ ស្រប​ពេលដែល កម្ពុជា កំពុង​ពង្រីក​ទីផ្សារថ្មីៗបន្ថែមទៀត៕

Advertisement