ទិដ្ឋភាព​កសិដ្ឋាន​ផ្ទះកញ្ចក់​ទំនើប​ទំហំ​ ២៨០ ហិកតា​របស់ កូរ៉េខាងជើង

កសិដ្ឋាន​ផ្ទះកញ្ចក់​ទំនើប​ទំហំ​ ២៨០ ហិកតា ដែល​ស្ថិត​នៅ​លើ​អតីត​ទីតាំង​សម្រាប់​ការ​សាកល្បង​មីស៊ីល​ គឺជា​គំនិត​ផ្ដួច​ផ្ដើម​របស់​ អាជ្ញាធរ​កូរ៉េ​ខាងជើង​។

កសិដ្ឋាន​ផ្ទះកញ្ចក់​ទំនើប​ Ryonpho ស្ថិត​នៅ​​ក្នុង​ស្រុក Hamju ភាគ​ខាង​កើត​ប្រទេស​ ត្រូវ​បាន​សម្ពោធ​បើក​ដំណើរ​ការ​កាលពី​ថ្ងៃទី ១០​ តុលា ក្នុង​ឱ​កាស​ទិវា​បង្កើត​បក្ស​ពលករ​កូរ៉េខាងជើង​។

បក្ស​ពលករ​ របស់ កូរ៉េខាង​ជើង កំពុង​រៀង​ផែនការ​ «ម្ចាស់​ការ និង​ខិតខំ​ជំរុញ​ការ​អភិវឌ្ឍ​ជនបទ​ ដោយ​មាន​ផ្ទះកញ្ចក់​ Ryonpho ជា​និមិត្ត​រូប» លោក គីម ជុងអុន ថ្លែង​ដូច្នេះ​។

ប្រធាន​រដ្ឋ​កូរ៉េខាងជើង​ បាន​អំពាវនាវ​ឱ្យ​សាងសង់​កសិដ្ឋាន​ធំៗជា​ច្រើន​ទៀត​ និង​បង្កើន​ចំនួន​ប្រភេទ​បន្លែបង្ការ ធានា​ការ​ផលិត​ គ្រប់គ្រង​បែប​វិទ្យា​សាស្ត្រ  និង​ប្រើប្រាស់​បច្ចេកវិទ្យា​​ទំនើប​នៅ​តាម​កសិដ្ឋាន​។

Jungphyong ដែល​ជា​កសិដ្ឋាន​ដូច​ទៅ​នឹង​ Ryonpho ប៉ុន្តែ​មាន​ទំហំ​តូច​ជាង និង​ស្ថិត​ក្នុង​ស្រុក​ Kyonsong ភាគឦសាន​ប្រទេស​ គឺជា​ទម្រង់​ផ្ទះកញ្ចក់​ដំបូង​ដែល កូរ៉េខាងជើង បង្កើត​ឡើង​កាល​ពី​ឆ្នាំ​ ២០១៩​ ក្នុង​កិច្ច​ប្រឹងប្រែង​ «ខ្លួន​ទីពឹង​ខ្លួន» នៅ​ចំពោះ​មុខ​ទណ្ឌកម្ម​អន្តរជាតិ​ទាក់ទិន​នឹង​កម្មវិធី​អាវុធ​នុយក្លេអែរ របស់ ទីក្រុង​ព្យុងយ៉ាង​។

ក្នុង​កិច្ច​ប្រជុំ​កំណត់​គោល​នយោបាយ​សំខាន់​កាល​ពី​ខែ​ធ្នូ ២០២១ បក្ស​ពលករ​កូរ៉េខាងជើង បាន​ប្រកាស​ផែនការ​កែប្រែ​មូលដ្ឋាន​ទ័ព​អាកាស​ Ryonpho ឱ្យ​ទៅ​ជា​ «កសិដ្ឋាន​ស្វ័យ​ប្រវត្ត​កម្រិត​ខ្ពស់» អម​ជាមួ​យ​នឹង​គំរូ​ជនបទ​ថ្មី​ ដោយ​ចាត់​ទុក​ថា ទាំង​នេះ​គឺជា​អាទិភាព​ដំបូង​ដែល​ជួយ​លើក​កម្ពស់​ជីវភាព​ប្រជាជន។

លោក គីម ជុងអុន គឺជា​អ្នក​ផ្ដួច​ផ្ដើម​គំនិត​ក្នុង​ការ​អភិវឌ្ឍ​កសិដ្ឋាន​ទំនើប​នេះ​ ក្នុង​បំណង​បង្កើន​ប្រភព​ផ្គត់ផ្គង់​បន្លែ​បង្ការ​។ ក្នុង​ថ្ងៃ​ធ្វើ​ទស្សនកិច្ច​ លោក គីម បាន​កោត​សរសើរ​ចំពោះ​ទាហាន និង​កម្មករ​ដែល​សម្រេច​បាន​លទ្ធផល​ល្អ​ក្នុង​ការ​សាងសង់​​កសិដ្ឋាន​ Ryonpho ដោយ​ប្រើពេល​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​។

តំបន់​​កសិដ្ឋាន​ Ryonpho ធ្លាប់​ជា​ទីលាន​បាញ់​សាកល្បង​មីស៊ីល​ប្លោង​រយៈ​ចម្ងាយ​ខ្លី​ ក្នុង​នោះ​ក៏​មាន KN-25 ដែល​បាន​សាកល្បង​កាល​ពី​ខែ​វិច្ឆិកា ២០១៩​ និង​ KN-23 សាកល្បង​កាល​ពី​ឆ្នាំ​ ២០២១​។ ក្រៅ​ពី​កសិដ្ឋាន​ផ្ទះកញ្ចក់ តំបន់​ខាងលើ​នេះ​ក៏​មាន​ផ្ទះស្នាក់​នៅ សាលា​រៀន មជ្ឈមណ្ឌល​វប្បធម៌ និង​សេវាកម្ម​ចំនួន ១,០០០ ខ្នង​ផងដែរ​៕

Advertisement