ឧទ្យាន​ផ្ទះ​កញ្ចក់កសិកម្ម​ទំនើប​​មួយ​ផលិត​បន្លែ​បាន 3,600 តោន​ជា​រៀងរាល់ឆ្នាំ

Shouguang គឺជា​មជ្ឈមណ្ឌល​ផលិត និង​ចែកចាយ​បន្លែ​ធំជាងគេ​មួយ​នៅ ប្រទេស​ចិន ដោយមាន​ចំការ​បន្លែ​ផ្ទះ​កញ្ចក់​ទំនើប​ជាច្រើន។

នៅឯ​ឧទ្យាន​កសិកម្ម​ទំនើប​បែប​ថ្មី​នៅ​ទីក្រុង Shouquang ខេត្ត Shandong ប្រទេស​ចិន កសិករ​កំពុងតែ​ញាប់ដៃ​ញាប់ជើង​ក្នុងការ​បេះ​បន្លែ​ក្នុងផ្ទះ​កញ្ចក់។ Ma Xiuli ជា​កសិករ​ដាំ​បន្លែ​មួយរូប​និយាយថា «យើង​ប្រមូល​ផល​ប្រហែល 500 គីឡូក្រាម​ជា​រៀងរាល់ថ្ងៃ។ ពេលនេះ​ជា​ពេល​ប្រមូល​ផល​កម្រិត​ខ្ពស់។ បរិមាណ​បន្លែ​ក្នុងផ្ទះ​កញ្ចក់​របស់ខ្ញុំ ជា​មធ្យម​ពី 22,500 ដល់ 25,000 គីឡូក្រាម​ក្នុង​មួយឆ្នាំ»។

Shouguang គឺជា​មជ្ឈមណ្ឌល​ផលិត និង​ចែកចាយ​បន្លែ​ធំជាងគេ​មួយ​នៅ ប្រទេស​ចិន។ ឧទ្យាន​បែប​ទំនើប​ថ្មី​នេះ​មានផ្ទះ​កញ្ចក់​ប្រហែល 160 ខ្នង ផ្ដល់​ទិន្នផល​បន្លែ 3,600 តោន​ជា​រៀងរាល់ឆ្នាំ។

«ផ្ទះ​កញ្ចក់​របស់​យើង​មាន​សមត្ថភាព​គ្រប់គ្រង​សីតុណ្ហភាព​បានល្អ» លោក Li Guangju មកពី​មន្ទីរ​កសិកម្ម និង​ជនបទ​របស់​ក្រុង Shouquang ថ្លែង​ដូច្នេះ និង​បន្តថា «នៅពេល​សីតុណ្ហភាព​ខាងក្រៅ​ធ្លាក់ចុះ -13 ទៅ -14 អង្សា​សេ យើង​នៅតែ​អាច​កែប្រែ​កម្ដៅ​ខាងក្នុង​ពី 13 ដល់ 14 ឬ​ដល់​ទៅ 15 អង្សា​សេ​ក៏មាន»។

លោក Li Guangju បញ្ជាក់ថា សីតុណ្ហភាព​ដូចខាងលើ​អាច​ធានា​ចំពោះ​ការរីកលូតលាស់​របស់​តាសក់ផ្អរ ត្រប់ ប៉េងប៉ោះ​ជាដើម។ យោងតាម លោក Li Guangju មជ្ឈមណ្ឌល​ខាងលើ មាន​បំពាក់​ឧបករណ៍​ឆ្លាត​វៃ ដែល​ជួយ​បង្កើន​ទិន្នផល ក៏ដូចជា​គុណភាព​បន្លែ​ផងដែរ។

ដោយសារតែ Shouquang គឺជា​មជ្ឈមណ្ឌល​ផ្គត់ផ្គង់​បន្លែ​មួយ​ដ៏​សំខាន់​របស់ ប្រទេស​ចិន ដូច្នេះ អាជ្ញាធរ ក៏ដូចជា​កសិករ បាន និង​កំពុង​ខិតខំ​ធានា​ការផ្គត់ផ្គង់​បន្លែ​ឱ្យបាន​ទាន់ពេល​សម្រាប់​ទីផ្សារ​នានា​ក្នុងប្រទេស។

Zhang Linlin មកពី​នាយកដ្ឋាន​កសិក​ម្ម និង​ជនបទ​របស់​ទីក្រុង Shouquang ឱ្យដឹងថា Shouquang គឺជា​ដែនដី​កសិកម្ម​របស់ ប្រទេស​ចិន ដោយមាន​ផ្ទៃដី​ដាំ​ដុះ​សរុប 40,000 ហិកតា ដែល​ផ្ដល់​ទិន្នផល​ប្រចាំឆ្នាំ​ឡើងដល់ 4.5 លាន​តោន៕

Advertisement