ប្រទេស​ថៃ​អាច​បង្កើន​ការនាំ​ចូល​បង្គា​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ក្នុងស្រុក

ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែល​នាំចេញ​បង្គា​ច្រើនជាងគេ ប៉ុន្តែ​បច្ចុប្បន្ន បរិមាណ​បង្គា​របស់ ប្រទេស​ថៃ កំពុង​ថយចុះ​ខ្លាំង​ដោយសារ​ជំងឺ ដូច្នេះហើយ​ប្រទេស​នេះ​កំពុងតែ «គាំទ្រ» ដល់​បង្គា​ដែល​នាំចូល​ពី​បរទេស​ដើម្បី​ផ្គត់ផ្គង់​តាម​តម្រូវការ​ទីផ្សារ​ក្នុងស្រុក។

បរិមាណ​បង្គា​របស់ ប្រទេស​ថៃ កំពុងស្ថិត​ក្នុងដំណាក់កាល​ថយចុះ​ពាក់កណ្ដាល បើ​ធៀប​នឹង​បរិមាណ​ខ្ពស់បំផុត​ក្នុងឆ្នាំនេះ នៅពេល​ជំងឺ​បាន​បង្ក​ការខាតបង់​ដល់​កសិដ្ឋាន​នានា​របស់​ប្រទេស​នេះ ធ្វើឱ្យមាន​សម្ពាធ​ដល់​រដ្ឋាភិបាល​ក្នុង​ការធានា​ប្រភព​ផ្គត់ផ្គង់​សម្រាប់​អ្នកប្រើប្រាស់​ក្នុងប្រទេស និង​ការជួយ​ដល់​ប្រជាកសិករ​ដែល​ចិញ្ចឹម​បង្គា​ជា​លក្ខណៈ​គ្រួសារ។

បង្គា​គឺជា​ទំនិញ​សំខាន់​ខ្លាំង​សម្រាប់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ថៃ ដោយសារ​វា​មិន​ត្រឹមតែ​ជា​គ្រឿងផ្សំ​ចម្បង​សម្រាប់​មុខម្ហូប​ក្នុងស្រុក​ដូចជា​តុម​យ៉ាំ (Tom Yum) ជាដើម​នោះទេ ប៉ុន្តែ បង្គា​ក៏​ជា​កម្លាំង​ជំរុញ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ផងដែរ។

វិស័យ​ចិញ្ចឹម​បង្គា​នៅ ប្រទេស​ថៃ បាន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​មួយចំនួន​ដូចជា ជំងឺ​បង្គា​ឆាប់​ងាប់ (EMS – Early Mortality Syndrome) ជាដើម អស់​រយៈពេល​ជាង 10 ឆ្នាំ​មកហើយ។ បរិមាណ​បង្គា​របស់​ប្រទេស​នេះ​គ្រោង​នឹង​សម្រេច​បានតែ 270,000 តោន​ក្នុង​ឆ្នាំ 2022 ថយចុះ​ច្រើន​ធៀប​នឹង​ជាង 600,000 តោន​កាលពី​ឆ្នាំ 2021។

គិត​ត្រឹម​ឆ្នាំ 2012 ប្រទេស​ថៃ​គឺជា​អ្នក​នាំចេញ​បង្គា​លំដាប់​កំពូល​របស់​ពិភពលោក ប៉ុន្តែ​បាន​ធ្លាក់​មក​នៅក្រោម ឥណ្ឌា និង អេក្វាទ័រ ចាប់ពី​ឆ្នាំ 2016។

កាលពី​ខែសីហា 2022 រដ្ឋាភិបាល​ប្រទេស​ថៃ បានសម្រេច​ឱ្យ​នាំចូល​បង្គា​ប្រហែល 10,000 តោន​ពី ប្រទេស​អេក្វាទ័រ និង ឥណ្ឌា ដើម្បី​ទប់ទល់​នឹង​ស្ថាន​ភាពខ្វះ​ប្រភព​ផ្គត់ផ្គង់​ក្នុងស្រុក។ ទន្ទឹមនឹងនេះ អាជ្ញាធរ​ថៃ ក៏បាន​កំណត់​គោលដៅ​ផលិត​បង្គា​ឱ្យបាន 400,000 តោន​ជា​រៀងរាល់ឆ្នាំ គិត​ចាប់ពី​ឆ្នាំក្រោយ៕

Advertisement