ទិដ្ឋភាព​ប្រជា​នេសាទ​ចាប់​ត្រី 1.5 គីឡូក្រាម​ពី​បឹង​ទឹកកក (វីដេអូ)

សកម្មភាព​ចាប់​ត្រី​នៅ​រដូវរងា​កំពុង​ប្រព្រឹត្តទៅ​យ៉ាង​ផុសផុល​លើ​ផ្ទៃ​បឹង Chagan ដែលជា​ទីលាន​ចាប់​ត្រី​ប្រពៃណី​នៅ​ខេត្ត Jilin ភាគ​ឦសាន​ប្រទេស​ចិន។

ប្រជា​នេសាទ​រស់នៅ​ជុំវិញ​បឹង Chagan (ដែលមាន​ទំហំ 500 គីឡូម៉ែត្រ​ក្រឡា និង​ជា​បឹង​ទឹកសាប​ធំជាងគេ​មួយ​នៅ​ប្រទេស​ចិន) បាន​ថែរក្សា​ប្រពៃណី​ចាប់​ត្រី​នៅលើ​ទឹកកក​អស់​រយៈពេល​ច្រើន​សតវត្សរ៍​មកហើយ។ សកម្មភាព​នេះ​ត្រូវបាន​ដាក់​បញ្ចូល​ទៅក្នុង​បេតិកភណ្ឌ​វប្បធម៌​អរូបី​ថ្នាក់ជាតិ​របស់ ប្រទេស​ចិន។

ដូច​រាល់​ឆ្នាំ រដូវ​ចាប់​ត្រី​ខាងលើ​នៅ​ឆ្នាំនេះ​ចាប់ផ្ដើម​ពី​ពាក់កណ្ដាល​ខែធ្នូ នៅពេល​ផ្ទៃ​ទឹក​បឹង​បាន​កក​កម្រាស់​ប្រហែល 45 សង់ទីម៉ែត្រ ហើយ​គ្រោង​នឹង​អូសបន្លាយ​ដល់​ចុងខែ​កុម្ភៈ 2023។ ក្នុង​រយៈពេល​ជាង 10 ថ្ងៃ​កន្លង ក្រុម​អ្នកនេសាទ​បានដាក់​សំណាញ់​ទ្រង់ទ្រាយ​ធំ​នៅ​ទីតាំង​ទឹក​ជ្រៅ​របស់​បឹង។

ក្រុមនីមួយៗរួមមាន​ប្រធាន 1 នាក់, អ្នកនេសាទ 1 ក្រុម និង​សេះ​ច្រើន​ក្បាល។ ប្រធាន​ក្រុម​គឺជា​អ្នកនេសាទ​ជើងចាស់។ ក្រោយពី​ទៅដល់​បឹង​ប្រហែល​ម៉ោង 4 ទៀបភ្លឺ ពួកគេ​ចាប់ផ្ដើម​ធ្វើការ​ទៅតាម​ការណែនាំ​របស់​ប្រធាន។ បច្ចេកទេស​ចាប់​ត្រី​នៅ​បឹង Chagan រួមមាន 4 ដំណាក់កាល​សំខាន់ គឺ​ពិនិត្យមើល​ស្ថានភាព​ទឹកកក ខួង​ទម្លុះ​ទឹកកក ដាក់​សំណាញ់ចុះ​ក្រោម​ទឹកកក និង​ទាញ​សំណាញ់ឡើងវិញ។

នៅពេល​បញ្ចប់​រដូវ​ចាប់​ត្រី​ឆ្នាំនេះ​នៅ Chagan បរិមាណ​ត្រី​ដែល​ចាប់បាន ត្រូវបាន​ព្យាករ​ថា អាច​ឡើង​រហូតដល់ 1.5 លាន​គីឡូក្រាម ប៉ុន្តែ​នេះ​មិនទាន់​ស្មើនឹង 1% ធៀប​នឹង​បរិមាណ​ត្រី​សរុប​នៅក្នុង​បឹង​នេះ។ ចាប់ពី​ឆ្នាំ 1992 ក្រុម​អ្នកនេសាទ​បាន​ព្រលែង​ត្រី​ប្រហែល 10 លាន​ក្បាល​ទៅក្នុង​បឹង​នេះ​ជា​រៀងរាល់ឆ្នាំ​នៅ​រដូវ​ផ្កា​រីក និង​រដូវរំហើយ ដើម្បី​ប៉ះប៉ូវ​សម្រាប់​ត្រី​ដែល​ពួកគេ​បាន​ចាប់៕

Advertisement