ទីផ្សារ​ដំឡូងមី​ឆ្នាំទៅ​ ហាក់​ផ្តល់​ក្តី​សង្ឃឹម​ច្រើន​ដល់​កសិករ​

ផលិតផល​ដំឡូងមី​ ត្រូវ​បាន​ចាត់ទុកថា​ជា​កសិផល​សំខាន់​ និង​មានការ​ដាំដុះ​ច្រើនជាង​គេ​លំដាប់​ទី2​ បន្ទាប់ពី​ស្រូវ​នៅ​កម្ពុជា​ ហើយ​ទីផ្សារ​ដំឡូងមី​កាលពី​ឆ្នាំ2019​ កន្លងទៅ​ បាន​បង្ហាញ​នូវ​សញ្ញា​ល្អ​សម្រាប់​ប្រជាកសិករ​ ខណៈ​ដែល​តម្លៃ​មាន​ភាព​សមប្រកប​ជាង​ឆ្នាំទៅ​(2018​)។

ជាក់ស្តែង​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​និង​នេសាទ​ ឯកឧត្តម​ វេង​ សា​ខុន​ បានឱ្យ​ដឹង​តាមរយៈ​ទំព័រ​ហ្វេ​សប៊ុ​កផ្លូវការ​របស់​ឯកឧត្តម​កាលពី​ពេល​ថ្មី​ៗថា​ សមាជិក​សហគមន៍​កសិកម្ម​ផលិត​ដំឡូងមី​ចំនួន​ 8កន្លែង​ក្នុង​ខេត្តព្រះវិហារ​ កំពុង​មមាញឹក​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រមូល​ផលដំណាំ​ដំឡូងមី​ លក់​ជូន​ក្រុមហ៊ុន​តាម​កិច្ចសន្យា​ ដោយ​ភាព​សប្បាយរីករាយ​។

ឯកឧត្តម​ វេង​ សា​ខុន​ បាន​បញ្ជាក់​បន្ត​ថា​ តម្លៃ​ទីផ្សារ​ដំឡូងមី​ក្នុង​ខេត្តព្រះវិហារ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លងទៅ​ និង​ផ្តល់​ក្តី​សង្ឃឹម​ច្រើន​ដល់​កសិករ​។ ជាង​នេះ​ទៀត​ ឯកឧត្តម​ក៏បាន​បង្ហាញ​នូវ​ទស្សនៈ​សុទិដ្ឋិនិយម​ចំពោះ​សារៈសំខាន់​នៃ​វិស័យ​ដំឡូងមី​នៅ​កម្ពុជា​ ដោយ​ការ​រីកចម្រើន​នៃ​វិស័យ​ដំឡូងមី​នឹង​រួមចំណែក​លើកកម្ពស់​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន ហើយ​ប្រទេស​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​នាំចេញ​ដំឡូងមី​ដែល​អាច​ទុកចិត្ត​បាន​ទៅកាន់​ទីផ្សារ​ពិភពលោក​។

ទាក់ទិន​នឹង​ការ​លើកឡើង​នេះ​ដែរ​ លោក​ លា​ ថេត​ ដែល​ជា​កសិករ​ដាំដំឡូង​មី​ មក​ពី​សហគមន៍​កសិកម្ម​ជាំ​ក្សាន្ត​ជាយដែន​ ខេត្តព្រះវិហារ​ បាន​រៀបរាប់​ប្រាប់​ថា​ ចំពោះ​ទីផ្សារ​ដំឡូងមី​នៅក្នុង​ឆ្នាំ​កន្លងទៅ​ ឃើញថា​ មានតម្លៃ​កើនឡើង​ជាង​ឆ្នាំ​មុន​ៗ

ដោយ​ដំឡូងមី​ស្រស់​ មានតម្លៃ​ថ្លៃ​ បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំមុន​។ លោក​ថា​ ឆ្នាំមុន​ ដំឡូងមី​ស្រស់​ 1គីឡូក្រាម​ តម្លៃ​តែ​ 340រៀល​ រី​ឯឆ្នាំ2019​ តម្លៃ​បាន​កើន​ដល់​ 370រៀល​។កសិករ​រូប​នេះ​ បានឱ្យ​ដឹង​ថា​ “ខ្ញុំ​មានការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ ចំពោះ​តម្លៃ​ដំឡូងមី​ស្រស់​ នៅ​ឆ្នាំ​2019​។

លទ្ធផល​នេះ​ គឺ​ដោយសារ​មានការ​យកចិត្ត​ទុកដាក់​ពី​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្តព្រះវិហារ​គ្រប់​ជាន់ថ្នាក់​ ជាពិសេស​លោក​ប្រធានមន្ទីរ​ ក្នុង​ការ​សហការ​ និង​ស្វះស្វែង​រក​ទីផ្សារ​កសិផល​ជូន​កសិករ​ក្នុង​ខេត្ត​ព្រះវិហារ​ ជាពិសេស​បង្កើត​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម​ ជាមួយ​ក្រុមហ៊ុន​ CACC​ និង​ក្រុមហ៊ុន​ដទៃទៀត​ និង​ដោយមាន​ការ​ខិតខំ​ប្រឹងប្រែង​របស់​កសិករ​របស់​យើង​ផង​ដែរ​”។

យោង​តាម​របាយការណ៍​បូកសរុប​លទ្ធផល​នៅ​ឆ្នាំ2019​ របស់ក្រ​សួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ពេល​ថ្មី​ៗនេះ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ ដំឡូងមី​ដែល​កម្ពុជា​ផលិត​បាន​សម្រាប់​នាំចេញ​នោះ​ មាន​ចំនួន​ជាង​ 3លាន​តោន​(3,310,092តោន​) ដោយ​ក្នុង​នោះ​មាន​ចំណិត​ដំឡូងមី​ 1,626,165តោន​) ដំឡូងមី​ស្រស់​ 1,608,450​តោន​ ម្សៅដំឡូង​មី​ 56,874តោន​ កាកសំណល់​ដំឡូងមី​ 18,602តោន​។របាយការណ៍​ដដែល​បាន​បន្ត​ថា​ ផលិតផល​ដំឡូងមី​នៅ​ឆ្នាំ2019​ កើនឡើង​ 26.66ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ2018​ ដែល​មាន​ចំនួន​ 2,613,220តោន​។

ចំណែក​ផ្ទៃដី​ដាំដុះ​ដំឡូងមី​នៅ​ឆ្នាំ2019​ វិញ​ មាន​ចំនួន​ 648,476ហិ​កតា​ ថយ​ចុះ0.57ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ2018​ ដែល​មាន​ជាង​ 65ម៉ឺន​ហិ​កតា​។ ចំណែក​បរិមាណ​ផល​ដំឡូងមី​ ដែល​បាន​ពី​ផ្ទៃដី​ទាំងនេះ​ មាន​ចំនួន​ 14,590,710តោន​ កើនឡើង​ 6.11ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ2018​ ដែល​មាន13,750,076តោន​។យ៉ាងណាក្ដី​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ឯកឧត្តម​ វេង​ សា​ខុន​ ក៏បាន​បង្ហាញ​ឱ្យ​ដឹង​ដែរ​ថា​ សម្រាប់​ឆ្នាំ2019​ កន្លងទៅ​ កម្ពុជា​ទទួល​បាន​ប្រាក់ចំណូល​សរុប​ជាង​ 412លាន​ដុល្លារ​អាមេរិក​ ពី​ការនាំចេញ​ផលិតផល​ដំឡូងមី​ទៅកាន់​ទីផ្សារ​អន្តជាតិ​៕

Advertisement