ដំណាំត្រកួន ងាយដាំ ងាយបានផល តែមានផលប្រយោជន៍ច្រើន

ត្រកួនជាប្រភេទបន្លែដែលងាយដាំ ងាយ​ថែទាំ ឆាប់ទទួលបានផល និងមានផលប្រយោជន៍ច្រើនសម្រាប់សុខភាព។ មិនថាមុខម្ហូបឆា សម្ល ជ្រក់ ឬធ្វើជាអន្លក់នោះទេ ត្រកួនអាចត្រូវបានគេច្នៃ និងចូលរួមចំណែកបង្កើនរសជាតិដល់ម្ហូបអាហារជាច្រើនសម្រាប់ប្រជាជនខ្មែរយើង។ ក្រៅពីនេះ ដំណាំប្រភេទនេះក៏មានតម្លៃគួរសម ហើយសំបូរទីផ្សារផងដែរ។

លោក ខ្នុរ ខាន់ កសិករដាំត្រកួននៅខេត្តកណ្តាលបានលើកឡើងថា ដំណាំត្រកួនជាដំណាំដែលមានប្រជាប្រិយភាព និងទទួលបានការគាំទ្រច្រើន​ពីប្រជាជនគ្រប់រូបនៅកម្ពុជា។ ផលដែលទទួលបានពីត្រកូនមិនសូវខ្វះទីផ្សារនោះទេ ព្រោះមានម៉ូយមកទទួលទិញដល់ផ្ទះតែម្តង ដែលសម្រាប់គ្រួសារគាត់ អាចទទួលបានចំណូលប្រមាណ 2 ទៅ3លានរៀល ក្នុងពេលប្រមូលផលម្តងៗលើផ្ទៃដីប្រមាណ 70អាដែលគាត់បានដាំដុះ។

ចំពោះវិធីដាំវិញ គឺមានលក្ខណៈងាយស្រួលបំផុត ហើយក៏មិនលំបាកថែទាំដែរ។ ដំបូងកគ្រាន់តែភ្ជូររាស់ ឬកាប់ឆាយជារងទុកចោលរយៈពេល 2ថ្ងៃដើម្បីឱ្យងាប់ស្មៅ ឬសម្លាប់មេរោគនៅក្នុងដី។ ក្រោយលើករងហើយ គ្រាន់តែព្រួសគ្រាប់ត្រកូនដែលទិញពីផ្សារ និងស្រោចទឹកមួយថ្ងៃ 3ដងសម្រាប់រដូវប្រាំង ឬទុកឱ្យត្រូវទឹកភ្លៀងធម្មតាសម្រាប់រដូវវស្សារង់ចាំរហូតដល់រយៈពេល 18ថ្ងៃនឹងទទួលបានផលជាក់ជាមិនខាន។

ក្រោយពេលត្រកូនដុះហើយ អ្នកដាំគ្រាន់តែឧស្សាហ៍មើលថែទាំចំពោះគុណភាពដី និងដកស្មៅ ឬរុក្ខជាតិនានាដែលរំខានដល់ការលូតលាស់របស់ត្រូកួន នោះយើងនឹងអាចទទួលផលបានច្រើនដងលើដីដែលដាំលើកទី1នេះ។ ហើយដំណាំប្រភេទនេះមិនទាមទារឱ្យមានការថែទាំច្រើន ក៏វាដុះលូតលាស់ដោយខ្លួនឯងឡើងមកវិញដែរក្រោយពេលច្រូត ឬប្រមូលផលរួច។

សម្រាប់ទីផ្សារវិញឈ្មួញកណ្តាលដែលតែងតែប្រមូលទិញត្រកូនតាមផ្ទះយកទៅលក់នៅផ្សារ លោក ឆុំ បានប្រាប់អ្នកយកព័ត៌មានយើងថា ខុសពីដំណាំដទៃ ត្រកួនជាបន្លែដែលងាយលក់ ព្រោះវាត្រូវជាមួយនឹង​មុខម្ហូបច្រើនរបស់ខ្មែរយើង។ ក្រៅពីនេះចំពោះហាងឆេងតម្លៃវិញក៏ដូចគ្នា វាមានហាងឆេងល្អជាងបន្លែផ្សេងៗ ដោយបន្លែខ្លះឡើងចុះក្នុងរយៈពេលយូរ តែសម្រាប់ត្រកួនចុះថ្លៃមិនយូរទេ ហើយសម្រាប់រដូវប្រាំង ឬរដូវមិនសូវសំបូរទឹកវិញ តម្លៃត្រកួនកាន់តែឡើងខ្ពស់ថែមទៀត៕

Advertisement