ឆ្នាំនេះតម្លៃធុរេនកោះកុងមានហាងឆេងល្អជាងឆ្នាំមុន

ប្រជាកសិករនៅខេត្តកោះកុង ដែលបានដាំ​ដំណាំធុរេន ហាក់បង្ហាញភាពរីករាយនៅពេលប្រមូលផលក្នុងឆ្នាំនេះ ដោយសារតែតម្លៃធុរេនក្នុងស្រុកនាពេលបច្ចុប្បន្នមានតម្លៃល្អជាងឆ្នាំកន្លងទៅ។

កសិករដាំធុរេននៅស្រុកស្រែអំបិល លោក​​ សាយ សាវឿន ក្នុងទឹកមុខញញឹម រាប់ធុរេនបណ្តើររៀបរាប់ប្រាប់អ្នកយកយកព័ត៌មានយើងបណ្តើរថា ធុរេនជាប្រភេទផ្លែឈឺហូបផ្លែមួយប្រភេទដែលប្រជាជនខ្មែរយើង ក៏ដូចជាបណ្តាប្រទេសជិតខាងចូលចិត្ត ព្រោះវាមាន​ក្លិនឈ្ងុយ និងរស់ជាតិឆ្ងាយប្លែកពីដំណាំហូបផ្លែដទៃទៀត។ ដោយសារតែការដាំដំណាំធុរេននេះ លោកបានផ្លាស់ប្តូរជីវភាព​ពីលំបាកលំបិនកាលពីប៉ុន្មានឆ្នាំមុន មក​ទទួលបានចំណូលគួរសម​គ្រាន់ចិញ្ចឹមជីវិត និងឱ្យកូនបានរៀនសូត្រគ្រប់ៗគ្នានាពេលបច្ចុប្បន្ននេះ។

លោក សាវឿន រៀបរាប់បន្ថែមទៀតថា នៅក្នុងសហគមន៍របស់លោក មានអ្នកដាំធុរេនប្រហែល 40% ទៅ 50% ដោយសារតែស្ថានភាពដីនៅតំបន់នេះអំណោយផលជាមួយដំណាំធុរេន និងម្យ៉ាងវាជាប្រភេទផ្លែឈើដែលមានទីផ្សារ និងតម្លៃល្អផងដែរ។ សម្រាប់គ្រួសារលោក គឺមានដីប្រមាណ កន្លះហិកតា ដែលគាត់បាន​វាស់វែងដាំបាន 20ដើម ដោយទុកចន្លោះពីមួយដើម ទៅមួយដើមចម្ងាយ 10ម៉ែត្រ។ ចំពោះតម្លៃកូនធុរេនវិញ ក្នុងមួយដើមតម្លៃប្រហែលជា 2,5000រៀល ហើយសម្រាប់ទំហំដីរបស់លោកគឺត្រូវចំណាយអស់ប្រហែល 50ម៉ឺនរៀល។

បន្ទាប់ពីដាក់ដាំ និងមើលថែទាំយ៉ាងយកចិត្តទុកដាក់ រយៈពេលប្រមាណជា 6 ទៅ7ឆ្នាំ ទើបកសិករអាចប្រមូលផលមកវិញបាន ដោយ​ក្នុងមួយដើមនៅឆ្នាំនេះ​កសិករដាំធុរេន​អាចរកបានកម្រៃពី 500$ ទៅ 700$។ បើគិតតម្លៃរាយវិញ ក្នុងមួយគីឡូក្រាម កសិករអាចលក់ជូនអតិថិជនក្នុងតម្លៃ 3,5000រៀល។

ចំពោះវិធីមើលថែទាំធុរេនវិញ កសិករខាងលើបានបញ្ជាក់ថា ដំណាំប្រភេទនេះថ្វីត្បិតតែមានតម្លៃខ្ពស់​ និងទីផ្សារល្អ តែការមើលថែទាំក៏ត្រូវយកចិត្តទុកដាក់ខ្លាំងដែរ។ ចំណុចសំខាន់ដែលកសិករដាំធុរេនត្រូវតែដឹងគឺរក្សាសំណើមដីឱ្យបានល្អ ដោយចាំបាច់ត្រូវតែ​បូបទឹកស្រោយចដីឱ្យបានយ៉ាងហោចណាស់ 2ដងក្នុងមួយសប្តាហ៍ដើម្បីកុំឱ្យដីស្ងួត។ បន្ទាប់មកទៀតត្រូវប្រុងប្រយ័ត្នជាមួយនឹងជំងឺនានាដែលអាចធ្វើឱ្យធុរេន​ចេញទឹករលួយឬស និងគល់របស់វា។ ក្រៅពីនេះ មានរឿងលំបាកផ្សេងមួយទៀតគឺ រយៈពេលប្រហែលជា 10ឆ្នាំ ដំណាំធុរេននឹងចាប់ផ្តើម​មានរោគច្រើន ដោយដើមខ្លះមានរោគព្យាបាលមិនកើត ក៏ងាប់ទៅវិញក៏មាន៕

Advertisement